បើកឡានគេចឡាន១គ្រឿងបើកមកពីមុខ បែកកង់ខាងស្តាំរេចង្កូតធ្លាក់ប្រឡាយអត់ទឹក ជ្រុលបុ.កដើមក្ងោកកៀបជាប់ របួសធ្ង.ន់២នាក់
- ប៉ៃលិន
ខេត្តប៉ៃលិន ៖ ស្ត្រីអ្នករួមដំណើរម្នាក់រងរបួសធ្ងន់ បាក់ជើងទាំងពីរ រីឯអ្នកបើកបររថយន្តរងរបួសមធ្យម ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ខណៈដែលស្ត្រីរងគ្រោះទាំងពីរនាក់បើកបររថយន្តចេញពីក្រុងប៉ៃលិន ឆ្ពោះទៅកាន់ខេត្តបាត់ដំបង ក្នុងទិសដៅពីលិចទៅកើត លើដងផ្លូវជាតិលេខ៥៧ លុះដល់កន្លែងកើតហេតុ ស្រាប់តែមានរថយន្ត១គ្រឿង បើកបរក្នុងល្បឿនយ៉ាងលឿន រេចង្កូតចូលមកក្នុងគន្លងផ្លូវរបស់ខ្លួន លុះនាងបើកគេចទៅខាងស្តាំ ស្របពេលកង់មុខផ្នែកខាងស្តាំដៃផ្ទុះបែក ក៏រេចង្កូតធ្លាក់ទៅក្នុងប្រឡាយអត់ទឹកបុកគល់ក្ងោកពេញទំហឹង បណ្តាលឱ្យរងរបួសទាំង២នាក់តែម្តង ។
ហេតុការណ៍ករណីស្ត្រី២នាក់បើកបររថយន្តគេចរថយន្តធំ ផ្ទុះកង់ខាងមុខជ្រុលចង្កូតធ្លាក់ក្នុងប្រឡាយអត់ទឹកបុកដើមក្ងោករងរបួសធ្ងន់នេះ បានកើតឡើងកាលពីវេលាម៉ោង៥ និង៥០នាទីព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ លើដងផ្លូវជាតិលេខ៥៧ ត្រង់ចំណុចសួស្តី ក្នុងភូមិប៉ាងរលឹម សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
ប្រភពព័ត៌មានពីនគរបាលបានឱ្យដឹងថា ជនរងគ្រោះ ទី១. ឈ្មោះ បូរី លីណាក់ ភេទស្រី អាយុប្រហែល៣៨ឆ្នាំ រងរបួសមធ្យម ជាអ្នកបើកបររថយន្ត ម៉ាកតូយ៉ូតា កូរ៉ូឡា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2B – 8050 រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ទី២. ឈ្មោះ ស៊ី នួន ភេទស្រី អាយុប្រហែល៤០ឆ្នាំ ជាអ្នករួមដំណើរ រងរបួសធ្ងន់ បាក់ជើងទាំងសងខាង ដោយទាំងពីរនាក់រស់នៅក្នុងភូមិបឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
បើតាមប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុ បានរៀបរាប់ឱ្យដឹងថា គេឃើញរថយន្តខាងលើ បើកបរក្នុងទិសដៅពីលិចទៅកើត ឆ្ពោះទៅកាន់ខេត្តបាត់ដំបង លុះដល់កន្លែងកើតហេតុ ស្រាប់តែមានរថយន្ត ធំ១គ្រឿងបើកបរក្នុងទិសដៅច្រាសគ្នា ដោយល្បឿនលឿន ហើយរេចង្កតចូលមកក្នុងគន្លងរបស់ខ្លួន។ ប្រភពដដែលបន្តទៀតថា ពេលនោះស្ត្រីរងគ្រោះ បានបួងចង្កូតងាកទៅខាងស្តាំដៃ ក្បែរចិញ្ចើមផ្លូវ ក៏ស្រាប់តែរថយន្តរបស់ខ្លួនផ្ទុះបែកកង់មុខផ្នែកខាងស្តាំ បណ្តាលឱ្យជ្រុលចង្កូតធ្លាក់ទៅក្នុងប្រឡាយអត់ទឹក ទៅបុកជាមួយនឹងដើមក្ងោកធំ១ដើមពេញទំហឹង ធ្វើឱ្យរថយន្តគៀបជាប់ភ្លាមៗ ។ ពេលនោះប្រជាពលរដ្ឋក៏នាំគ្នាចេញពីផ្ទះមកជួយទាញរថយន្តចេញ ដើម្បីបើកទ្វាររថយន្តយកស្ត្រីរងគ្រោះចេញក្រៅ រួចហៅរថយន្តមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ដឹកយកទៅសង្គ្រោះទាន់ពេលវេលា ។ រីឯរថយន្តខាងលើ ត្រូវបានក្រុមគ្រួសារ ហៅរថយន្តស្ទូចមកដឹកយកទៅជួសជុលនៅក្រុងប៉ៃលិន ៕









ចែករំលែកព័តមាននេះ