ខេត្តកំពង់ចាម ៖ កំណាត់ផ្លូវជាតិលេខ៧ (ស្គន់-កំពង់ចាម) គឺជាខ្សែផ្លូវយ៉ាងសំខាន់ និងជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្តានុពល ដែលបានតភ្ជាប់ជាមួយបណ្តាញផ្លូវនានាឆ្ពោះទៅកាន់រាជធានី-ខេត្ត ។ នេះបើយោងតាមផេកក្រសួងសាធារណការ និងដឹកជញ្ជូនបានប្រកាសនាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ។

ចំណុចចាប់ផ្ដើមខ្សែផ្លូវនេះបានតភ្ជាប់ជាមួយផ្លូវជាតិលេខ៦ ឆ្ពោះទៅទិសដៅរាជធានីភ្នំពេញ និងទិសដៅខេត្តកំពង់ធំ ខេត្តសៀមរាប និងតភ្ជាប់ត្រង់ចំណុចផ្លូវបំបែកស្រុកព្រៃឈរជាមួយផ្លូវជាតិលេខ៦០ ភ្ជាប់ទៅកាន់ផ្លូវជាតិលេខ៦ និងផ្លូវជាតិលេខ៧០ ឆ្ពោះទៅកាន់ ស្រុកកងមាស ព្រមទាំងបានតភ្ជាប់ជាមួយផ្លូវជាតិលេខ៧១ ត្រង់ចំណុចផ្លូវបំបែកត្រើងទៅកាន់ ស្រុកចំការលើ និងតភ្ជាប់ជាមួយផ្លូវខេត្តលេខ២២២ ក្នុងទិសដៅទៅកាន់ស្រុកស្ទឹងត្រង់ និងផ្លូវខេត្តលេខ២២៣ ក្នុងទិសដៅទៅកាន់ស្រុកកងមាស និងឆ្ពោះទៅកាន់តំបន់ខេត្តស្ថិតនៅភូមិភាគឦសាន ។

កំណាត់ផ្លូវជាតិនេះក៏ជាផ្នែកមួយ នៃផ្លូវអាស៊ានហាយវ៉េលេខ១១ ដែលតភ្ជាប់ជាមួយបណ្តាញខ្សែផ្លូវសំខាន់ៗ ឆ្ពោះទៅកាន់តំបន់ព្រំដែន នៃប្រទេសកម្ពុជា និងតភ្ជាប់ជាមួយបណ្តាញខ្សែផ្លូវរបស់បណ្តាប្រទេសមហាអនុតំបន់មេគង្គផងដែរ ។
សូមជម្រាបជូនថា កំណាត់ផ្លូវជាតិលេខ៧ មានប្រវែង ៤៥,៤៨៩គីឡូម៉ែត្រ ចាប់ពីរង្វង់មូលស្គន់ ទីរួមស្រុកជើងព្រៃ ទៅដល់រង្វង់មូលគល់ស្ពានគីហ្សូណា ក្រុងកំពង់ចាម បានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៦ ៕



ចែករំលែកព័តមាននេះ