រាជធានីភ្នំពេញ ៖ ក្មេងស្រីចំនួន៥នាក់ មានវ័យចាប់ពី១៤ឆ្នាំចុះក្រោម បានជិះម៉ូតូ ១គ្រឿង ឌុបគ្នា ធ្វើដំណើរបញ្ច្រាស់ទិសដៅចរាចរណ៍ រួចឆ្លងផ្លូវ ក៏ត្រូវបានរថយន្តកុងតឺន័រ ១គ្រឿង កំពុងបើកលឿនជ្រុលទៅបុក និងកិន បណ្ដាលឲ្យស្លាប់បាត់បង់ជីវិតម្នាក់ភ្លាមៗនៅហ្នឹងកន្លែង រងរបួសធ្ងន់ចំនួន ៣នាក់ និងស្រាល ១នាក់ ។
ឧប្បត្តិហេតុនោះ បានកើតឡើងកាលពីវេលាម៉ោង២រសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ នៅលើផ្លូវជាតិលេខ៤ ត្រង់ចំណុចខាងកើតផ្សារថ្នល់ទទឹងចន្លោះគីឡូម៉ែត្រលេខ២៩-៣០ ស្ថិតនៅក្នុងភូមិទន្លាប់ខ្ពស់ត្បូង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល ។
ក្មេងស្រី ដែលស្លាប់ឈ្មោះដារ៉ានុត សូរិយា អាយុ១២ឆ្នាំ ដោយឡែកក្មេងស្រីរងរបួសធ្ងន់ និងស្រាលរួមមាន ៖ ១-ឈ្មោះ ស៊ា ចាន់រ៉ា អាយុ១២ឆ្នាំ (របួសធ្ងន់) ២-ឈ្មោះ ដារ៉ានុត ដានូណា អាយុ០៧ឆ្នាំ (របួសធ្ងន់) ទាំង២នាក់នេះមានទីលំនៅភូមិបឹងត្នោត ឃុំតាលោ ស្រុកតាលោកសែនជ័យ ខេត្តពោធិ៍សាត់ ។ ៣-ឈ្មោះធិន ស្រីពៅ ភេទស្រី អាយុ១៤ឆ្នាំ មានទីលំនៅភូមិព្រៃសំបួរ ឃុំមាន ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ(របួសធ្ងន់) និង៤-ឈ្មោះស៊ា ចាន់ស៊ី ភេទស្រី អាយុ០៣ឆ្នាំ មានទីលំនៅភូមិបឹងត្នោត ឃុំតាលោ ស្រុកតាលោកសែនជ័យ ខេត្តពោធិ៍សាត់ (របួសស្រាល) ។
ប្រជាពលរដ្ឋ បាននិយាយថា នៅមុនពេលកើតហេតុក្មេងស្រីរងគ្រោះ ទាំង៥នាក់ បានជិះម៉ូតូ១គ្រឿង ម៉ាកហុងដាវ៉េវ ពណ៍ខ្មៅពាក់ស្លាកលេខពោធិ៍សាត់1M-6420 បើកបរដោយក្មេងស្រីឈ្មោះ ស៊ា ចាន់រ៉ា ឌុបគ្នា ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើតបញ្ច្រាស់ទិសដៅចរាចរណ៍ ។ លុះពេលទៅដល់ចំណុចកើតហេតុ បានឆ្លងផ្លូវជាតិលេខ៤ ក្នុងទិសដៅពីជើងទៅត្បូង ខណៈនោះស្រាប់តែរថយន្តកុងតឺន័រខាងលើ បើកបរក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿនទៅដល់បុក និងកិន ។ បណ្ដាលឲ្យស្លាប់ម្នាក់ និងរងរបួសធ្ងន់ស្រាលចំនួន៤នាក់ តែម្ដង រីឯម៉ូតូបានដាច់ជាបំណែកៗ គឺម៉ាស៊ីនដោយម៉ាស៊ីន តួដោយតួសំប៉ែតក្លាយជាដែកអេតចាយ ។
ប្រភពដដែល បានប្រាប់ឲ្យដឹងបន្តថា បន្ទាប់មករថយន្តបង្កបានបើករត់គេចសំដៅទិសខាងលិច ប៉ុន្តែត្រូវបានអ្នកដំណើរតាមផ្លូវ និងសមត្ថកិច្ច ដេញតាមឃាត់បាននៅត្រង់ចំណុចជិតផ្សារថ្នល់ទទឹក ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ចំណែកអ្នកបើកបររត់គេចខ្លួនបាត់ ។ ក្រោយពេលកើតហេតុ នគរបាលស្រុកអង្គស្នួល បានចុះទៅធ្វើការវាស់វែង និងប្រគ់យកសាកសពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី រួចចនាំយកម៉ូតូ និងរថយន្តទៅរក្សាទុកនៅអធិការដ្ឋានស្រុកអង្គស្នួល រង់ចាំការដោះស្រាយនៅពេលក្រោយ ៕





ចែករំលែកព័តមាននេះ