ទីក្រុងប៉េកាំង ៖ ក្រុមហ៊ុនផលិតឧបករណ៍ប្រើប្រាស់នៅក្នុងផ្ទះដ៏ល្បីរបស់ប្រទេសចិន Midea បានបង្កើនល្បឿនសង្វាក់ផលិតកម្ម ក៏ដូចជាបានដឹកជញ្ជូនម៉ាស៊ីនត្រជាក់ចំនួន ២០ ០០០ គ្រឿងទៅកាន់ប្រទេសបារាំងក្នុងរយៈពេលត្រឹមតែ៧ថ្ងៃប៉ុណ្ណោះ ដើម្បីឆ្លើយតបនឹងតម្រូវការកំពុងកើនឡើងខ្លាំង ដោយសាររលកកំដៅខ្លាំងកំពុងវាយប្រហារពាសពេញតំបន់អឺរ៉ុប។ នេះបើតាមប្រភពពីកាសែត South China Morning Post និង The Standard Hong Kong កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦។
ក្រុមហ៊ុនខ្នាតយក្សសម្រាប់ផលិតផលម៉ាស៊ីនត្រជាក់របស់ចិនមួយនេះ បានបង្កើនសមត្ថភាពផលិតកម្មរបស់ខ្លួនទ្វេដង រហូតដល់ ៦ ០០០ គ្រឿងក្នុង១ថ្ងៃ និងបានបើកដំណើរការផលិតកម្មថ្មីមួយ កាលពីថ្ងៃទី៧ ខែកក្កដា កន្លងទៅ ដោយអាចផលិតបានគ្រប់ចំនួន ២០,០០០គ្រឿងទាំងស្រុង ក្នុងរយៈពេលត្រឹមតែ៣ថ្ងៃកន្លះប៉ុណ្ណោះ។ ក្រុមហ៊ុនបានផ្តល់អាទិភាពខ្ពស់ដល់ការបញ្ជាទិញរបស់ប្រទេសបារាំង ដោយបែងចែកកម្លាំងពលកម្ម និងសមត្ថភាពផលិតកម្មបន្ថែម បើទោះបីជារោងចក្ររបស់ខ្លួនកំពុងដំណើរការពេញសមត្ថភាព ដើម្បីបំពេញតម្រូវការក្នុងស្រុកយ៉ាងណាក៏ដោយ។
ការបញ្ជាទិញនេះទៀតសោត គឺជាលើកដំបូងបង្អស់ដែលក្រុមហ៊ុន Midea ប្រើប្រាស់ការដឹកជញ្ជូនផ្លូវគោកឆ្លងកាត់ព្រំដែន ដោយក្រុមហ៊ុនរំពឹងថានឹងដឹកជញ្ជូនទៅដល់ឃ្លាំងអតិថិជនក្នុងរយៈពេលប្រហែល ១៥ ថ្ងៃ ដែលកាត់បន្ថយពេលវេលាដឹកជញ្ជូនសរុបពាក់កណ្តាល បើធៀបនឹងការដឹកជញ្ជូនតាមផ្លូវសមុទ្រ។
រលកកំដៅដែលកំពុងបោកបក់កាត់តំបន់អឺរ៉ុប បានជំរុញតម្រូវការហក់ឡើងយ៉ាងគំហុកសម្រាប់ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះរបស់ចិន។ យោងតាមប្រភពពីសារព័ត៌មាន Caixin Global ក្រុមហ៊ុន Midea បានឱ្យដឹងថា ការលក់ម៉ាស៊ីនត្រជាក់ចល័តមិនបាច់ចាប់ជាប់ ជញ្ជាំង ដែលរចនាឡើងសម្រាប់តម្រូវតំបន់អឺរ៉ុប បានហក់ឡើងលើសពី ២០ម៉ឺនគ្រឿងហើយនៅក្នុងឆ្នាំនេះ ពោលកើនឡើងទ្វេដងធៀបនឹងឆ្នាំមុន ហើយម៉ូដែលនេះក៏បានលក់ដាច់អស់ពីស្តុកនៅក្នុងប្រទេសអាល្លឺម៉ង់ បារាំង ហូឡង់ និងចក្រភពអង់គ្លេសផងដែរ។
បើតាមប្រភពពីទីភ្នាក់ងារសារព័ត៌មាន Reuters ដែលចេញផ្សាយនៅថ្ងៃទី១៣ ខែកក្កដា កន្លងទៅ បានឱ្យដឹងថា បណ្តាប្រទេសក្នុងតំបន់អឺរ៉ុបបានកត់ត្រាចំនួនអ្នកស្លាប់ជាង ១០ ០០០ នាក់ អំឡុងពេលរលកកម្ដៅដ៏ក្ដៅបំផុតមិនធ្លាប់មាន ដែលបានគ្របដណ្តប់លើផ្នែកខាងលិចនៃទ្វីបមួយនេះ កាលពីចុងខែមិថុនា កន្លងទៅ។
ទិន្នន័យចេញផ្សាយដោយ EuroMOMO ដែលជាបណ្តាញគាំទ្រដោយមជ្ឈមណ្ឌលអឺរ៉ុបសម្រាប់ការបង្ការ និងគ្រប់គ្រងជំងឺ (ECDC) និងអង្គការសុខភាពពិភពលោក (WHO) ក៏បានបង្ហាញដែរថា ភាគច្រើនលើសលប់នៃអ្នកស្លាប់ជាង ៩ ០០០ នាក់ គឺជាមនុស្សមានអាយុចាប់ពី ៦៥ ឆ្នាំឡើងទៅ។ ដ្បិតកំដៅក្តៅខ្លាំងអាចបណ្តាលឱ្យស្លាប់បាន តាមរយៈជំងឺដាច់សរសៃឈាមខួរក្បាល ឬបញ្ហាសរសៃឈាមបេះដូង និងជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ ដោយក្នុងនោះមនុស្សចាស់ស្ថិតក្នុងចំណោមក្រុមមនុស្សងាយរងគ្រោះបំផុត៕



ចែករំលែកព័តមាននេះ