ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អាមេរិក​​ថា​រដ្ឋាភិបាល​របស់​ខ្លួន​បាន​ចំណាយ​ថវិកា​​៣៧,៥​ពាន់​លាន​ដុល្លារ​ទៅ​លើ​​សង្គ្រាម​អ៊ីរ៉ង់​

4 ម៉ោង មុន

ទី​ក្រុង​វ៉ាស៊ីនតោន៖ មន្ទី​បញ្ច​កោណ​ប៉ាន់​ប្រមាណ​ថា​អាមេរិក​​ត្រូវ​​ចំណាយ​លុយ​៣៧,៥​ពាន់​លាន​ដុល្លារ​ទៅ​លើ​សង្គ្រាម​អ៊ីរ៉ង់​​ចាប់តាំង​​ពី​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ​រហូត​មក​ដល់​ពេល​នេះ​។ រដ្ឋ​មន្ត្រីការ​ពារ​ជាតិ​អាមេរិក​ លោក​ភីត​ ហេក​សឹត​ បាន​ឡើង​និយាយ​ការ​ពារ​ចំណាត់​ការ​របស់​រដ្ឋាភិបាល​លោក​​ដែល​សម្រេច​ចិត្ត​ប្រឡូក​នៅ​ក្នុង​សង្គ្រាម​ដែល​ចំណាយ​ទឹក​ប្រាក់​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ដល់​ថ្នាក់​នេះ​។ ទន្ទឹម​នឹង​នោះ សមាជិក​ព្រឹទ្ធ​សភា​បាន​សួរ​សង្ខុញ​ទៅ​រដ្ឋាភិបាល​ថា​តើ​សង្គ្រាម​​វិវត្ត​ដល់​ណា​ហើយ​, តើ​សង្គ្រាម​នេះ​នឹង​ចំណាយ​លុយ​អស់​ប៉ុន្មាន​ទៀត​ទៅ​ថ្ងៃ​អនា​គត និង​ថា​តើ​មាន​ហេតុ​ផល​អ្វី​ដែល​ព្រឹទ្ធ​សភា​ត្រូវ​បោះឆ្នោត​អនុ​ម័ត​កញ្ចប់​ថវិកា​រាប់​ពាន់​លាន​ដុល្លារ​ដើម្បី​ឧបត្ថម្ភ​ការ​ដោះ​ស្រាយ​បញ្ហា​នៅ​ចំពោះ​មុខ​។

​កាល​ពី​ចុង​ខែ​មេសា លោក​ហេក​សឹត​បាន​បញ្ជូន​សំណើ​ទៅ​សភា​ថា​សង្គ្រាម​នេះ​ចំណាយ​អស់​២៥​ពាន់​លាន​ដុល្លារ​។ ដូច្នេះ បើ​ប្រៀប​ធៀប​ជា​មួយ​តួ​លេខ​ចុង​ក្រោយ​នេះ​ឃើញ​ថា​ខុស​គ្នា​ជាង​១២​ពាន់​លាន​ដុល្លារ​។ កាល​នោះ អាមេរិក និង​អ៊ីរ៉ង់​ជិត​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​ឈប់​បាញ់​គ្នា​ជា​បណ្ដោះ​អាសន្ន​។ ប៉ុន្តែ​ក្រោយ​មក សង្គ្រាម​ក៏​ផ្ទុះ​ឡើង​សា​ជា​ថ្មី​។ រដ្ឋាភិបាល​របស់​លោក​ត្រាំ​ក៏​កំពុង​ស្នើ​សុំ​ឱ្យ​សភា​អនុ​ម័ត​ថវិកា​៧០​ពាន់​លាន​ដុល្លារ​ទៀត​ដើម្បី​ឧបត្ថម្ភ​គាំទ្រ​ដល់​ប្រតិ​បត្តិ​ការ​សឹក​នៅ​អ៊ីរ៉ង់​ ទិញ​អាវុធ និង​ពន្លឿន​ការផលិត​ប្រព័ន្ធទំនើប​ៗ។ ​តប​ទៅនឹង​សំណួរ​របស់​ព្រឹទ្ធ​សមាជិក​អាមេរិក​ ឌីក​ដឺប៊ីន (Dick Durbin) លោក​ហេក​សឹត​ថ្លែង​ថា​ថ្លៃ​ចំណាយ​ផ្សេង​ៗ​អស់​ប្រហែល​៣៧,៥​ពាន់​លាន​ដុល្លារ​ទៅ​លើ​ប្រតិ​បត្តិ​ការ​, ការ​ថែ​ទាំ និង​ប្រាក់​ខែ​បេសក​កម្ម​របស់​យោធិន​រហូត​ដល់​ថ្ងៃ​ទី​៣០ ខែ​កញ្ញា​។​

លោក​ដឺប៊ីន​សួរ​បញ្ជាក់​ជា​ច្រើន​ដង​ថា​តើ​ការ​ផ្ទុះ​សង្គ្រាម​ឡើង​វិញ​រវាង​អាមេរិក​ និង​អ៊ីរ៉ង់​នឹង​ធ្វើ​ឱ្យ​ខ្ទង់​ចំណាយ​នេះ​កើន​ឡើង​ខ្ពស់​ជាង​នេះ​ ឬ​យ៉ាង​ណា​។ លោក​ហេក​សឹត​ឆ្លើយ​តប​ថា​ខ្ទង់​ចំណាយ​អាច​នឹង​ច្រើន​ជាង​នេះ​។ ប៉ុន្តែ​ចំណាយ​ចរន្ត​គឺ​៣៧,៥​ពាន់​លាន​ដុល្លារ​។ សំណើ​របស់​រដ្ឋាភិបាល​ក៏​បូក​បញ្ចូល​ទាំង​ថវិកា​៤៦​ពាន់​លាន​ដុល្លារ​ដើម្បី​ពង្រីកការ​ផលិត​អាវុធ​​​មាន​ប្រព័ន្ធ​នាំ​ផ្លូវ​​អាច​​វាយ​ប្រហារ​​​ចំ​គោល​ដៅ​បាន​ល្អ​, ​​គ្រាប់​មីស៊ីល​លឿន​ជាង​សំឡេង​, ប្រព័ន្ធ​ប្រឆាំង​ដ្រូន និង​គ្រាប់​រំសេវ​ចាំ​បាច់​ដទៃ​ទៀត​។ លោក​ហេក​សឹត​ថ្លែង​បន្ត​ទៀត​ថា​ទឹក​ប្រាក់​ទាំង​នោះ​នឹង​គាំទ្រ​ប្រតិ​បត្តិ​ការ​ដែល​បន្ត​ធ្វើ​រហូត​មក​ដល់​ពេល​នេះ ហើយ​នឹង​ជំនួស​អាវុធ​យុទ្ធ​ភ័ណ្ឌ​ដែល​បាន​ប្រើ​ប្រាស់​អស់ទៅ​​ហើយ​នៅ​ក្នុង​សង្គ្រាម​រយៈ​ពេល​ប៉ុន្មាន​ខែ​កន្លង​ទៅ​នេះ​។

​ខ្ទង់​ចំណាយ​ដែល​ធ្វើ​បច្ចុប្បន្ន​ភាព​ថ្មី​នេះ​ហាក់​បាន​ឆ្លើយ​ទៅ​នឹង​ចម្ងល់​របស់​សមាជិក​ព្រឹទ្ធ​សភា​រួច​ហើយ​។ ក៏​ប៉ុន្តែ​ការ​​ផ្ដល់​សក្ខី​កម្ម​នៅ​សភា​លើក​នេះ​ច្រើន​ផ្ដោត​សំខាន់​ទៅ​លើ​បញ្ហា​ធំ​ៗ​ដូច​ជាថា​​តើ​សង្គ្រាម​​នឹង​អូស​បន្លាយ​រហូត​ដល់​ពេល​ណា និង​ថា​តើ​រដ្ឋាភិបាល​​នឹង​​ស្នើ​សុំ​ថវិកា​ប៉ុន្មាន​ទៀត​ដើម្បី​​​សភា​ខង់​ហ្ក្រែស​​អនុម័ត។ ​នៅ​ក្នុង​ការ​ជជែក​ដេញ​ដោល​នោះ លោក​ហេក​សឹត​បាន​បន្ទោស​រដ្ឋាភិបាល​របស់​លោក​បៃដិន​ដែល​ធ្វើ​ឱ្យ​មន្ទីរ​បញ្ចកោណ​ត្រូវ​ការ​ថវិកា​​។ លោក​ថា​យើង​មាន​កប៉ាល់​ចម្បាំង​ជា​ច្រើន​គ្រឿង​ ប៉ុន្តែ​ត្រូវ​ធ្លាក់​ទៅ​ក្នុង​ដៃ​របស់​អ៊ីរ៉ង់​កាល​ពី​ជំនាន់​បៃដិន​។ ​ការ​ចោទ​ប្រកាន់​នេះ​ត្រូវ​សមាជិក​ព្រឹទ្ធ​សភា​​ ជេក​រីត (Jack Reed) និយាយ​កាត់​។ លោក​ថា​យើង​កំពុង​តែ​និយាយ​អំពី​សង្គ្រាម​ដែល​រដ្ឋាភិបាល​របស់​លោក​ជា​អ្នក​ចាប់​ផ្ដើម​។ ការ​និយាយ​រាល​ដាល​ទៅ​ដល់​លោក​​បៃដិន​គ្រាន់​តែ​ជា​លេស​ប៉ុណ្ណោះ​៕ ប្រភព៖ AP និង​ប្រភព​ដទៃ​ទៀ​ត​