សហរដ្ឋអាមេរិក ៖ យុទ្ធនាការប្រកួតប្រជែងដ៏ស្វិតស្វាញរបស់ក្រុមទាំង ៤៨ អស់រយៈពេល៣៩ថ្ងៃ នៃព្រឹត្តិការណ៍ World Cup ឆ្នាំ២០២៦ ដែលសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិកធ្វើជាម្ចាស់ផ្ទះរួមគ្នានោះ បានបិទបញ្ចប់ជាស្ថាពរហើយ កាលពីវេលាឈានចូលព្រឹកថ្ងៃទី២០ ខែកក្កដា (ម៉ោងនៅកម្ពុជា) ដោយក្រុមគោជល់អេស្ប៉ាញយកឈ្នះលើក្រុមពពសអាហ្សង់ទីន ដោយលទ្ធផល ១-០ ដើម្បីគ្រងតំណែងជើងឯកជាផ្លូវការ។
អេស្ប៉ាញក្លាយជាម្ចាស់ជើងឯក ជាមួយពានរង្វាន់ និងមេដាយមាសដ៏ល្បី មកជាមួយនឹងប្រាក់រង្វាន់កំណត់ត្រាច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ ៥០លានដុល្លារអាមេរិក ពិសេសជាងនេះទៀត គឺចិញ្ចៀនជើងឯកធ្វើពីមាសដាំត្បូងពេជ្រតម្លៃ ១២ ០០០ ដុល្លារអាមេរិកក្នុងម្នាក់១វង់ផងដែរ។ បើតាម FIFA និងកាសែត The New York Times បានឱ្យដឹងថា នេះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ World Cup ដែលក្រុមជើងឯកទទួលបានចិញ្ចៀនជើងឯក ដែលរចនាឡើងជាពិសេសដូចនឹងចិញ្ចៀនជើងឯកបាល់ទាត់ជាតិសហរដ្ឋអាមេរិក (NFL) Super Bowl។ ចិញ្ចៀនដ៏ពិសេសនេះ ត្រូវបានផលិតឡើងមានចំនួនកំណត់ពោល ២ ០២៦ វង់ប៉ុណ្ណោះ ដោយនៅក្នុងនោះ ៣០ វង់ នឹងត្រូវប្រគល់ជូនកីឡាករ និងបុគ្គលិកក្រុមឈ្នះជើងឯក ហើយ ១ ៩៩៦ វង់ទៀត នឹងត្រូវដាក់លក់ជូនអ្នកគាំទ្រ។
ចិញ្ចៀនដែលនឹងត្រូវផលិតក្រោយចប់ការប្រកួតនេះ ជ្រុងម្ខាងបង្ហាញពីពានរង្វាន់ FIFA World Cup ខណៈជ្រុងម្ខាងទៀតនឹងត្រូវរចនាឡើងពិសេសឆ្លុះបញ្ចាំងពីអត្តសញ្ញាណក្រុមឈ្នះជើងឯក។ ចិញ្ចៀននីមួយៗនឹងត្រូវវាយលេខសម្គាល់រៀងៗខ្លួន វាស់ទំហំឱ្យត្រូវម្រាមដៃម្ចាស់ និងប្រគល់ជូនជាមួយវិញ្ញាបនបត្របញ្ជាក់ផងដែរ។
ដោយឡែក អាហ្សង់ទីនបញ្ចប់នៅក្នុងនាមក្រុមរងជើងឯកជាមួយមេដាយប្រាក់ និងប្រាក់រង្វាន់សរុបចំនួន ៣៣ លានដុល្លារ។ ចំណែកអង់គ្លេសក្រុមចំណាត់ថ្នាក់លេខ ៣ ទទួលបានមេដាយសំរឹទ្ធ និងប្រាក់រង្វាន់សរុបចំនួន ២៩ លានដុល្លារ ខណៈបារាំងក្រុមចំណាត់ថ្នាក់លេខ ៤ ទទួលបានប្រាក់រង្វាន់សរុបចំនួន ២៧ លានដុល្លារផងដែរ។
ខ្សែបម្រើការពារអេស្ប៉ាញ Rodri បានឈ្នះពានរង្វាន់បាល់មាសកីឡាករឆ្នើមបំផុតប្រចាំព្រឹត្តិការណ៍ ដ្បិតអេស្ប៉ាញរបូតតែ១គ្រាប់ប៉ុណ្ណោះ។ ខ្សែប្រយុទ្ធបារាំង Kylian Mbappe បានឈ្នះពានស្បែកជើងមាស ក្រោយរកបាន ១០ គ្រាប់ច្រើនជាងគេប្រចាំព្រឹត្តិការណ៍។ ស្របពេលអ្នកចាំទីអេស្ប៉ាញ Unai Simon ឈ្នះស្រោមដៃមាស និងខ្សែការពារវ័យក្មេងអេស្ប៉ាញ Pau Cubarsi ឈ្នះពានកីឡាករវ័យក្មេងឆ្នើមបំផុតប្រចាំព្រឹតិ្តការណ៍។
ចំណែកក្រុមជម្រើសជាតិហូឡង់ ដែលធ្លាក់ចេញត្រឹមវគ្គ ៣២ ក្រុមចុងក្រោយនោះ ឈ្នះពានរង្វាន់ក្រុមបង្ហាញពីការលេងប្រកបដោយក្រមសីលធម៌ខ្ពស់ ឬ FIFA Fair Play៕




ចែករំលែកព័តមាននេះ