ទីក្រុងប៉េកាំង ៖ ធនាគារកណ្តាលរបស់ប្រទេសចិនបានបង្កើនទុនបម្រុងមាសរបស់ខ្លួនសម្រាប់រយៈពេល២០ខែជាប់ៗគ្នា ក្នុងខែមិថុនា ឆ្នាំ២០២៦ ដោយបានទិញចូលបន្ថែមចំនួន ១៤,៩៣ តោន ខណៈដែលទីក្រុងប៉េកាំងបន្តធ្វើពិពិធកម្ម ងាកចេញពីទ្រព្យសកម្មជាប្រាក់ដុល្លារសហរដ្ឋអាមេរិក។
តាមការចេញផ្សាយពីទីភ្នាក់ងារសារព័ត៌មាន Reuters ធនាគារប្រជាជនចិន (PBOC) បានឱ្យដឹងថា ចំនួនមាសសរុបរបស់ខ្លួនបានកើនឡើងដល់ ២ ៣៤៦ តោន នៅចុងខែមិថុនា ឆ្នាំ២០២៦ ដែលនេះជាការទិញចូលប្រចាំខែជាប់ៗគ្នារយៈពេកវែងបំផុត ចាប់តាំងពីឆ្នាំ ២០១៥ មក។ នេះបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់ចិនក្នុងការធ្វើពិពិធកម្មទុនបម្រុងរូបិយប័ណ្ណអន្តរជាតិរបស់ខ្លួន និងកាត់បន្ថយការពឹងផ្អែកលើទ្រព្យសកម្មដែលគិតជាប្រាក់ដុល្លារអាមេរិក។
ទោះយ៉ាងណាក៏ដោយ តាមក្រុមប្រឹក្សាមាសពិភពលោក (World Gold Council) មាសនៅតែមានចំនួនតិចជាង ១០% នៃទុនបម្រុងរូបិយប័ណ្ណអន្តរជាតិសរុបរបស់ប្រទេសចិននៅឡើយ ហើយបើយោងតាមរដ្ឋបាលរដ្ឋគ្រប់គ្រងរូបិយប័ណ្ណបរទេសរបស់ចិន (SAFE) បង្ហាញថា ទុនបម្រុងរូបិយប័ណ្ណអន្តរជាតិសរុបរបស់ចិនមានចំនួន ៣,៤១៦៣ ទ្រីលានដុល្លារអាមេរិក នៅចុងខែមិថុនា ពោលគឺធ្លាក់ចុះ ២៦ ពាន់លានដុល្លារអាមេរិក ឬ ០,៧៥% ធៀបនឹងខែឧសភា។
យោងតាមកាសែត South China Morning Post អ្នកវិភាគបានលើកឡើងថា មាសបានក្លាយជាទ្រព្យសកម្មកាន់តែសំខាន់ ដែលមានហានិភ័យទាបពីទណ្ឌកម្ម ភាពតានតឹងភូមិសាស្ត្រនយោបាយ និងភាពប្រែប្រួលនៅក្នុងប្រព័ន្ធហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិក។
នៅក្នុងរបាយការណ៍ព្យាករណ៍ពាក់កណ្តាលឆ្នាំ ២០២៦ កាលពីសប្តាហ៍មុន ក្រុមប្រឹក្សាមាសពិភពលោកបានបញ្ជាក់សារជាថ្មីអំពីសារៈសំខាន់ជាយុទ្ធសាស្ត្ររបស់មាសក្នុងនាមជាទ្រព្យសកម្មបម្រុង ដោយលើកឡើងថា ការទិញចូលរបស់បណ្តាធនាគារកណ្តាលនៅជុំវិញពិភពលោក ភាពមិនប្រាកដប្រជានៃភូមិសាស្ត្រនយោបាយ និងលទ្ធភាពនៃការបន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុ គឺជាកត្តាដែលជួយគាំទ្រដល់ទីផ្សារមាស៕ ប្រភព ៖ VnExpress


ចែករំលែកព័តមាននេះ