សត្វជ្រូកចម្លែកមួយក្បាលដែលខ្លះគេហៅវាថា ជ្រូកព្រុល ហើយខ្លះថា ជ្រូកពោនមួយក្បាលត្រូវបានជួយសង្គ្រោះ ។ អង្គការ Cambodia Wildlife Care បានអះអាងថា ជ្រូកនេះមានឈ្មោះវិទ្យាសាស្ត្រថា Hog Badger ហើយក្រោយពេលសង្គ្រោះវាត្រូវបានព្រលែងទៅកាន់ដែនធម្មជាតិវិញនៅម្តុំ ថ្មបាំង ជីផាត ខេត្តកោះកុង ។

ជ្រូកព្រុល គឺជាសត្វប្រភេទសត្វកម្រ វាជាសត្វដែលមានមាឌធំ មានកន្ទុយខ្លី ជើងធំៗ និងមានក្រចកមាំកោងវែងពណ៍ស ច្រមុះរាងទ្រវែងដូចជ្រូក ។ ជាទូទៅវាមានសម្បុរលឿងខ្ចីប្រផេះ ឬខ្មៅ ដែលប្រែប្រួលទៅតាមរដូវកាល ផ្នែកលើខ្នងមានពណ៍ក្រម៉ៅជាងផ្នែកខាងក្រោម ។
នៅលើក្បាលមានឆ្នូតពណ៌សចេញពីត្រចៀកកាត់តាមភ្នែករហូតដល់ចុងច្រមុះ និងមានឆ្នូតខ្មៅនៅសង្ខាងភ្នែកដល់ត្រចៀក បន្ទាប់មកមានឆ្នូតសកាត់តាមថ្ពាល់ផ្នែកខាងលើ ទ្រូងនិងត្រចៀកមានពណ៌ស ។
ជ្រូកព្រុល ឬជ្រូកពោនជាសត្វរស់នៅលើដី តាមរូង ឬក្រហែងថ្ម និងរកស៊ុនៅពេលយប់ ។ វាមិនសូវពូកែភ្នែក និងត្រចៀកទេ តែវាប្រើច្រមុះហិតក្លិនច្រើនជាង ។ ការរកចំណីចាប់ផ្តើមចេញនៅពេលព្រលប់ដែលអាហាររបស់វា គឺមើមរុក្ខជាតិ ឬសឈើ ជន្លេន សត្វល្អិត និងសត្វតូចៗ ។
វាគឺជាថនិកសត្វ អាចមានកូនពី២ទៅ៣ក្បាល ហើយវាត្រូវបានគេដឹងថា មានដែនជំរក នៅតាមតំបន់ព្រៃ ស្ទើរទូទាំងប្រទេសកម្ពុជា ពិសេសគឺនៅភាគនិរតី ភាគឦសាន ភាគខាងជើងប្រទេស ។ វាជាប្រភេទសត្វស្ថិតក្នុងក្រុមមានដោយកម្រ និងមានចុះក្នុងបញ្ជីក្រហម IUCN ថាជាប្រភេទងាយរងគ្រោះ ។ ជ្រូកព្រុល កំពុងរងគ្រោះដោយសារ ការបរបាញ់ ទាក់ចាប់ ដើម្បីយកសំណាកធ្វើអាជីវកម្មផ្សេងៗ ៕
ចែករំលែកព័តមាននេះ