ខេត្តស្ទឹងត្រែង ៖ អាជីវកម្មបូមខ្សាច់ តាមផ្លូវទឹកមួយកន្លែង ស្ថិតក្នុងភូមិខ្សាច់ថ្មីតូច ឃុំតាឡាត ស្រុកសេសាន កំពុងក្លាយជាចំណុចចាប់អារម្មណ៍ បន្ទាប់ពីសមត្ថកិច្ចចុះពិនិត្យ រកឃើញមានជនជាតិវៀតណាម ចំនួន ៣នាក់ លួចស្នាក់នៅ និងប្រកបការងារខុសគោលការណ៍ច្បាប់ ទាំងដែលអាជ្ញាប័ណ្ណអាជីវកម្មនេះ ទើបតែត្រូវបានចុះហត្ថលេខា អនុញ្ញាតបានត្រឹមតែ ៣ថ្ងៃប៉ុណ្ណោះ ។
យោងតាមប្រភពព័ត៌មានពីមូលដ្ឋាន បានឱ្យដឹងថា ទីតាំងបូមខ្សាច់ខាងលើនេះ បានធ្វើសកម្មភាពអស់រយៈពេលជាងខែកន្លងមកហើយ។ អ្វីដែលជាមន្ទិលនោះ គឺមុនពេលមានការបែកធ្លាយព័ត៌មានជុំវិញវត្តមានជនជាតិវៀតណាមខុសច្បាប់ទាំងនេះ ទាំងនគរបាលប៉ុស្តិ៍ មេឃុំតាឡាត ព្រមទាំងអាជ្ញាធរស្រុក សុទ្ធតែបានដឹងឮ និងដឹងពីសកម្មភាពនៅទីតាំងនោះ រួចមកហើយដែរ ។
លោក ប្រុស ដែលមានអាសយដ្ឋានបច្ចុប្បន្ននៅភូមិស្វាយរៀង ឃុំតាឡាត បានរៀបរាប់ប្រាប់អ្នកសារព័ត៌មាននៅទីតាំងបូមខ្សាច់ជាក់ស្តែង កាលពីរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ ថា ទីតាំងនេះ លោកទើបតែផ្លាស់ប្ដូរមកពីភូមិស្វាយរៀង។
លោកបន្តថា ខាងមន្ទីរធនធានទឹក មេឃុំ និងអាជ្ញាធរស្រុក (ក្នុងនោះមានលោក ឌីណា និងលោក សិដ្ឋ) បានចុះមកណែនាំណែ
នាំឱ្យធ្វើទៅតាមហ្នឹង ។
ទោះជាយ៉ាងណា នៅពេលអ្នកសារព័ត៌មាន ចោទសួរដេញដោលថា «គ្រាន់តែបូមខ្សាច់ ហេតុអ្វីចាំបាច់ប្រើប្រាស់កម្លាំងពលកម្មជាជនជាតិវៀតណាម ?» លោក ប្រុស បានទទួលស្គាល់ និងឆ្លើយតបយ៉ាងខ្លីថា គឺពឹងពាក់ពួកគាត់ឱ្យជួយ ដោយមានចំនួន ៤នាក់។
ជុំវិញគម្រោងអាជីវកម្មនេះ លោកស្រី ញ៉ែម សុម៉ាលី ប្រធានមន្ទីររ៉ែ និងថាមពលខេត្តស្ទឹងត្រែង បានបញ្ជាក់បំភ្លឺប្រាប់ក្រុមសារព័ត៌មានថា នៅចំណុចភូមិខ្សាច់ថ្មីតូចនោះ គឺមានទីតាំងចំនួនពីរ ដោយទីតាំងចាស់មានមួយ ចំណែកទីតាំងថ្មីនេះ ម្ចាស់អាជីវកម្មបានស្នើសុំដូរទីតាំង ស្នើថ្មីនេះជិតកន្លះឆ្នាំមកហើយ ។
ផ្អែកតាមឯកសារផ្លូវការ អាជ្ញាបណ្ណសិប្បកម្មធនធានរ៉ែ (សម្រាប់អាជ្ញាបណ្ណបូមយកខ្សាច់តាមផ្លូវទឹក) លេខ០១៤/២៦ អ.ប គឺទើបតែត្រូវបានចុះហត្ថលេខាសម្រេច អនុញ្ញាតដោយ លោក សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ ថ្មីៗនេះ ។
អាជ្ញាប័ណ្ណនេះ អនុញ្ញាតឱ្យលោកស្រី វ៉ាន់ ធូ ធ្វើអាជីវកម្មបូមខ្សាច់នៅតំបន់ភូមិខ្សាច់ថ្មីតូច ឃុំតាឡាត ដោយប្រការ២ នៃអាជ្ញាប័ណ្ណ បានចែងច្បាស់ថា ម្ចាស់អាជីវកម្មត្រូវដំណើរការប្រតិបត្តិការ ស្របតាមសេចក្តីសម្រេចលេខ ០/៦៣ ស្តីពីលក្ខខណ្ឌនៃអាជ្ញាបណ្ណសិប្បកម្មធនធានរ៉ែ ។
ទោះបីជាលិខិតបទដ្ឋានគតិយុត្ត ទើបតែធ្លាក់មកដល់ដៃម្ចាស់អាជីវកម្មក្តៅៗក៏ដោយ ប៉ុន្តែការអនុវត្ត ជាក់ ស្តែងហាក់ដើរខុសគន្លងច្បាប់។ បន្ទាប់ពីមានការសាកសួរដេញដោលពីសំណាក់មជ្ឈដ្ឋានច្រើនជំនាញ នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល សហការជាមួយលោកជំទប់ទី២ ឃុំតាឡាត បានចុះពិនិត្យទីតាំងបូមខ្សាច់របស់លោកស្រី វ៉ាន់ ធូ ជាក់ស្តែង ហើយក៏បានរកឃើញជនជាតិវៀតណាម ចំនួន ០៣នាក់ កំពុងស្នាក់នៅ និងធ្វើការងារក្នុងមូលដ្ឋានឃុំតាឡាត ។
នគរបាលប៉ុស្តិ៍ ថាតាមការពិនិត្យលើលិខិតឆ្លងដែន និងទិដ្ឋាការ (Visa) ឃើញថា ជនជាតិវៀតណាមទាំងនោះ កំពុងប្រើប្រាស់ «ទិដ្ឋាការទេសចរណ៍» ប៉ុន្តែបានលួចមកប្រកបការងារជាក់ស្តែង ដែលជាការប្រើប្រាស់ទិដ្ឋាការខុសគោលបំណង និងល្មើសច្បាប់ស្តីពីអន្តោប្រវេសន៍ ។
ក្រោយការរកឃើញ អាជ្ញាធរមានសមត្ថកិច្ចបានធ្វើការអប់រំណែនាំដល់ជនបរទេសទាំងនោះ ដោយតម្រូវឱ្យពួកគេទៅស្នើសុំប្តូរប្រភេទទិដ្ឋាការការងារ (Business Visa) ឱ្យបានត្រឹមត្រូវ។ ជាមួយគ្នានោះ សមត្ថកិច្ចបានបញ្ជាក់ថា ក្នុងករណី ដែលពួកគេមានបំណងស្នាក់នៅធ្វើការងាររយៈពេលវែង ម្ចាស់អាជីវកម្ម និងសាមីខ្លួន ត្រូវតែបំពេញបែបបទរៀបចំធ្វើប័ណ្ណការងារ (Work Permit) និងសៀវភៅការងារ ឱ្យស្របទៅតាមច្បាប់ស្តីពីអន្តោប្រវេសន៍ នៃព្រះរាជាណាចក្រកម្ពុជា ជាដាច់ខាត ។
មជ្ឈដ្ឋានជុំវិញកំពុងរង់ចាំមើលថា តើចំណាត់ការបន្តរបស់អាជ្ញាធរខេត្តស្ទឹងត្រែង នឹងទៅជាយ៉ាងណា ចំពោះអាជីវកម្មដែលទើបទទួលបានអាជ្ញាប័ណ្ណ តែបែរជាបើកដៃឱ្យមានការប្រើប្រាស់ពលកម្មបរទេសខុសច្បាប់ភ្លាមៗបែបនេះ ? ៕











ចែករំលែកព័តមាននេះ