ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្អាតចាំងភ្នែក ! មកស្គាល់ «ប្រាសាទជ្រុងទិសនិរតី» ទីតាំងមើលថ្ងៃលិចជះពន្លឺមាសលើកំពែងបុរាណ

21 ម៉ោង មុន

ខេត្តសៀមរាប ៖ ប្រាសាទ​ជ្រុង​ទិសនិរតី ជាទី​មនោ​រម្យ​លាក់ខ្លួន​សម្រាប់​ទស្សនា​ថ្ងៃ​លិច និង​ផ្ទាំងទស្សនីយភាព ប្រវត្តិសាស្ត្រ​អង្គរធំ ។ នេះ​បើ​យោង​តាម​ផេ​ក​អាជ្ញាធរ​ជាតិ​អប្សរា បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​២០ ខែកក្កដា​នេះ ។

ប្រសិនបើ​អ្នក​កំពុង​ស្វែងរក​ទីតាំង​ដ៏​ស្ងប់ស្ងាត់ ដើម្បី​ទស្សនា​ពន្លឺព្រះអាទិត្យ​រៀប​លិច​ជះ​ពន្លឺ​មាស​លើ​កំពែង​បុរាណ ព្រមទាំង​ចង់​ស្វែង​យល់​ពី​អាថ៌​កំបាំង​នៃ​កំពែង​ថ្ម​ដ៏​ស្កឹមស្កៃ​នា​សម័យ​អង្គរ ដែល​ជា​គោលដៅ​មិន​អាច​រំលង​បាន​ឡើយ គឺ​ប្រាសាទ​ជ្រុង​ទិសនិរតី​នៃ​អង្គរធំ ។

ប្រាសាទ​ជ្រុង ជា​ស្នាដៃ​វិចិត្រសិល្បៈ​លើ​កំពែង​មហានគរ ស្ថិត​នៅ​លើ​កែង​កំពែង​ជួប​គ្នា​រវាង​ទិស​ត្បូង និង​ទិស​ខាងលិច​នៃ​រាជធានី​អង្គរធំ ដែល​ទំនងជា​ឧបករណ៍​សម្គាល់​ពេលវេលា​ដ៏​តូច​ច្រឡឹង​មួយ ដែល​កសាង​ឡើង​នៅ​ចុង​សតវត្សរ៍​ទី​១២ ដោយ​ស្នា​ព្រះ​ហស្ត​ដ៏​ឧត្តុង្គឧត្តម​នៃ​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ ។

ជា​សំណង់​ស្ថាបត្យកម្ម សាងសង់​ឡើង​ពី​ថ្មភក់ និង​ថ្មបាយក្រៀម បង្ហាញ​ពី​ភាព​រស់​រវើក ទោះបី​មាន​ទំហំ​តូច ប៉ុន្តែ​គ្រប់​ផ្នែក​នៃ​សំណង់​ប្រាសាទ​រំលេច​ទៅ​ដោយ​ចម្លាក់​អាទិទេព និង​ក្បាច់រចនា​ផ្កា​ភ្ញី​យ៉ាង​ល្អ​ប្រណីត និង​មានជីវិត ។ ប្រាសាទ​នេះ​ជា​កន្លែង​តម្កល់​សិលាចារឹក​ដ៏​សំខាន់ K.288 ជា​កំណត់​ត្រា​ប្រវត្តិសាស្ត្រ ដែល​បាន​ពិពណ៌នា​យ៉ាង​ពិស្តារ​អំពី​ការ​ស្ថាបនា​មហាកំពែង ក​សិន្ធុ​ទឹក​ព័ទ្ធ​ជុំវិញ និង​ទ្វារ​ចូល​រាជធានី​អង្គរធំ ។

នៅ​ខាងក្រោម​កំពែង​ត្រង់នេះ មាន​«​រន្ធត្រដេវ​» ដែល​ច្រក​ទ្វារ​បង្ហូរទឹក​ប្រើប្រាស់​ហើយ​ចេញ​ក្រៅ​ក្រុង ។ បើ​យើង​ដើរ​ហួស​ពី​ប្រាសាទ​ទៅ​ទិស​ខាងកើត​ប្រមាណ ២០០ ម៉ែត្រ តាម​ខ្នង​កំពែង រួច​ចុះ​មក​ក្រោម​នឹង​បាន​ជួប​អច្ឆរិយ​ភាព​មួយទៀត គឺ​សំណង់​ទ្វារ​បង្ហូរទឹក ហៅ​សព្វថ្ងៃ​ថា​«​រន្ធត្រដេវ​»​។ វា​ជា​រន្ធ​ទ្វារ​ទឹក​មាន​ប្រាំ​ស្ថិត​នៅ​ជាប់​ៗ​គ្នា ដែល​សង់​ទម្លុះ​ខាងក្រោម​មហាកំពែង​អង្គរធំ​។ សំណង់​នេះ​មានមុខ​ងារ​ធារាសាស្ត្រ​ប្រើប្រាស់​ជា​ច្រក​ទឹក​ដែល​ប្រើ​រួច (​ទឹក​ស្អុយ​) នៅ​ក្នុង​ក្រុង ចេញ​មក​រក្សា​ទុក​ត្រង់​បឹង​ធំ​មួយ​ជាប់​គ្នា​នេះ ទើបបាន​បង្ហូរ​ចោល​មក​ក្រៅ​ក្រុង​នៅ​ភាគ​និរតី ៕