ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរ! បុគ្គលិក​ធនាគារ​​១រូប ជួបគ្រោះអកុសល នៅផ្លូវជាតិ​លេខ៣

4 អាទិត្យ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖​ បុរស​ជា​បុគ្គលិក​ធនាគារ​អេ​ស៊ី​លី​ដា​ម្នាក់​បាន​ជិះ​ម៉ូតូ​វ៉ា​ជែង​កង់​បី​ជ្រុល​ទៅ​បុក​រថយន្តសណ្តោង​កុងតឺន័រ​ដែល​ឈប់​ចត​លើ​ផ្លូវ​បណ្ដាល​ឲ្យ​ជន​រង​គ្រោះ​ដួល​បោក​ស្លាប់​យ៉ាង​អាណោចអាធ័ម នៅ​វេលា​ម៉ោង​១០​និង​២០​នាទី​យប់ ថ្ងៃ​ទី​២២​ខែកក្កដា​ឆ្នាំ​២០២៦ ទល់មុខ​ភោជនីយដ្ឋាន សម្រស់​ទួល​កី ផ្លូវជាតិ​លេខ​៣ ភូមិ​ទួល​កី សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ។

​ជន​រង​គ្រោះ មានឈ្មោះ ស៊ីវ ច​ន្ថា ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ មុខរបរ​បុគ្គលិក ធនាគារ​អេ​ស៊ី​លី​ដា ស្នាក់​នៅ​បុរី​ពិភព​ថ្មី​គំរោង​១ សង្កាត់​កំ​បូល ខណ្ឌ​កំ​បូល ជិះ​ម៉ូតូ​ម៉ាក HONDA GIORNO ពណ៌​ស 1KU 8446 ជា​មធ្យោបាយ ។

ប្រភព​ព័ត៌មាន​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​បុរស​ម្នាក់​បើករថយន្តសណ្តោង​កុងតឺន័រ ម៉ាក hyundai ពណ៌​ស ពាក់​ស្លាក​លេខ កំពង់ស្ពឺ 3A 6676 បាន​បើក​ឈប់​អែម​កៀន​ផ្លូវ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៣​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ហើយ​អ្នកបើកបរ បាន​ចុះ​ទៅ​ញាំ​បាយ​ឆា​នៅ​ក្បែរ​នោះ គាប់​ជួន​ពេល​នោះ ស្រាប់តែ​បុរស​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ម៉ាក HONDA GIORNO ពណ៌​ស ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ស្របគ្នា ហើយ​បាន​វ៉ា​ជែង​កង់​បីមួយ​គ្រឿង​ខាងស្តាំ​ដៃ ធ្វើ​អោយ​ម៉ូតូ​ជ្រុល​ទៅ​បុក​ពីក្រោយ​រថយន្ត​កុងតឺន័រ​ទាំង​កំរោល បណ្ដាល​ឲ្យ​ម៉ូតូ​ខ្ទេច​ស្រុញ​ផ្នែក​ខាង​មុខ​គាប់​ជាប់​កន្ទុយ​រថយន្ត​កុងតឺន័រ និង​ធ្វើ​ឲ្យ​មនុស្ស​បែកក្បាល​ហូរ​ឈាម​ស្លាប់​ទាំង​មួក​សុវត្ថិភាព​យ៉ាង​អាណោចអាធ័ម ។ ដោយឡែក​ខាង​រថយន្ត​វិញ អ្នកបើកបរ​ឃើញ​ហេតុការណ៍​បែប​នេះ ក៍បាន​គេច​ចេញ​ទៅ​បាត់​តែ​ម្ដង ។

ក្រោយ​កើតហេតុ សមត្ថកិច្ច​បាន​ធ្វើ​លិខិត​ប្រគល់​សព​អោយ​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំនែក​មធ្យោបាយ​ទាំង​២​ ត្រូវបាន​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​វាស់វែង​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​រង​ចាំ​ដំណោះស្រាយនៅពេលក្រោយទៀត​ ៕