សម្តេចតេជោ ហ៊ុន សែន អបអរក្រុមបាល់ទះបុរសជម្រើសជាតិកម្ពុជា គ្រងតំណែងជើងឯក SEA V-Cup លើកទី៦
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នាយប់ថ្ងៃទី១៩ ខែកកក្កដា ឆ្នាំ២០២៦ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានផ្ញើសារលិខិតអបអរសាទរយ៉ាងកក់ក្តៅបំផុតចំពោះក្រុមបាល់ទះបុរសជម្រើសជាតិកម្ពុជា ដែលបានបង្កើតប្រវត្តិសាស្ត្រថ្មីដោយការគ្រងតំណែងជើងឯកពានរង្វាន់អាស៊ីអាគ្នេយ៍ SEA V-Cup លើកទី៦ ឆ្នាំ២០២៦ (ជើងទី១) នៅប្រទេសហ្វីលីពីន ។

ការប្រកួតវគ្គផ្តាច់ព្រ័ត្រនេះបានប្រព្រឹត្តទៅនាល្ងាចថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ ដោយក្រុមបាល់ទះបុរសជម្រើសជាតិកម្ពុជាបានយកឈ្នះលើក្រុមបាល់ទះបុរសជម្រើសជាតិឥណ្ឌូណេស៊ីដែលជាក្រុមខ្លាំងបំផុតប្រចាំតំបន់យ៉ាងស្វិតស្វាញក្នុងលទ្ធផល ៣ សិត ទល់នឹង ២ សិត។
សូមជម្រាបថា ក្រុមបាល់ទះបុរសជម្រើសជាតិកម្ពុជា បានបំបែកកំណត់ត្រាប្រវត្តិសាស្ត្រដោយយកឈ្នះក្រុមការពារតំណែងជើងឯកឥណ្ឌូណេស៊ី៣ទល់២សិត (២៥-២៣, ២៨-២៦,២៣-២៥, ២២-២៥ និងសិតសម្រេច ១៥-១១) ក្នុងការប្រកួតយ៉ាងស្វិតស្វាញបំផុតនៅវគ្គផ្ដាច់ព្រ័ត្រ នៃពានរង្វាន់បាល់ទះអាស៊ីអាគ្នេយ៍ SEA V.Cup 2026 ជើងទី១ កាលពីល្ងាចថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលកីឡា Candon City ប្រទេសហ្វីលីពីន។
មុនឈានដល់វគ្គផ្តាច់ព្រ័ត្រ ក្រុមបាល់ទះបុរសជម្រើសជាតិកម្ពុជា បានបង្កើតការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយបានទម្លាក់ក្រុមបាល់ទះបុរសជម្រើសជាតិថៃក្នុងលទ្ធផល ៣-១ សិត នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
ការយកឈ្នះក្រុមខ្លាំងឥណ្ឌូណេស៊ីនាពេលនេះ គឺជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយទៀត សម្រាប់វិស័យបាល់ទះកម្ពុជា ក្នុងការបង្ហាញខ្លួនលើកទី២ ក្នុងពានរង្វាន់បាល់ទះ SEA V.Cup ដ៏ធំប្រចាំតំបន់ ។ កម្ពុជាបានបង្ហាញខ្លួនលើកដំបូងក្នុងការប្រកួតពានរង្វាន់ SEA V.Cup កាលពីឆ្នាំ២០២៥ ។ ការប្រកួតពេលនោះ ក្រុមបាល់ទះបុរសជម្រើសជាតិកម្ពុជាពុំស្គាល់ជ័យជម្នះសូម្បី១ប្រកួត (ចាញ់ ០-៨) ប៉ុន្តែនៅឆ្នាំ២០២៦ ក្រុមបាល់ទះបុរសជម្រើសជាតិកម្ពុជាបានអភិវឌ្ឍសមត្ថភាពរហូតដណ្តើមបានមេដាយមាសតែម្តង។
សូមបញ្ជាក់ថា ក្រោយបញ្ចប់ការប្រកួតជើងទី១ នៅហ្វីលីពីន ព្រឹត្តិការណ៍ SEA V.Cup 2026 នឹងបន្ដការប្រកួតជើងទី២ នៅប្រទេសឥណ្ឌូណេស៊ីវិញម្ដង នាថ្ងៃទី២២-២៦ ខែកក្កដាខាងមុខ ៕






ចែករំលែកព័តមាននេះ