តំណាងអយ្យការចោទប្រកាន់ក្រុមបឹងកក់ និងក្រុមអេលៀនតាខ្មៅ ចំនួន២បទល្មើស ដាក់ជូនចៅក្រមឃុំខ្លួនបណ្តោះអាសន្ន
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ អយ្យការអសាលដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ ចេញសេចក្តីប្រកាសព័ត៌ មាន ស្តីពី ការចោទប្រកាន់ក្រុមក្មេងទំនើង២ក្រុម មានរហស្សនា មក្រុម បឹងកក់ (BK) និងក្រុមអេលៀនតាខ្មៅ ជាផ្លូវនិងបានចាត់ បញ្ជូនទៅចៅក្រមស៊ើបសួរ ដើម្បីសម្រេចឃុំខ្លួនក្មេងទំនើងទាំង ២ក្រុមនោះ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន។
អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ មានកិត្តិយ សសូមជម្រាបជូនសាធារណជនមេត្តជ្រាបថា ៖ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល១នឹង១០នាទី មានក្មេងទំនើងចំនួន២ក្រុម រហស្សនាម ក្រុមបឹងកក់ (BK) និងក្រុមអេលៀនតាខ្មៅ មានគ្នាប្រហែល៣០នាក់ ជិះម៉ូតូប្រហែលចំនួន ២០គ្រឿងប្រដាប់ដោយដាវចំនួន១ដើម នាំគ្នាជិះម៉ូតូដើរលេងនៅចំណុចច្រកសំណង់មិនរៀបរយ ផ្លូវ៦០ម៉ែត្រ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក៏ស្រាប់តែជួបជាមួយនឹងក្រុមក្មេងទំនើងមិនស្គាល់ឈ្មោះ មានគ្នាប្រហែលចំនួន១០នាក់ បានយកដុំថ្មគប់មកលើក្មេងទំនើងទាំងពីរក្រុមខាងលើ ទើបក្រុមក្មេងទំនើងរហស្សនាម ក្រុមបឹងកក់(BK) និងក្រុមអេលៀនតាខ្មៅ បាននាំគ្នាឈប់ម៉ូតូចុះរើសដុំថ្ម និងធ្វើសកម្ម ភាពដេញកាប់និងគប់ទៅលើក្រុមក្មេងទំនើងមិនស្គាល់ឈ្មោះនោះវិញ។
ក្រោយពីបានធ្វើសកម្មភាពរួច ក្មេងទំនើងទាំង២ក្រុម បាននាំគ្នាជិះម៉ូតូគេចខ្លួនបាត់។ រហូតមកដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល៣និង៣០នាទី កម្លាំងសមត្តកិច្ចបានធ្វើការស្រាវជ្រាវឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន៦ នាក់រួមមាន ៖
១.ឈ្មោះ លឹម សុវណ្ណារាជ ភេទប្រុស អាយុ១៥ ឆ្នាំ
២.ឈ្មោះ ចន្នី ដាបញ្ញាយុទ្ធ ភេទប្រុស អាយុ១៦ ឆ្នាំ
៣.ឈ្មោះ ទិត សុវណ្ណវិបុល ភេទប្រុស អាយុ១៦ ឆ្នាំ
៤.ឈ្មោះ សុខ ដា ភេទប្រុស អាយុ១៨ ឆ្នាំ
៥.ឈ្មោះ អឿន ដារីន ភេទប្រុស អាយុ១៦ ឆ្នាំ
៦.ឈ្មោះ ផេង គឹមហុង ភេទប្រុស អាយុ១៦ ឆ្នាំ។
ចំណែកឯបក្ខពួកផ្សេងទៀតដែលពាក់ពន្ធនឹងករណីខាងលើនេះ សមត្តកិច្ចកំពុងស្រាវជ្រាវបន្ត។
ក្រោយពីបានទទួល និងពិនិត្យលើសំណុំរឿងនេះ តំណាងអយ្យការសម្រេចចោទប្រកាន់លើជនសង្ស័យទាំង៦នាក់ និងបក្ខពួក ពីបទ.ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងបទ.សមគំនិតក្នុងអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅចំណុចច្រកសំណង់មិនរៀបរយ ផ្លូវ៦០ម៉ែត្រ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ បទល្មើសដែលមានបញ្ញបត្តិឲ្យផ្តន្ទាទោសតាមមាត្រា ២៩ និងមាត្រា ២១៨ នៃក្រមព្រហ្មទណ្ឌ។ អាស្រ័យដូចបានជម្រាបជូនខាងលើនេះ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មានតាមការគួរ ៕

ចែករំលែកព័តមាននេះ