ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋបាលស្រុកព្រៃនប់ បើកយុទ្ធនាការផ្សព្វផ្សាយ និងចុះដាក់ថ្នាំអាប៊ែតតាមខ្នងផ្ទះ ដើម្បីទប់ស្កាត់ជំងឺគ្រុនឈា.ម

19 ម៉ោង មុន
  • ព្រះសីហនុ

​ខេត្តព្រះសីហនុ ៖ «​គ្មាន​ដង្កូវទឹក គ្មាន​មូស​ខ្លា គ្មាន​ជំងឺគ្រុនឈាម​» រដ្ឋបាល​ស្រុក​ព្រៃ​នប់ នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែកក្កដា​ឆ្នាំ​២០២៦ បាន​រៀបចំ​យុទ្ធនាការ​ផ្សព្វផ្សាយ​ស្តី​ពី «​ការ​ការពារ​ជំងឺគ្រុនឈាម គ្រុន​ឈី​ក និង​ការ​ដាក់​ថ្នាំ​អា​ប៊ែ​ត​» ក្នុង​គោលបំណង​លើកកម្ពស់​ការ​យល់​ដឹង និង​ជំរុញ​ការ​ចូលរួម​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​ដែល​បង្ក​ឡើង​ដោយ​មូស​ខ្លា ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​សិស្សានុសិស្ស​ក្នុង​មូលដ្ឋាន​។

បន្ទាប់​ពី​កិច្ចប្រជុំ​ផ្សព្វផ្សាយ និង​បើក​យុទ្ធនាការ​ជា​ផ្លូវការ ថ្នាក់ដឹកនាំ​រដ្ឋបាល​ស្រុក ព្រមទាំង​ក្រុមការងារ បាន​ចុះ​ផ្ទាល់​តាម​ខ្នង​ផ្ទះ​របស់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន ដើម្បី​ដើរ​ដាក់​ថ្នាំ​អា​ប៊ែ​ត (Abate) ក្នុង​ពាងទឹក អាង​ទឹក និង​សម្ភារ​ស្តុក​ទឹក​នានា សំដៅ​សម្លាប់ និង​ទប់ស្កាត់​ការ​កកើត​ដង្កូវទឹក​ភ្លាម​ៗ​។

ព្រម​ជាមួយ​គ្នា​នោះ ក្រុមការងារ​ក៏​បាន​ណែនាំ​បងប្អូន​ប្រជាពលរដ្ឋ​ពី​របៀប​ប្រើប្រាស់​ថ្នាំ​អា​ប៊ែ​ត​ឱ្យ​ត្រឹមត្រូវ​តាម​បច្ចេកទេស និង​បាន​ជួយ​ពិនិត្យ ណែនាំ​ឱ្យ​កប់ ឬ​បំផ្លាញ​ចោល​នូវ​រាល់​សម្ភារ​ដក់​ទឹក​នៅ​ជុំវិញ​ផ្ទះ ដូច​ជា​សំបក​កង់​ឡាន ជជុះ ដប និង​កំប៉ុង​ចាស់​ៗ ដែល​ជា​ជម្រក​ពង​កូន​របស់​មូស​ខ្លា​ផង​ដែរ​។

ក្នុង​ឱកាស​នេះ រដ្ឋបាល​ស្រុក​សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ មេត្តា​បន្ត​យកចិត្តទុកដាក់​ខ្ពស់​លើ​ការ​ថែរក្សា​អនាម័យ​បរិស្ថាន​ជុំវិញ​ផ្ទះ និង​អនុវត្ត​វិធានការ​ការពារ​ខ្លួន​ជា​ប្រចាំ​ ៖

១-កម្ចាត់​ប្រភព​ដង្កូវទឹក ដោយ​ការ​លាង​សម្អាត និង​ផ្លាស់​ប្តូរ​ទឹក​ក្នុង​ពាង អាង​ទឹក ឬ​ថូផ្កា ឱ្យ​បាន​ទៀងទាត់​។
២-សហការ​ដាក់​ថ្នាំ​អា​ប៊ែ​ត​ក្នុង​អាង ឬ​ពាង​ផ្ទុក​ទឹក​ប្រើប្រាស់​ឱ្យ​បាន​គ្រប់​ៗ​គ្នា​។
៣-ជម្រះ​ជម្រក​មូស​ខ្លា ដោយ​ការ​កប់ ឬ​បំផ្លាញ​ចោល​នូវ​រាល់​សម្ភារ​ដក់​ទឹក​ដែល​មិន​ប្រើប្រាស់​។

សូម​រួម​គ្នា​បង្កើត​បរិស្ថាន​រស់នៅ​ស្អាត គ្មាន​ដង្កូវទឹក ដើម្បី​សុខភាព​គ្រួសារ និង​សហគមន៍​យើង​ទាំងមូល​! ​៕​