ទីក្រុងតេអេរ៉ង់៖ ថ្ងៃនេះ យោធាអាមេរិក និងអ៊ីរ៉ង់វាយប្រហារទីតាំងគ្នាទៅវិញទៅមកដោយប្រើប្រាស់មីស៊ីល និងដ្រូន។ អ៊ីរ៉ង់វាយប្រហារមូលដ្ឋានយោធាអាមេរិកនៅតំបន់ឈូងសមុទ្រពែក្ស ហើយប្រកាសបិទច្រកសមុទ្រហ័រម៉ូស។ ការវាយប្រហារគ្នាអស់ជាច្រើនថ្ងៃកន្លងទៅនេះធ្វើឱ្យលោកត្រាំប្រកាសថាបទឈប់បាញ់រវាងប្រទេសទាំង២បានឈានដល់ទីបញ្ចប់ហើយ។ ប៉ុន្តែលោកនៅតែបើកទ្វារចំហជានិច្ចសម្រាប់ការចរចាគ្នា។ បញ្ហាចាប់ផ្ដើមឡើងកម្ដៅឡើងវិញបន្ទាប់ពីឆ្មាំបដិវត្តឥស្លាមវាយប្រហារកប៉ាល់ដឹកទំនិញមួយគ្រឿងនៅច្រកសមុទ្រហ័រម៉ូសក្រោមហេតុផលថាកប៉ាល់នោះមិនព្រមស្ដាប់តាមគោលការណ៍ណែនាំរបស់អ៊ីរ៉ង់។ នៅថ្ងៃនេះ ពួកគេថាបានបាញ់កប៉ាល់មួយគ្រឿងទៀត។

ឆ្មាំបដិវត្តប្រកាសថាច្រកសមុទ្រហ័រម៉ូសនឹងបន្តបិទដំណើរការរហូតដល់អាមេរិកបញ្ឈប់ការជ្រៀតជ្រែករបស់ខ្លួននៅតំបន់មជ្ឈិមបូព៌ា។ ទោះជាយ៉ាងណាក្ដី បញ្ជាការដ្ឋានកណ្ដាលយោធាអាមេរិកអះអាងថាកប៉ាល់ពាណិជ្ជកម្មនៅតែបន្តបើកចេញចូលច្រកនោះដូចធម្មតា។ បញ្ជាការដ្ឋានដដែលនេះ ថ្លែងបន្តទៀតថាយោធារបស់ខ្លួនវាយប្រហារគោលដៅរបស់អ៊ីរ៉ង់១៤០ទីតាំងកាលពីយប់ថ្ងៃសៅរ៍នៅក្នុងចំណោមទីតាំង៣០០កន្លែងដែលរងការវាយប្រហារចំនួនបីរាត្រី។ ធ្វើបែបនេះដើម្បីកុំឱ្យអ៊ីរ៉ង់មានកម្លាំងវាយប្រហារកប៉ាល់ស៊ីវិល និងកប៉ាល់ពាណិជ្ជកម្មដែលបើកកាត់ច្រកសមុទ្រហ័រម៉ូសដោយសេរី។

សារព័ត៌មានរដ្ឋអ៊ីរ៉ង់ផ្សាយថាមានករណីផ្ទុះជាច្រើនកន្លែងនៅតាមបណ្ដាទីក្រុងមាត់សមុទ្រនានា។ ជាកិច្ចឆ្លើយតប ឆ្មាំបដិវត្តថ្លែងថាខ្លួនបានបាញ់កម្ទេចមជ្ឈមណ្ឌលគ្រប់គ្រង-បញ្ជា និងវាយប្រហារទីតាំងបង្ហោះដ្រូនរបស់អាមេរិកនៅហ្សកដង់, វាយប្រហារទីតាំងរ៉ាដានៅគូវែត, វាយប្រហារទីតាំងផ្គត់ផ្គង់ និងចាក់សាំងឱ្យនាវាដឹកយន្តហោះនៅអូម៉ង់ និងវាយកម្ទេចមជ្ឈមណ្ឌលថែទាំ-ជួសជុលយន្តហោះចម្បាំង និងបញ្ជាការដ្ឋានមួយកន្លែងនៅសកាតា។ រដ្ឋាភិបាលកាតាប្រកាសថាមនុស្សបីនាក់រងរបួសដោយសារអំបែងគ្រាប់កាំភ្លើងប្លាតត្រូវ។ អារ៉ាប់រួមថ្លែងថាប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនបានតាមបាញ់មីស៊ីល និងដ្រូនដែលបញ្ជូនមកពីអ៊ីរ៉ង់។ នៅបារ៉េន គេស្ដាប់ឮសំឡេងស៊ីរ៉ែនប្រកាសអាសន្ន ខណៈដែលនៅទីក្រុងដូហា ប្រទេសកាតា គេស្ដាប់ឮសំឡេងផ្ទុះគ្រាប់កាំភ្លើង។

កាលពីព្រឹកមិញ មីស៊ីលបីគ្រាប់ដែលបាញ់ចេញពីទឹកដីអ៊ីរ៉ង់ធ្លាក់នៅប្រទេសហ្សកដង់ បណ្ដាលឱ្យខូចខាតសម្ភារៈមួយចំនួន។ ប៉ុន្តែគ្មានមនុស្សស្លាប់ ឬរបួសទេ។ នេះបើយោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានហ្សកដង់។ ប្រធានក្រុមចរចារបស់អ៊ីរ៉ង់បានបង្ហោះសារនៅលើបណ្ដាញអ៊ិចថាសករាជនៃកិច្ចព្រមព្រៀងដែលតម្រូវទៅតាមការចង់បានរបស់ភាគីតែម្ខាងបានបិទបញ្ចប់ហើយ។ យើងសូមប្រាប់អ្នកថា «ចូរអ្នកអនុវត្តដូចការសន្យារបស់ខ្លួន។ បើមិនដូច្នេះទេ អ្នកត្រូវតែបង់នូវតម្លៃដ៏ខ្ពស់។ អ្នកត្រូវតែហ៊ានប្រឈមនឹងការពិត»។ អាមេរិកមុនដំបូងអនុញ្ញាតឱ្យអ៊ីរ៉ង់នាំចេញប្រេងឆៅ។ ប៉ុន្តែបន្ទាប់ពីអ៊ីរ៉ង់វាយប្រហារកប៉ាល់ដឹកប្រេងរបស់កាតា និងអារ៉ាប៊ីសាអូឌីតនៅសប្ដាហ៍នេះ អាមេរិកក៏លែងអនុញ្ញាតតទៅទៀត។ អ៊ីរ៉ង់មិនបានប្រកាសទទួលស្គាល់ថាការវាយប្រហារកប៉ាល់ពាណិជ្ជកម្មជាស្នាដៃរបស់ខ្លួនទេ។ ប៉ុន្តែក្រុមអ្នកវិភាគថ្លែងថានោះជាស្នាដៃរបស់អ៊ីរ៉ង់ច្បាស់ណាស់។ ពួកគេធ្វើដូច្នេះដើម្បីតថ្លៃនៅក្នុងការចរចាគ្នា៕ ប្រភព៖ Reuters

ចែករំលែកព័តមាននេះ