បុរសម្នាក់ជិះម៉ូតូកែច្នៃបំពង់ស៊ីម៉ាំងឮខ្លាំង រំខានដល់អាជីវករ និងពលរដ្ឋ ត្រូវអាវុធហត្ថខេត្តស្ទឹងត្រែង ឃាត់ខ្លួន
- ស្ទឹងត្រែង
ខេត្តស្ទឹងត្រែង៖ កម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានចុះអន្តរាគមន៍និងឃាត់ខ្លួនបុរសម្នាក់ដែលបានជិះម៉ូតូកែច្នៃបំពង់ស៊ីម៉ាំងបញ្ចេញសំឡេងខ្លាំងខុសបច្ចេកទេស បង្កការរំខានយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខ សណ្ដាប់ធ្នាប់ និងរបរទទួលទានលក់ដូររបស់ប្រជាពលរដ្ឋក៏ដូចជាអាជីវករជុំវិញផ្សារសាមគ្គីស្ទឹងត្រែង។
ប្រតិបត្តិការនេះធ្វើឡើងតាមបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ត្រី សេង សុភាព មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ក្រោយពីទទួលបានសេចក្តី រាយការណ៍ និងការប្តឹងតវ៉ាពីសំណាក់បងប្អូនអាជីវករ។
ភ្លាមៗ កម្លាំងអន្តរាគមន៍បានចេញល្បាតស្រាវជ្រាវ រហូតដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ ក៏បានប្រទះឃើញនិងឃាត់ខ្លួនជនសង្ស័យនៅចំណុចភូមិកណ្តាល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។
តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា បុគ្គលរូបនេះមានឈ្មោះ ថៃ រ៉ូម៉ា ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មានមុខរបរជាអ្នកលក់ទឹកកក បច្ចុប្បន្នរស់នៅភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។ ក្នុងការចុះឃាត់ខ្លួននោះ សមត្ថកិច្ចបានដកហូតវត្ថុតាងម៉ូតូម៉ាក CB ពណ៌ខ្មៅ គ្មានស្លាកលេខ ដែលមានការកែច្នៃបំពង់ស៊ីម៉ាំងខុសលក្ខណៈបច្ចេកទេស បង្កសំឡេងរំខានយ៉ាងខ្លាំង ហើយបាននាំខ្លួនមកកាន់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការតាមនីតិវិធី។
បច្ចុប្បន្ន មន្ត្រីជំនាញនៃមន្ទីរស្រាវជ្រាវ និងព័ត៌មានសន្តិសុខ បានធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យាឱ្យបុគ្គលខាងលើកែប្រែប្រព្រឹត្តខ្លួនជាពលរដ្ឋល្អឡើងវិញ ព្រមទាំងបានអញ្ជើញអាណាព្យាបាល ឬសាច់ញាតិមកធានាយកទៅអប់រំបន្ត។ ដោយឡែក មធ្យោបាយម៉ូតូត្រូវបានរក្សាទុកជាបណ្ដោះអាសន្ននៅបញ្ជាការដ្ឋាន ដើម្បីតម្រូវឱ្យផ្លាស់ប្តូរបំពង់ស៊ីម៉ាំងដើម និងបំពេញឯកសារច្បាប់ឱ្យបានត្រឹមត្រូវមុននឹងអនុញ្ញាតឱ្យយកត្រឡប់ទៅវិញ។
គូសបញ្ជាក់ផងដែរថា សកម្មភាពកែច្នៃបំពង់ស៊ីម៉ាំងម៉ូតូឱ្យឮខ្លាំង ឬការបើកបរបង្កសំឡេងរំខានមិនត្រឹមតែជាការរំខានដល់ភាពស្ងប់ស្ងាត់របស់សាធារណជនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសកម្មភាពល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោក និងអាចបង្កជាហានិភ័យគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗទៀតផង។ កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋពិសេសក្រុមយុវជន ឱ្យចៀសវាងការកែច្នៃយានយន្តខុសបច្ចេកទេស និងចូលរួមសហការរាយការណ៍ជូនសមត្ថកិច្ចភ្លាមៗ ប្រសិនបើជួបប្រទះករណីរំខានសណ្ដាប់ធ្នាប់សង្គមបែបនេះ ដើម្បីរួមគ្នារក្សាសន្តិសុខ និងសុវត្ថិភាពក្នុងមូលដ្ឋានឱ្យបានល្អប្រសើរ៕




ចែករំលែកព័តមាននេះ