ខេត្តព្រះសីហនុ ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើងកាលពីវេលាម៉ោងជាង ៧យប់ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦នេះ បន្ទាប់ពីគេបានឃើញរថយន្តដឹកសម្ភារៈ មួយគ្រឿង បានបើកបរនៅលើដងផ្លូវ ទាំងកំពុងមានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅនៅផ្នែកខាងក្រោយ ។
តាមប្រភពព័ត៌មានបឋម បានឱ្យដឹងថា រថយន្តបង្កហេតុខាងលើ បានធ្វើដំណើរចេញពីតំបន់សេដ្ឋកិច្ចពិសេស តាមបណ្តោយផ្លូវជាតិលេខ៤។ ហើយមានភ្លើងឆាបឆេះសម្ភារៈអេតចាយនៅផ្នែកខាងក្រោយរថយន្ត ប៉ុន្តែអ្នកបើកបរបានសម្រេចចិត្ត បន្តបើកបរទាំងអណ្តាតភ្លើងកំពុងឆេះ រួចបត់ចូលតាមផ្លូវជាតិលេខ៣ ក្នុងគោលបំណងស្វែងរកទីតាំងមានសុវត្ថិភាព។ លុះធ្វើដំណើរបានចម្ងាយប្រមាណជិត ១គីឡូម៉ែត្រ ពីចំណុចរង្វង់មូលវាលរេញ ដែលជាតំបន់វាលដាច់ស្រឡះ និងមិនមានផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ ទើបអ្នកបើកបរសម្រេចចិត្តឈប់រថយន្ត រួចចុចលើកបែនទម្លាក់សម្ភារៈ ដែលកំពុងឆេះទាំងនោះចេញពីលើរថយន្ត ដើម្បីការពារកុំឱ្យភ្លើងឆេះរាលដាលដល់ក្បាលរថយន្ត ។
ភ្លាមៗនោះដែរ គេសង្កេតឃើញកម្លាំងសមត្ថកិច្ចជំនាញ ដែលបានដេញតាមពីក្រោយយ៉ាងប្រកៀកប្រកិត រួមជាមួយរថយន្តពន្លត់អគ្គិភ័យ បានជួយអន្តរាគមន៍បាញ់ទឹកពន្លត់ និងគ្រប់គ្រងស្ថានការណ៍នៅកន្លែងកើតហេតុភ្លាមៗ មិនឱ្យរីករាលដាលទៅទីតាំងផ្សេងឡើយ ។
នៅក្នុងហេតុការណ៍ដ៏រន្ធត់នេះ អ្នកបើកបររថយន្តបានរងរបួសស្រាល ហើយត្រូវបានកម្លាំងសមត្ថកិច្ចជួយសង្គ្រោះ និងបញ្ជូនទៅព្យាបាល ព្រមទាំងបន្តធ្វើការសួរនាំទៅតាមនីតិវិធី។ ចំពោះមូលហេតុពិតប្រាកដ ដែលនាំឱ្យមានការឆាបឆេះសម្ភារៈអេតចាយលើរថយន្តនេះ គឺសមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវ និងមិនទាន់អាចបញ្ជាក់បាននៅឡើយទេ។ ព័ត៌មានលម្អិតបន្ថែម កោះសន្តិភាពនឹងផ្សាយជូននៅពេលក្រោយ ៕






ចែករំលែកព័តមាននេះ