សង្គ្រាមអ៉ីរ៉ង់ ៖ កងទ័ពអាមេរិកប្រកាសនាថ្ងៃទី១៨ កក្កដា ថា បានវាយប្រហារតាមអាកាសថ្មីៗប្រឆាំងអ៉ីរ៉ង់ ដើម្បីជាការដាក់ទណ្ឌកម្មភ្លាមៗលើកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ ដែលបានវាយប្រហារលើប្រទេសហ្ស៊កដានី បណ្ដាលឲ្យស្លាប់ទាហានខ្លួន២នាក់ បាត់ខ្លួនម្នាក់ និងរបួស៤នាក់ ដែលបញ្ជូនទៅមន្ទីរពេទ្យ។

ទីបញ្ជាការដ្ឋានកណ្ដាលកងទ័ពអាមេរិកនៅមជ្ឈឹមបូព៌ាអះអាងថា ការវាយប្រហារទាំងនេះសំដៅកាត់បន្ថយថែមទៀត សមត្ថភាពរបស់អ៉ីរ៉ង់ធ្វើឲ្យរាំងស្ទះដល់ការដឹកប្រេងឆ្លងកាត់ច្រកសមុទ្រហ័រមូស។ ការវាយប្រហារថ្មីៗទាំងនេះ ធ្វើឡើងបន្ទាប់ពីកងទ័ពអាមេរិក ប្រកាសជាលើកដំបូងពីការស្លាប់បណ្ដាទាហានរបស់ខ្លួន ដោយសារការវាយប្រហារផ្ទាល់ របស់អ៉ីរ៉ង់តាំងពីចាប់ផ្ដើមសង្គ្រាមមក ដោយសារការវាយប្រហាររបស់ដ្រូន និងមីស៊ីលអ៉ីរ៉ង់ លើមូលដ្ឋានយោធាអាមេរិកមួយនៅប្រទេសហ្ស៊កដានីកាលពីថ្ងៃទី១៧ កក្កដា ។

តាំងពីចាប់ផ្ដើមសង្គ្រាមមកទាហានអាមេរិក១៦នាក់ស្លាប់ និងជាង៤៣០នាក់រងរបួស ។ ប៉ុន្មាននាទីក្រោយ ការប្រកាសរបស់អាមេរិកពីការស្លាប់ទាហានរបស់ខ្លួន នាព្រឹកថ្ងៃទី១៨ កក្កដា មេដឹកនាំកំពូលអ៉ីរ៉ង់បានព្រមានផ្ដល់មេរៀនដែលមិនអាចបំភ្លេចបានថែមទៀត ប្រសិនបើអាមេរិកបន្តវាយប្រហារប្រឆាំងអ៉ីរ៉ង់ ។ ពាក្យទាំងនេះ ត្រូវបានចេញផ្សាយដោយទូរទស្សន៍រដ្ឋអ៉ីរ៉ង់ ហើយជាពាក្យរបស់មេដឹកនាំកំពូលលោកមូសស្តាបាខាមេនី ដែលមិនធ្លាប់បញ្ចេញមុខតាមអេក្រង់់់តាំងពីចាប់ផ្ដើមសង្គ្រាម
មក។ លោកបានចាត់ទុកកិច្ចព្រមព្រៀងបណ្ដោះអាសន្ន ដែលចុះហត្ថលេខាដោយលោកត្រាំថា គ្មានតម្លៃនិងគ្មានសុពលភាព។
អ្នកចរចាអ៉ីរ៉ង់មួយរូបប្រកាសថា ក្រុងតេហេរ៉ង់ ផ្អាកបណ្ដាការសន្យារបស់ខ្លួនទាក់ទិននឹងកិច្ចព្រមព្រៀងបណ្ដោះអាសន្នចុះហត្ថលេខាប្រមាណជា១ខែមុន ដែលសំដៅបញ្ចប់ជាស្ថាពរការប្រយុទ្ធគ្នា។ សេចក្ដីថ្លែងការណ៍ទាំងនេះរបស់អ៉ីរ៉ង់បានកាត់ផ្ដាច់ទំនាក់ទំនងដ៏ផុយស្រួយមួយទៀត ខណៈសង្គ្រាមហាក់ដូចជាមិនងាយបញ្ចប់។ ពេលនេះ មេដឹកនាំកំពូលអ៉ីរ៉ង់បានព្រមានពីការផ្ដល់មេរៀមមិនត្រឹមតែអាមេរិកទេ តែដល់បណ្ដាសម្ព័ន្ថមិត្តអាមេរិកក្នុងតំបន់ទៀតផង ។

អាមេរិកបានចេញការប្រកាសអាសន្នចំពោះរាល់ការធ្វើដំណើរជាអន្តរជាតិ ពីព្រោះតែការកើនឡើងនៃភាពតានតឹង។ ការពង្រីកការវាយប្រហារពេលនេះគំរាមកំហែង ដល់ជនស៊ីវិល និងបណ្ដាហេដ្ឋារចនាសម្ព័ន្ធ ពិសេសបណ្ដារោងចក្រចម្រាញ់ទឹកសមុទ្រមកជាទឹកសាប ចំណែកសេដ្ឋកិច្ចពិភពលោកកំពុងតែប្រកាសអាសន្នជាថ្មី។
តាមទូរទស្សន៍រដ្ឋអនុរដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ លោកកាសេមហ្គារីបាឌីនិយាយថា អាមេរិករំលោភបំំពានបណ្ដាការសន្យា ក្នុងកិច្ចព្រមព្រៀងដោយមិនគោរពឡើយ ។ ចំណែកទាហានអាមេរិកវិញកំពុងប្រឈមមុខនឹងគ្រោះថ្នាក់កាន់តែខ្លាំងឡើង។ ទាហានអាមេរិកចុងក្រោយដែលស្លាប់គឺជាអ្នកបើកឧទ្ធម្គាគចក្រដែលធ្លាក់ក្នុងសមុទ្រអារ៉ាប៊ីកាលពីដើមខែនេះ។ តាំងពីចាប់ផ្ដើមសង្គ្រាមមក ការវាយប្រហារដោយដ្រូនរបស់អ៉ីរ៉ង់ ប្រឆាំងទីបញ្ជាការដ្ឋានយោធាអាមេរិកនៅគុយវ៉ែត សម្លាប់ទាហានអាមេរិក៦នាក់។ ទាហានអាមេរិកម្នាក់ស្លាប់ពេលអ៉ីរ៉ង់វាយប្រហារ មូលដ្ឋានយោធាអាមេរិកនៅអារ៉ាប៊ីសាអូឌីត។ ទាហានអាមេរិក៦នាក់ស្លាប់ក្នុងការធ្លាក់យន្តហោះផ្គត់ផ្គង់យោធាមួយនៅអ៉ីរ៉ាក់។
តាមអាជ្ញាធរគុយវ៉ែតថា កាលពីថ្ងៃទី ១៨ កក្កដា ការវាយប្រហាររបស់អ៉ីរ៉ង់បណ្ដាលឲ្យមានការខូចខាតធ្ងន់ធ្ងរ ដល់រោងច្រកចម្រាញ់ទឹកសមុទ្រមកជាទឹកស្អាតមួយ និងទីតាំងប្រេងកាតរបស់ខ្លួនមួយកន្លែង។ ការវាយប្រហារទីតាំងប្រេងកាតនោះបណ្ដាលឲ្យមនុស្សច្រើននាក់រងរបួស ហើយរោងចក្រចម្រាញ់ទឹកត្រូវភ្លើងឆាបឆេះ។ គុយវ៉ែតបានបិទដែនអាកាសរបស់ខ្លួន មកពីការគំរាមកំហែងដោយមីស៊ីល ។

ទន្ទឹមនឹងនេះ អ៉ីរ៉ាក់គូសបញ្ជាក់ថា បានបាញ់ទម្លាក់បណ្ដាដ្រូន វាយប្រហារពីលើក្រុងអ័រប៊ីល។ ចំណែកទីភ្នាក់ងារព័ត៌មានផ្លូវការហ្ស៊កដានីPETRA គូសបញ្ជាក់ថា ប្រព័ន្ធការពារអាកាសរបស់ប្រទេស បានស្ទាក់កម្ទេចបណ្ដាមីស៊ីលអ៉ីរ៉ង់ ចំណែកស្នូរស៊ីរ៉ែនប្រកាសអាសន្នលាន់ឮច្រើនលើកនៅបារ៉ែននិងអារ៉ាប៊ីសាអូឌីត។ទីបញ្ជាការដ្ឋានកណ្ដាលកងទ័ពអាមេរិកនៅមជ្ឈឹមបូព៌ាគូសបញ្ជាក់នាព្រឹកថ្ងៃទី១៨ កក្កដា ថា ការវាយប្រហាររបស់អាមេរិក សម្រាប់យប់ថ្ងៃទី៧ជាប់ៗគ្នា សំដៅបណ្ដាទីតាំងត្រួតពិនិត្យ បណ្ដាហេដ្ឋារចនាសម្ព័ន្ធភស្ដុភារយោធា បណ្ដាឃ្លាំងអាវុធក្រោមដៃនិងសមត្ថភាពសមុទ្រ ។ ប៉ុន្តែទូរទស្សន៍រដ្ឋអ៉ីរ៉ង់រាយការណ៍ថា ការវាយប្រហាររបស់អាមេរិក ត្រូវចំមជ្ឈមណ្ឌលអគ្គិសនីមួយនិងរោងចក្រចម្រាញ់ទឹកស្អាតមួយ នៅក្រុងបុនជីដែលរងការបំផ្លាញ នាំឲ្យមានការខ្វះទឹកស្អាតសម្រាប់មនុស្សប្រមាណជា១០.០០០នាក់។
ចំណែករោងចក្រចម្រាញ់ទឹកមួយទៀតនៅកោះយុទ្ធសាស្ត្រQESHM ក្នុងច្រកសមុទ្រហ័រមូសរងការខូចខាត។ ការវាយប្រហារនាពេលយប់របស់អាមេរិកក៏បណ្ដាលឲ្យខូចរូងក្រោមដី២កន្លែង និងបាក់ស្ពានមួយបណ្ដាលឲ្យដាច់ចរាចរណ៍តាមផ្លូវសំខាន់មួយមកកាន់ក្រុងកំពង់ផែបានដាអាប់បាស់នៅជិតច្រកសមុទ្រហ័រមូស។ សរុបស្ឌាន៣របស់អ៉ីរ៉ង់រងការវាយប្រហារ ។ ការវាយប្រហាររយៈពេល៣សប្ដាហ៍ចុងក្រោយនេះលើអ៉ីរ៉ង់ តាមអាជ្ញាធរអ៉ីរ៉ង់ថា បណ្ដាលឲ្យមនុស្សស្លាប់យ៉ាងតិច៥០នាក់ និងរបួសជាង៥០០នាក់ ៕
ចែករំលែកព័តមាននេះ