ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនួប​យក្ស​អឺរ៉ុប ៖ មាន់គក​បារាំង ប៉ះ គោ​ជល់​អេ​ស្ប៉ា​ញ វគ្គ ១/២ ផ្តាច់ព្រ័ត្រ World Cup 2026

22 ម៉ោង មុន

សហរដ្ឋអាមេរិក ៖ បារាំង​នឹង​ត្រូវ​តទល់​ជាមួយ​អេ​ស្ប៉ា​ញ នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ព្រឹត្តិការណ៍ World Cup ឆ្នាំ​២០២៦​។ ការ​ប្រកួត​នេះ នឹង​ត្រូវធ្វើ​ឡើង​នៅ​ម៉ោង​២​ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​១៥ ខែកក្កដា (​ម៉ោង​នៅ​កម្ពុជា​) នៅ​ឯ​កីឡដ្ឋាន AT&T សហ​រដ្ឋអាមេរិក​។

ក្រុម​មាន់គក​បារាំង​បាន​ឡើង​មក​ដល់​វគ្គ​នេះ ក្រោយ​បាន​យកឈ្នះ​ក្រុម​ខ្លាំង​មក​ពី​អាហ្វ្រិក​ម៉ា​រ៉ុ​ក នៅ​ក្នុង​លទ្ធផល ២-០ វគ្គ​៨​ក្រុម​ចុង​ក្រោយ​។ ចំណែក​ក្រុម​គោ​ជល់​អេ​ស្ប៉ា​ញ​បាន​ទម្លាក់​ក្រុម​បិសាច​ក្រហម​បែ​ល​ហ្ស៊ិ​ក ដោយ​លទ្ធផល ២-១​។

ទោះ​យ៉ាងណា​ក៏​ដោយ បារាំង​ត្រូវ​បាន​គេ​មើលឃើញ​ថា​មាន​ប្រៀប​ជាង​អេ​ស្ប៉ា​ញ ដោយសារ​ទម្រង់​វាយ​សម្រុក​ដ៏​ខ្លាំងក្លា​។ ជាក់ស្តែង គិត​ត្រឹម​ថ្ងៃ​ទី​១២ ខែកក្កដា គេហទំព័រ​វិភាគ​បាល់ទាត់​ដ៏​ល្បី Opta ផ្តល់​ឱកាស​ឈ្នះ​ដល់​បារាំង ៤២,១% ក្នុង​ម៉ោង​ប្រកួត​ផ្លូវការ (៩០​នាទី​) ខណៈ​ឱកាស​អេ​ស្ប៉ា​ញ ៣១,៨%​។ ជាមួយ​ឱកាស ២៦,១% ដែល​ការ​ប្រកួត​នេះ នឹង​ឈាន​ចូល​ដល់​ម៉ោង​បន្ថែម ១៥​នាទី ២​ដង​។

បារាំង​ក្រោម​ការ​ដឹកនាំ​របស់​លោក Didier Deschamps ចាប់ផ្តើម​ព្រឹត្តិការណ៍ World Cup ឆ្នាំ​២០២៦ យ៉ាង​ល្អ​ឥត​ខ្ចោះ ពោល​ឈ្នះ​ទាំង ៦ ប្រកួត ស៊ុត​បញ្ចូល​លើ​គូប្រកួត​សរុប ១៦​គ្រាប់ និង​របូត​តែ ២​គ្រាប់​ប៉ុណ្ណោះ​។ បារាំង​បង្ហាញ​ទម្រង់​លេង​យ៉ាង​ខ្លាំងក្លា និង​គ្រប់គ្រង​ការ​ប្រកួត​បាន​យ៉ាង​ល្អ ទាំងគ្រប់​គ្រង​បាល់ និង​ការ​វាយ​សម្រុក​ដ៏​មាន​ប្រសិទ្ធភាព​។ ប្រធាន​ក្រុម Kylian Mbappé គឺជា​កូនសោ​ដ៏​សំខាន់​ក្នុង​តំបន់​ប្រយុទ្ធ ដោយ​រកបាន ៨ គ្រាប់ ហើយ​គិត​ត្រឹម​វគ្គ ៨ ក្រុម ដើម្បី​ប្រជែង​ស្បែកជើង​មាស​។

ភាព​មិន​អាច​មើល​រំលង​បាន​នោះ​គឺ ទម្រង់​លេង​សហការ​គ្នា​យ៉ាង​ល្អ បារាំង​ផ្តោត​លើ​ការ​ដាក់​សម្ពាធ​ខ្ពស់​លើ​គូប្រកួត និង​បង្កើត​ឱកាស​ស៊ុត​ចំ​គោលដៅ​ជា​បន្តបន្ទាប់ តាម​រយៈ​ការ​បញ្ជូន​បាល់​ច្បាស់​ពី​ខ្សែបម្រើ និង​ស្លាប ពិសេស​ការ​សហការ​ដ៏​ល្អ​រវាង Mbappé និង Ousmane Dembélé ជាដើម​។ សរុប​មក ក្រុម​ទាំងមូល​មាន​តុល្យភាព ខ្លាំង​ទាំង​ការពារ និង​ការ​វាយ​សម្រុក​លឿន ដែល​ធ្វើ​ឱ្យ​គូប្រកួត​ពិបាក​ក្នុង​ការ​ទប់ទល់​។

ចំណែក​អេ​ស្ប៉ា​ញ​ក្រោម​ការ​ដឹកនាំ​របស់​លោក Luis de la Fuente ក៏​ធ្វើ​បាន​ល្អ​ផង​ដែរ ពោល​ឈ្នះ ៥ និង​ស្មើ ១​។ អេ​ស្ប៉ា​ញ​នៅ​តែ​រក្សា​ប្រពៃណី​ជាមួយ​ទម្រង់​លេង​គ្រប់គ្រង​ការ​ប្រកួត​ទាំងស្រុង តាម​រយៈ​ការ​បញ្ជូន​បាល់​ខ្លី​ៗ និង​រហ័ស គួប​ផ្សំ​នឹង​ប្រព័ន្ធ​ការពារ និង​ការ​សង្គ្រោះ​បាល់​ពី​អ្នកចាំទី​ដៃ​ស្អិត Unai Simon ធ្វើ​ឱ្យ​ពួក​គេ​ក្លាយជា​ក្រុម​មាន​ប្រព័ន្ធ​ការពារ​ដ៏​រឹង​មាំ​មួយ​។

ការ​វាយ​សម្រុក​តាម​ស្លាប​ប្រកប​ដ៏​គ្រោះថ្នាក់ និង​ប្រសិទ្ធភាព ដឹកនាំ​ដោយ​កីឡាករ​វ័យក្មេង​ដ៏​ឆ្នើម Lamine Yamal និង​កីឡាករ​សំខាន់​ៗ​ផ្សេង​ទៀត តែងតែ​បង្កើត​ការ​គំរាមកំហែង​ខ្លាំង​លើ​ខ្សែការពារ​គូប្រកួត​។ ស្រប​ពេល​លោក Fuente ជា​រឿយ​ៗ​តែង​ប្រើ​យុទ្ធសាស្ត្រ​ប្តូរ​កីឡាករ​ដូរ​ចង្វាក់​លេង​លើ​ទីលាន ដោយ​មាន​កីឡាករ​បម្រុង​ដូច​ជា Mikel Merino និង Ferran Torres ប្តូរ​ចូល ដើម្បី​បំបែក​ភាព​ទាល់ច្រក​នៅ​ចុង​ម៉ោង​។

បារាំង និង​អេ​ស្ប៉ា​ញ គឺជា​គូប្រជែង​ដែល​ស្គាល់គ្នា​ច្បាស់​ណាស់ ហើយ​ធ្លាប់​ប្រឈម​មុខ​គ្នា​សរុប ៣៨ លើក​មក​ហើយ តែ​អេ​ស្ប៉ា​ញ​មាន​ប្រៀប​ជាង​ក្នុង​ប្រវត្តិ​ជួប​គ្នា ដោយ​ឈ្នះ​ចំនួន ១៨ លើក ចំណែក​បារាំង​ឈ្នះ ១៣ លើក ហើយ ៧ លើក​ទៀត​បញ្ចប់​ដោយ​លទ្ធផល​ស្មើគ្នា​។ ជួប​គ្នា​ចុង​ក្រោយ កាលពី​ជាង​១​ឆ្នាំ​មុន នៅ​ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ នៃ​ព្រឹត្តិការណ៍ UEFA Nations League ឆ្នាំ ២០២៥ កាលនោះ​អេ​ស្ប៉ា​ញ​យកឈ្នះ​បារាំង ៥-៤ ដោយ​កុមារ​ទេព Lamine Yamal រកបាន​២​គ្រាប់​ម្នាក់ឯង​។ ក្រុម​ទាំង​ពីរ​ធ្លាប់​ជួប​គ្នា​តែ​ម្តង​គត់ នៅ​ក្នុង​ព្រឹត្តិការណ៍ World Cup (​មិន​រាប់​ការ​ប្រកួត​ជម្រុះ​) ដោយ​បារាំង​ឈ្នះ​ក្នុង​លទ្ធផល ៣-១ នៅ​វគ្គ ១៦ ក្រុម កាលពី​ឆ្នាំ ២០០៦​។

សម្រាប់​ព្រឹត្តិការណ៍ World Cup ឆ្នាំ​២០២៦ បារាំង (១៩៩៨ និង ២០១៨) មក​នៅ​ក្នុង​នាម​ក្រុម​ស្វែងរក​ជើងឯក​ជា​លើក​ទី ៣ ដ្បិត​អេ​ស្ប៉ា​ញ (២០១០) ស្វែង​ការ​ឈ្នះ​ជា​លើក​ទី​២៕ ប្រភព ៖ Aljazeera និង​ប្រភព​ផ្សេង​ទៀត