ល្បិចចាស់តែនៅមានប្រសិទ្ធភាព! យកមាសក្លែងក្លាយមកលក់បានលុយរួចនាំគ្នាទៅបាត់ ទើបអាជីវករផ្សារអ្នកលឿងម្នាក់ដឹងថា ចាញ់បោកគេ អស់ជាង៧ពាន់ដុល្លារ
- ព្រៃវែង
ខេត្តព្រៃវែង ៖ ល្បិចបោកចាស់ ប៉ុន្តែនៅមានប្រសិទ្ធភាព ស្ត្រីពីរនាក់បានយកខ្សែក្រមាសក្លែងក្លាយមួយខ្សែ ទម្ងន់មួយដំឡឹងកន្លះ មកលក់ឲ្យអាជីវករទិញលក់មាសម្នាក់នៅផ្សារអ្នកលឿង យកលុយបានជាង ៧.០០០ ដុល្លារ រួចគេចខ្លួនបាត់ដោយសុវត្ថិភាព។
ករណីនេះបានកើតឡើងកាលពីវេលាម៉ោង ១១ និង ៤៥ នាទីព្រឹកថ្ងៃទី ១២កក្កដា នៅតូបលក់មាសមួយកន្លែងយីហោ ងួន អៀង ក្នុងផ្សារអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង។
ជនរងគ្រោះមានឈ្មោះ ងួន អៀង ភេទប្រុសអាយុ 74 ឆ្នាំមានទីលំនៅក្នុងភូមិឃុំកើតហេតុ។
ជនរងគ្រោះបានរៀបរាប់ប្រាប់សមត្ថកិច្ចថា នៅវេលាម៉ោង ១១ និង ៤៥នាទីព្រឹក ថ្ងៃទី ១២ កក្កដា មានស្ត្រីពីរនាក់ដែលម្នាក់ជាជនជាតិវៀតណាម និងម្នាក់ទៀតជនជាតិខ្មែរ បានយកខ្សែកមាសមួយខ្សែ ទម្ងន់មួយដំឡឹងកន្លះមកលក់ឲ្យខ្លួន ក្នុងតម្លៃ ៧.២០០ ដុល្លារ។
ក្រោយពីទទួលបានលុយរួច ស្ត្រីពីរនាក់នោះក៏នាំគ្នាចាកចេញទៅបាត់។ ចំណែករូបគាត់ យកខ្សែកមាសនោះមកពិនិត្យមើលចុះឡើង ដូចជាសង្ស័យ ក៏យកខ្សែកនោះទៅហាងលក់មាស លីសួន ឲ្យជាងដុតមើល ទើបដឹងថាជាមាសក្លែងក្លាយ ហើយក៏ទៅប្ដឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ភ្លាមៗតែម្ដង។
សមត្ថកិច្ចបានឲ្យដឹងថា ថ្វីត្បិតជនសង្ស័យបានគេចខ្លួនបាត់ ប៉ុន្តែកាមេរ៉ាសុវត្ថិភាពក្នុងផ្ទះជនរងគ្រោះ ថតជាប់ផ្ទៃមុខជនសង្ស័យទាំងពីរនាក់ហើយ ដូច្នេះពួកគេមិនអាចគេចខ្លួនបានយូរនោះទេ សមត្ថកិច្ចកំពុងកសាងសំណុំរឿង និងតាមស្រាវជ្រាវរកជនសង្ស័យ ដើម្បីឃាត់ខ្លួន ចាត់ការទៅតាមនីតិវិធី ៕




ចែករំលែកព័តមាននេះ