ខេត្តព្រះសីហនុ ៖ រថយន្តធុនធំសណ្តោងរ៉ឺម៉កមួយគ្រឿង បានបើកបរក្នុងស្ថានភាពផ្លូវកោង បង្កគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បណ្តាលឱ្យមនុស្សម្នាក់ស្លាប់នៅនឹងកន្លែង ។
ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១៦ កក្កដា ២០២៦ វេលាម៉ោង ១២:៤០នាទី លើដងផ្លូវជាតិលេខ ១៤៦B (វិថីសម្តេចសង្ឃ) ចន្លោះបង្គោលគីឡូម៉ែត្រលេខ០៤-០៥ ស្ថិតក្នុងភូមិចំការកៅស៊ូ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
តាមសមត្ថកិច្ចបានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងដោយរថយន្ត ០១គ្រឿង ម៉ាក SHACMAN ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3F-4354 និងស៊ីទែនសណ្តោងរ៉ឺម៉ក ពាក់ផ្លាកលេខ ភ្នំពេញ 4A-9431 មានទិសដៅពីស្រុកព្រៃនប់ឆ្ពោះទៅស្រុកស្ទឹងហាវ (ពីកើតទៅលិច) និងមិនទាន់ស្គាល់អត្តសញ្ញាណអ្នកបើកបរ (បានរត់គេចខ្លួនបាត់) ។
លុះមកដល់ចំណុចខាងលើ ស្ថានភាពផ្លូវកោង ក៏បានកៀររថយន្ត ០១គ្រឿងម៉ាក FUSO ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3A-3120 និងសឺមីរ៉ឺម៉ក ពាក់ផ្លាកលេខ ភ្នំពេញ 4A-5042 ដែលមានទិសដៅផ្ទុយគ្នា បើកបរដោយឈ្មោះ យ៉ាន់ ប៊ុនណា ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរបើកបររថយន្ត មានទីលំនៅភូមិបាក់រនាស់ ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ ដោយបានកៀរសឺមីរ៉ឺម៉កចំពីចំហៀងខាងក្រោយចំហៀងខាងឆ្វេង រួចហើយក៏បានបន្តទៅបុកម៉ូតូ ០១គ្រឿងទៀតម៉ាក HONDA WAVE ពណ៌ខ្មៅ ពាក់ផ្លាកលេខ ព្រះសីហនុ 1L-8663 ដែលមានទិសដៅផ្ទុយគ្នា (ជាមួយរថយន្តបង្ក) បើកបរដោយឈ្មោះ រីម វីរៈ ភេទប្រុស អាយុ ២១ ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិបន្ទាយប្រិយ៍ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលកំពុងបើកបរពីក្រោយរថយន្តម៉ាក FUSO ចំពីចំហៀងខាងឆ្វេងពេញទំហឹងតែម្តង។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បណ្តាលឱ្យអ្នកបើកបរម៉ូតូស្លាប់នៅនឹងកន្លែងកើតហេតុ ។
បច្ចុប្បន្ន សាកសព ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាង (រថយន្តនិងម៉ូតូ) ត្រូវបានយកមករក្សាទុកជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់។ ដោយឡែក អ្នកបើកបររថយន្តម៉ាក SHACMAN បានគេចចេញពីកន្លែងកើតហេតុបាត់ មុនពេលសមត្ថកិច្ចទៅដល់កន្លែងកើតហេតុ ៕







ចែករំលែកព័តមាននេះ