ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​វៀតណាមជំរុញសេដ្ឋកិច្ចពេលរាត្រី គ្រោងបង្កើតតំបន់កម្សាន្តបើកពេញ ២៤ម៉ោង​

3 ថ្ងៃ មុន

ប្រទេសវៀតណាម៖ អាជ្ញាធរទីក្រុងហាណូយ កំពុងពិចារណាបង្កើតតំបន់កម្សាន្តពិសេស ដែលអនុញ្ញាតឱ្យអាជីវកម្មដូចជា ខារ៉ាអូខេ ក្លឹបរាត្រី បារ ផាប់ និងកន្លែងកម្សាន្តផ្សេងៗ បើកដំណើរការ ២៤ម៉ោងក្នុងមួយថ្ងៃ ឬលើសម៉ោងអធ្រាត្រ ដើម្បីជំរុញសេដ្ឋកិច្ចពេលរាត្រី និងមានគោលដៅឱ្យវិស័យនេះរួមចំណែកប្រមាណ ៥% នៃផលិតផលសេដ្ឋកិច្ច​របស់ទីក្រុងនៅឆ្នាំ២០៣០។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress។

តាមផែនការ រដ្ឋបាលទីក្រុងហាណូយនឹងអភិវឌ្ឍតំបន់កម្សាន្ត និងវប្បធម៌ពេលរាត្រីនៅតំបន់សំខាន់ៗ បង្កើតផ្លូវទេសចរណ៍រាត្រី បង្ហាញអាហារ វប្បធម៌ និងបេតិកភណ្ឌ ព្រមទាំងពង្រីកម៉ោងដំណើរការរថភ្លើងក្រោមដី និងរថយន្តក្រុងនៅថ្ងៃចុងសប្ដាហ៍ និងថ្ងៃឈប់សម្រាក ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។

ក្រៅពីនេះ ទីក្រុងក៏មានផែនការរៀបចំព្រឹត្តិការណ៍កីឡា និងសិល្បៈពេលរាត្រី បង្កើតមជ្ឈមណ្ឌលច្នៃប្រឌិតថ្មី បំពាក់ភ្លើងលម្អតំបន់ទេសចរណ៍សំខាន់ៗ និងអភិវឌ្ឍផែនទីឌីជីថលសម្រាប់សេដ្ឋកិច្ចរាត្រី ដើម្បីទាក់ទាញភ្ញៀវទេសចរ និងបង្កើនសកម្មភាពសេដ្ឋកិច្ចរបស់ទីក្រុង៕