ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៦​ខែ​ដំបូង​នៃ​ឆ្នាំ​នេះ​! សិង្ហ​បុរី​ស្វាគមន៍​ភ្ញៀវ​អន្តរជាតិ​ជាង​៨​លាន​នាក់ ធ្លាក់​ចុះ​ជិត ២%

1 ថ្ងៃ មុន

ប្រទេស​សិង្ហ​បុរី ៖ សិង្ហ​បុរី ដែល​ជាប់​ចំណាត់ថ្នាក់​ជា​ប្រទេស​មាន​បំផុត​លំដាប់​ទី​២​នៅ​លើ​ពិភពលោក ដោយ​ផ្អែក​លើ​ផលិតផល​ក្នុងស្រុក​សរុប (GDP) សម្រាប់​មនុស្ស​ម្នាក់​ក្នុង​ឆ្នាំ​២០២៥​នោះ បាន​ទទួល​ស្វាគមន៍​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចំនួន ៨,១៩ លាន​នាក់​ក្នុង​រយៈពេល​៦​ខែ​ដំបូង នៃ​ឆ្នាំ ២០២៦ ពោល​ធ្លាក់​ចុះ ១,៧% ធៀប​នឹង​រយៈពេល​ដូច​គ្នា កាលពី​ឆ្នាំ​មុន ដោយសារ​ដែល​ការ​ថមថយ​នៃ​ប្រភពទីផ្សារ​​ទេសចរណ៍​សំខាន់​ៗ ដូច​ជា ប្រទេស​ឥណ្ឌូ​ណេ​ស៊ី និង​ឥណ្ឌា​។

យោង​តាម​ទិន្នន័យ​ពី​ក្រុមប្រឹក្សាភិបាល​ទេសចរណ៍​សិង្ហ​បុរី (STB) បានឱ្យ​ដឹង​ថា គិតតែ​នៅ​ក្នុង​ខែមិថុនា ប្រទេស​ផ្ទៃដី​តូច​ជាងគេ​បំផុត​នៅ​អាស៊ី​អាគ្នេយ៍​មួយ​នេះ បាន​ស្វាគមន៍​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចំនួន ១,១៨ លាន​នាក់ ពោល​ធ្លាក់​ចុះ ៤,៩% ធៀប​នឹង​រយៈពេល​ដូច​គ្នា កាលពី​ឆ្នាំ​មុន ហើយ​វា​ជា​លឿន​លទ្ធផល​ទេសចរណ៍​ប្រចាំខែ​ខ្សោយ​បំផុត នៅ​ក្នុង​ឆមាស​ទី​១ នៃ​ឆ្នាំ​នេះ​។

ប្រទេស​ចិន​នៅ​តែ​ជា​ប្រភព​ទេសចរណ៍​ធំ​បំផុត​របស់​សិង្ហ​បុរី នៅ​ក្នុង​ឆមាស​ទី​១ នៃ​ឆ្នាំ​នេះ ដោយ​បាន​រួមចំណែក​ចំនួន ១,៥៣ លាន​នាក់ ពោល​កើនឡើង ៣,៧% ធៀប​នឹង​រយៈពេល​ដូច​គ្នា កាលពី​ឆ្នាំ​មុន​។ ទោះ​យ៉ាងណា​ក៏​ដោយ ការ​ធ្លាក់​ចុះ​នៃ​ចំនួន​ភ្ញៀវ​ទេសចរ​មក​ពី​ឥណ្ឌូ​ណេ​ស៊ី និង​ឥណ្ឌា បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កំណើន​ទេសចរណ៍​សរុប​របស់​ប្រទេស​នេះ ដ្បិត​ឥណ្ឌូ​ណេ​ស៊ី ដែល​ជាទី​ផ្សារ​ធំ​ទី​២​របស់​សិង្ហ​បុរី បាន​រួមចំណែក​ចំនួន ១,១៥ លាន​នាក់ ពោល​ធ្លាក់​ចុះ ១០,៦% ធៀប​នឹង​ឆ្នាំ​មុន​។ ចំណែក​ការ​មក​ដល់​របស់​ភ្ញៀ​រ​ជនជាតិ​ឥណ្ឌា​បាន​ធ្លាក់​ចុះ ៦,៦% មក​នៅ​ត្រឹម ៦០៤ ០០០ នាក់​។

បើ​តាម​ប្រភព​ពី​សារព័ត៌មាន​សិង្ហ​បុរី The Straits Times បាន​រាយការណ៍​ថា រដ្ឋាភិបាល​សិង្ហ​បុរី​កំពុង​តែ​បង្កើន​ការ​វិនិយោគ​របស់​រដ្ឋ​នៅ​ក្នុង​វិស័យ​ទេសចរណ៍ ដោយ​មាន​ផែនការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឱ្យ​បាន​ចន្លោះ​ពី ១៧-១៨ លាន​នាក់​នៅ​ក្នុង​ឆ្នាំ ២០២៦ ដោយ​បាន​ប្រកាស​ដាក់​ចេញ​នូវ​កញ្ចប់​ថវិកា​គាំទ្រ​វិស័យ​ទេសចរណ៍​ចំនួន ៥៧៣ លាន​ដុល្លារ​អា​មេ​រិ​ក ដែល​មាន​ទំហំ​ច្រើន​ជាង​២​ដង​នៃ​កញ្ចប់​ថវិកា ២៣២​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​ធ្លាប់​បាន​បែងចែក​ក្រោម​មូលនិធិ​អភិវឌ្ឍន៍​ទេសចរណ៍​ក្នុង​ឆ្នាំ​២០២៤ ដើម្បី​ពង្រឹង​ភាព​ធន់​នៃ​ឧស្សាហកម្ម​នេះ​ក្នុង​រយៈពេល​វែង និង​គាំទ្រ​ដល់​គំនិត​ផ្តួចផ្តើម​ទេសចរណ៍​ឆ្នាំ​២០៤០ (Tourism 2040) ដែល​ជា​ផែនការមេ ឬ​ចក្ខុវិស័យ​យុទ្ធសាស្ត្រ​រយៈពេល​វែង ដើម្បី​ជំរុញ​កំណើន​វិស័យ​ទេសចរណ៍​ប្រកបដោយ​គុណភាព និង​និរន្តរភាព​ឆ្ពោះទៅ​កាន់​ឆ្នាំ ២០៤០៕ ប្រភព ៖ VnExpress