ទីក្រុងតេអេរ៉ង់៖ ថ្ងៃនេះ យោធាអ៊ីរ៉ង់បន្តវាយប្រហារបណ្ដាប្រទេសសម្ព័ន្ធមិត្តរបស់អាមេរិកនៅតំបន់ឈូងសមុទ្រពែក្ស និងប្រទេសហ្សកដង់បន្ទាប់ពីអាមេរិកវាយប្រហារទៅលើខ្លួនអស់រយៈពេល៧យប់ជាប់គ្នា។ អាមេរិកវាយប្រហារទីតាំងភ័ស្តុភារ និងធ្វើឱ្យសង្គ្រាមឆាបឆេះកាន់តែខ្លាំងបន្ទាប់ពីកិច្ចព្រមព្រៀងនៃបទឈប់បាញ់បានបរាជ័យទៅវិញ។ គូវែតរងការវាយប្រហារជាប់ជាប្រចាំពីសំណាក់យោធាអ៊ីរ៉ង់។ ក្នុងនោះ រោងចក្រចម្រាញ់ទឹកស្អាតក៏រងការវាយប្រហា។ រីឯអាកាសយានដ្ឋានអន្តរជាតិគូវែតក៏ត្រូវផ្អាកដំណើរការជាបណ្ដោះអាសន្នបន្ទាប់ពីមានការគំរាមកំហែងពីមីស៊ីល និងដ្រូនរបស់អ៊ីរ៉ង់។

ឆ្មាំបដិវត្តឥស្លាមប្រកាសថាខ្លួនវាយប្រហារមជ្ឈមណ្ឌលគាំទ្រយោធាអាមេរិកនៅ «ខេមអារីហ្វចាន -Camp Arifjan» និងបានកម្ទេចទីតាំងរ៉ាដានៅមូលដ្ឋានទ័ពអាកាសអាលី អាល់ សាឡឹម (Ali Al Salem)។ សាជីវកម្មប្រេងគូវែតថ្លែងថាទីតាំងស្តុកទុកប្រេងមួយកន្លែងរបស់ខ្លួនរងការវាយប្រហារផ្ទួនៗគ្នាពីសំណាក់មីស៊ីលរបស់អ៊ីរ៉ង់បណ្ដាលឱ្យខូចខាតយ៉ាងដំណំ និងក៏បណ្ដាលឱ្យមនុស្សមួយចំនួនរងរបួសផងដែរ។ កាលពីព្រឹកមិញ កងទ័ពគូវែតប្រកាសថាពួកគេស្ទាក់ចាប់បានមីស៊ីលផ្លោង និងដ្រូនរបស់អ៊ីរ៉ង់ដែលហោះចូលដែនអាកាសគូវែត។ ភ្នាក់ងារអគ្គិភ័យ និងកម្មករប្រេងជាច្រើននាក់រងរបួសនៅពេលពួកគេចុះអន្តរាគមន៍ពន្លត់ភ្លើង។

អ៊ីរ៉ង់វាយប្រហារលើកនេះដើម្បីឆ្លើយតបទៅអាមេរិកដែលវាយប្រហារស្ពាន រោងចក្រអគ្គិសនី និងហេដ្ឋារចនាសម្ព័ន្ធដទៃទៀតរបស់ខ្លួន។ ឆ្មាំបដិវត្តឥស្លាមប្រកាសថាដោយសារគ្មានស្ថាប័នអន្តរជាតិណាអាចទប់ស្កាត់ទង្វើដ៏សាហាវរបស់យោធាអាមេរិក ដូច្នេះ យើងគ្មានជម្រើសអ្វីក្រៅពីធ្វើតាមគម្ពីរកូអាននោះទេ។ អ្នកត្រូវតែវាយប្រហារបកវិញឱ្យដូចអ្វីដែលគេធ្វើដាក់អ្នក។ ឆ្មាំបដិវត្តព្រមានទុកជាមុនថាបណ្ដាប្រទេសនៅឈូងសមុទ្រត្រូវតែត្រៀមខ្លួនទុកឱ្យហើយទៅដើម្បីទទួលយកការវាយប្រហារបន្ថែមទៀត។ សារព័ត៌មានរដ្ឋអ៊ីរ៉ង់ផ្សាយថាឆ្មាំបដិវត្តឥស្លាមបានវាយប្រហារទីតាំងមួយកន្លែងនៅប្រទេសបារ៉េនដែលជាទីសំចតនៃយន្តហោះចម្បាំងអាមេរិកនៅមូលដ្ឋានទ័ពអាកាសសេក ឥសា (Sheikh Isa) និងក៏វាយប្រហារផងដែរទៅលើមជ្ឈមណ្ឌលប្រមូលទិន្នន័យចារកម្ម។

ឆ្មាំបដិវត្តថ្លែងថាខ្លួនបានវាយកម្ទេចយន្តហោះចម្បាំង២គ្រឿង និងយន្តហោះធម្មតា៣គ្រឿងរបស់អាមេរិកដោយប្រើប្រាស់មីស៊ីលផ្លោងបាញ់ទៅលើមូលដ្ឋាននៅអាល់ អាស់រ៉ាក់ (Al Azraq) ប្រទេសហ្សកដង់។ នៅក្នុងស្ថានភាពតានតឹងនេះ ប្រេងឆៅចាប់ផ្ដើមឡើងថ្លៃលើសពី៤%ដែលជាតម្លៃខ្ពស់បំផុតនៅក្នុងរយៈពេលមួយខែចុងក្រោយ។ ដូច្នេះ វាជាការដាក់សម្ពាធបន្ថែមទៀតទៅលើលោកត្រាំ និងគណបក្សសាធារណរដ្ឋដែលប្រឈមនឹងការចាញ់ឆ្នោតនៅរដ្ឋសភា ឬព្រឹទ្ធសភានាខែវិច្ឆិកាខាងមុខនេះ។ សារព័ត៌មានអ៊ីរ៉ង់រាយការណ៍ថាអាមេរិកវាយប្រហារខេត្តហ័រម៉ូសហ្កាន (Hormozgan) ដែលស្ថិតនៅតាមច្រកហ័រម៉ូស។ មនុស្ស៣នាក់បានស្លាប់ និង៨នាក់រងរបួស, ស្ពាន២ខ្សែ និងផ្លូវក្រោមដី១ខ្សែរងការខូចខាត។ កាលពី១ថ្ងៃមុននេះ អាមេរិកវាយប្រហារស្ពានយ៉ាងតិច៥ខ្សែនៅភាគខាងត្បូង បណ្ដាលឱ្យស្លាប់មនុស្ស៧នាក់។ ស្ថានីយរថភ្លើង និងអាកាសយានដ្ឋានរបស់អ៊ីរ៉ង់ក៏រងការវាយប្រហារផងដែរ៕ ប្រភព៖ Reuters

ចែករំលែកព័តមាននេះ