ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្គ្រាមអាមេរិក-អ៉ីរ៉ង់ ឈានដល់ថ្ងៃទី៨៖ អាមេរិកបើក​ការសង​សឹក ខណៈអ៉ីរ៉ង់បន្តវាយប្រហារលើមូលដ្ឋានយោធា និងប្រទេស​ជិតខាង

21 ម៉ោង មុន

សង្គ្រាម​អ៉ី​រ៉​ង់ ៖ អស់​ពេល​៨​ថ្ងៃ​មក​ហើយ​នៃ​ការ​ប្រទូស្ត​រ៉ា​យ​គ្នា​ឡើង​វិញ​ រវាង​អា​មេ​រិ​ក​និងអ៉ី​រ៉​ង់ ដោយ​ការ​វាយប្រហារ​គ្នា​កំពុង​បន្ត​ទៀត​នៅ​អ៉ី​រ៉​ង់​ និង​ក្នុង​បណ្ដា​ប្រទេស​ក្នុង​តំបន់​ឈូង​សមុទ្រ​ពែ​រ្ស៍​ ។

អា​មេ​រិ​ក​ប្រកាស ​នា​ថ្ងៃ​ទី​១៩​ កក្កដា​ ថា បាន​វាយប្រហារ​បណ្ដា​កងឯកភាព​យោធា​ទាក់ទិន​នឹង​កង​ឆ្មាំ​បដិវត្តន៍​អ៉ី​​រ៉​ង់ ជា​ការ​សងសឹក​ចំពោះ​ការ​ស្លាប់​ទាហាន​ខ្លួន​២​នាក់ កាលពី​ថ្ងៃ​ទី​១៧​ កក្កដា នៅ​មូលដ្ឋាន​យោធា​មួយ​ក្នុង​ប្រទេស​ហ្ស៊​ក​ដា​នី​។ ម្យ៉ាងវិញទៀត​ការ​ប្រកាស​អាសន្ន​ថ្មី​ៗ​លាន់ឮ​នៅ​ហ្ស៊​ក​ដា​នី បន្ទាប់​ពី​ការ​វាយប្រហារ​ថ្មី​មួយ​ចំនួន​របស់​អ៉ី​រ៉​ង់​។ ស្នូរស៊ី​រ៉ែ​ន​លាន់ឮ​នៅ​ក្រុង​អា​ម៉​ង់​ហើយ​មី​ស៊ី​ល​១​គ្រាប់​ត្រូវ​បាន​ស្ទាក់​កម្ទេច មុន​ពេល​ហោះ​ទៅ​ដល់​ព្រ​លាន​យន្តហោះ​AQABA ជិត​ព្រំដែន​ជាមួយ​អ៊ី​ស្រា​អែ​ល​។

ចាប់តាំងពី​ផ្ទុះ​សង្គ្រាម​ជា​ថ្មី​វិញ​មក អ៉ី​រ៉​ង់​បាន​យក​ប្រទេស​ជា​ច្រើន​នៅ​តំបន់​ឈូង​សមុទ្រ​ពែ​រ្ស៍​ជា​គោលដៅ​វាយប្រហារ​ ។ ប្រទេស​ហ្ស៊​ក​ដា​នី​ ក៏​រង​ការ​វាយប្រហារ​ជា​ច្រើន​លើក​ដែរ​។ ជាមួយ​បា​រ៉ែ​ន​ និង​គុយ​វ៉ែត ហ្ស៊​ក​ដា​នី​រង​ការ​វាយប្រហារ ​ជា​ពិសេស​ដោយ​ដ្រូ​ន​និង​មី​ស៊ី​​ល​របស់​អ៉ី​រ៉​ង់​រយៈពេល​១​ស​ប្ដា​ហ៍​ចុង​ក្រោយ​នេះ​ ។ អាជ្ញាធរ​អ៉ី​រ៉​ង់​វាយតម្លៃ​ថា ហ្ស៊​ក​ដា​នី​គឺជា​ទិស​ដៅ​វាយប្រហារ​សម​ស្រប ព្រោះ​ប្រទេស​នោះ​មាន​បណ្ដា​មូលដ្ឋាន​យោធា​អា​មេ​រិ​ក​ដែល​ប្រើ​សម្រាប់​វាយប្រហារ ហើយ​រក្សា​ទំនាក់ទំនង​ការទូត​ជាមួយ​អ៉ី​ស្រា​អែ​ល​ ។

សម្រាប់​អ្នកឯកទេស​ខាង​ម​ជ្ឈឹ​ម​បូព៌ា និង​នាយក​វិទ្យាស្ថាន​ភូមិសាស្ត្រ​នយោបាយ​បាយ​អឺរ៉ុប​ លោក​សេ​បា​ស្ទៀ​ន​ប៊ូ​ស​​​ថា ការ​វាយប្រហារ​ទាំងនេះ​របស់​អ៉ី​រ៉​ង់​បង្ហាញ​ពី​សមត្ថភាព​របស់​ប្រទេស​នោះ ក្នុង​ការ​វាយប្រហារ​បណ្ដា​គោលដៅ​យុទ្ធសាស្ត្រ ហើយ​អាច​វាយប្រហារ​តាម​ទម្រង់​ផ្សេង​ៗ​គ្នា ដែល​គេ​នឹក​ស្មាន​មិន​ដល់​ ។ ការ​វាយប្រហារ​ទាំងនេះ​ ក៏​បង្ហាញ​ឲ្យ​ឃើញ​ដែរ​ថា អ៉ី​រ៉​ង់​ចេះ​ហើយ​អាច​កំណត់​បាន បណ្ដា​សត្រូវ​ពិតប្រាកដ​របស់​ខ្លួន ​។ លោក​សេ​បា​ស្ទៀ​ន​ប៊ូ​ស៊ប​ន្ត​ថា ចំពោះ​ភ្នែក​ក្រុង​តេ​ហេ​រ៉​ង់​មើលឃើញ​ថា ប្រទេស​អា​រ៉ាប់​ជា​ច្រើន​បាន​ក្បត់​បុព្វហេតុ​អា​រ៉ាប់ ដោយ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ ABRAHAM ឬ​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​ហ្ស៊​ក​ដា​នី​ និង​អ៉ី​ស្រា​អែ​ល​។

ដោយសារ​ជម្លោះ អា​មេ​រិ​ក​ជ្រើស​យក​ការ​បញ្ជូន​កងទ័ព​ឬ​សម្ភារ​យោធា​ទៅ​កាន់​ហ្ស៊​ក​ដា​នី​ជា​ជាង​ទៅ​បណ្ដា​ប្រទេស​ក្នុង​តំបន់​ឈូង​សមុទ្រ​ដោយ​យល់​ថា ស្តិ​ត​នៅ​ក្បែរ​អ៉ី​រ៉​ង់​​ដែល​ងាយ​រង​គ្រោះ​បំផុត​។ ក្រៅពី​ការ​ស្លាប់​ទាហាន​២​នាក់​នៅ​ហ្ស៊​ក​ដា​នី​បណ្ដា​សារព័ត៌មាន​អា​មេ​រិ​ក​ក៏​អះអាង​ដែរ​ថា ឧទ្ធម្ភាគចក្រ​ច្រើន​គ្រឿង​របស់​អា​មេ​រិ​ក រង​ការ​បំផ្លាញ​ឬ​ខូចខាត​នៅ​ហ្ស៊​ក​ដា​នី​។

ការ​វាយប្រហារ​របស់​អ៉ី​រ៉​ង់​លើ​បណ្ដា​ប្រទេស​ក្នុង​តំបន់​ក៏​បង្ហាញ​ដែរ​ពី​សមត្ថភាព​របស់​អ៉ី​រ៉​ង់​។ ប្រទេស​នេះ​ អាច​ផលិត​ហើយ​ផលិត​ទៀត​បណ្ដា​ដ្រូ​ន​ និង​មី​ស៊ី​ល ដែល​ពិតជា​មាន​ប្រសិទ្ធភាព​វិសាមញ្ញ​ ។ អ៉ី​រ៉​ង់​ក៏​បង្ហាញ​ដែរ​ពី​សមត្ថភាព​អ៉ី​រ៉​ង់​ដែល​អាច​វាយប្រហារ​ដល់​បណ្ដា​ផលប្រយោជន៍​អា​មេ​រិ​ក ក្នុង​បណ្ដា​ប្រទេស​អា​រ៉ាប់​ ។ ដូច​ជា​មូលដ្ឋាន​យោធា​អា​មេ​រិ​ក​នៅ​ហ្ស៊​ក​ដា​នី​សុទ្ធតែ​រៀបចំ​តាំងពី​យូរ​មក​ហើយ ដោយ​មានការ​ពង្រឹង​ប្រព័ន្ធ​ការពារ​តែ​អ៉ី​រ៉​ង់​នៅ​តែ​អាច​វាយ​បាន​។ របបអ៉ី​រ៉​ង់​បាន​យល់​ច្បាស់​ថា សង្គ្រាម​ HYBRIDE ពិតជា​សង្គ្រាម​ដែល​អាច​វាយប្រហារ​ចំ​ៗ​គោលដៅ​ដែល​ជា​ផលប្រយោជន៍​អា​មេ​រិ​ក​។

កងទ័ព​អា​មេ​រិ​ក​ប្រកាស​នា​ថ្ងៃ​ទី​១៩​​ កក្កដា ពី​ការ​ស្លាប់​ទាហាន​ខ្លួន​ម្នាក់ ពេល​កំពុង​បំផ្លាញ​ចោល​បណ្ដា​គ្រាប់​មិន​ទាន់​ផ្ទុះ​មក​ពី​ដ្រូ​ន​មួយ​របស់​អ៉ី​រ៉​ង់ ដែល​បាញ់​ធ្លាក់​នៅ​ភាគ​ខាងជើង​អ៉ី​រ៉ា​ក់​។ នេះ​ជា​ការ​ស្លាប់​ទាហាន​អា​មេ​រិ​ក​ទី​១៧​ ហើយ​តាំងពី​ចាប់ផ្ដើម​សង្គ្រាម​​ប្រឆាំង​អ៉ី​​រ៉​ង់​មក​ ៕