ទីក្រុងវ៉ាស៊ីនតោន៖ លោកដូណាល់ត្រាំចេញសេចក្ដីព្រមានធ្ងន់ៗបន្ទាប់ពីអ៊ីរ៉ង់ប្រកាសជាចំហឱ្យធ្វើឃាតរូបលោក។ ការប្រកាសនេះធ្វើឡើងបន្ទាប់ពីអ៊ីរ៉ង់ទើបតែបិទបញ្ចប់ការរៀបចំបញ្ចុះសពអតីតមេដឹកនាំកំពូលរបស់ខ្លួនគឺលោកអាលី ខាមេនី។ ពាក្យសម្ដីនេះបង្កភាពតានតឹងកាន់តែខ្លាំងនៅតំបន់មជ្ឈិមបូព៌ា។ បទឈប់បាញ់បណ្ដោះអាសន្នដែលភាគីទាំង២ទើបតែសម្រេចបានដោយលំបាកនោះត្រូវលោកត្រាំចាត់ទុកថាបានបញ្ចប់ទៅហើយ ហើយភាគីទាំង២ចាប់ផ្ដើមវាយប្រហារគ្នាទៅវិញទៅមក។ បញ្ហាផ្ដើមចេញពីយោធាអ៊ីរ៉ង់បាញ់កប៉ាល់ដឹកទំនិញបីគ្រឿងនៅច្រកសមុទ្រហ័រម៉ូសដែលពួកគេអះអាងថាកប៉ាល់ទាំងនេះមិនធ្វើខុសគោលការណ៍ណែនាំ។

លោកត្រាំបានបញ្ចេញសារព្រមានធ្ងន់ៗនៅលើបណ្ដាញសង្គមបន្ទាប់ពីមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលអាមេរិកទាមទារឱ្យអ៊ីរ៉ង់ប្រកាសជាសាធារណៈថាច្រកហ័រម៉ូសនៅតែបើកចំហជានិច្ច ហើយត្រូវធានាថាពួកគេមិនវាយប្រហារកប៉ាល់ដែលបើកកាត់ច្រកសមុទ្រនេះទេ។ រហូតមកដល់ពេលនេះ អ៊ីរ៉ង់មិនបានធ្វើដូច្នេះឡើយ។ អ៊ីរ៉ង់អះអាងថាច្រកសមុទ្រនេះត្រូវតែស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួន និងថាខ្លួនត្រូវតែទារប្រាក់ពីកប៉ាល់ដឹកទំនិញដែលបើកកាត់ច្រកនេះ។ អាមេរិកវាយប្រហារមូលដ្ឋានរបស់អ៊ីរ៉ង់ជាច្រើនថ្ងៃជាប់គ្នា។ ទន្ទឹមនឹងការប្រកាសថាបទឈប់បាញ់បានបិទបញ្ចប់ហើយ លោកត្រាំនៅតែបើកចំហជានិច្ចសម្រាប់ការចរចាគ្នា។

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានធ្វើដំណើរទៅប្រទេសអូម៉ង់នៅថ្ងៃនេះដើម្បីជជែកគ្នាបន្ថែមទៀត។ ពោលគឺដំណើរទស្សនកិច្ចនេះធ្វើឡើង១ថ្ងៃបន្ទាប់ពីប្រទេសកាតាដែលជាអ្នកសម្របសម្រួលការចរចាគ្នាបានបញ្ជូនគណៈប្រតិភូទៅប្រទេសអ៊ីរ៉ង់ដើម្បីជួបមន្ត្រីរដ្ឋាភិបាលអ៊ីរ៉ង់។ លោកត្រាំប្រើភាសាធ្ងន់ៗនៅថ្ងៃនេះថាលោកត្រៀមមីស៊ីលមួយពាន់គ្រាប់ដើម្បីវាយប្រហារអ៊ីរ៉ង់។ មិនតែប៉ុណ្ណោះ មីស៊ីលរាប់ពាន់គ្រាប់ទៀតក៏បម្រុងទុកសម្រាប់ការវាយប្រហារនេះផងដែរប្រសិនបើរដ្ឋាភិបាលអ៊ីរ៉ង់នៅតែប្រើភាសាគំរាមកំហែងដូចសព្វថ្ងៃនេះ។ លោកត្រាំបកស្រាយថាលោកព្រមានដូច្នេះដើម្បីឆ្លើយតបទៅអ៊ីរ៉ង់ដែលគំរាម ឬប៉ុនប៉ងធ្វើឃាតរូបលោក។ នៅអំឡុងពេលរៀបចំបុណ្យសពរបស់លោកអាលី ខាមេនី គេឃើញថាក្រុមអ្នកចូលរួមកាន់មរណទុក្ខអ៊ីរ៉ង់បានកាន់បដាផ្សេងៗទាមទារឱ្យយកជីវិតលោកត្រាំ និងលោកណឺតាន់យ៉ាហ៊ូ។

បន្ទាប់ពីទទួលអនិច្ចកម្មតាំងពីថ្ងៃទី២៨ ខែកុម្ភៈ សពលោកអាលី ខាមេនី ទើបតែត្រូវគេយកទៅបញ្ចុះកាលពីពេលថ្មីៗនេះប៉ុណ្ណោះ។ សពរបស់លោកត្រូវគេដង្ហែកាត់តាមទីក្រុងនានានៅប្រទេសអ៊ីរ៉ង់ និងអ៊ីរ៉ាក់។ លោកត្រាំសរសេររៀបរាប់ថាយោធាអាមេរិកនឹងវាយកម្ទេចប្រទេសអ៊ីរ៉ង់គ្រប់ទីកន្លែងទាំងអស់។ សូមព្រះប្រទានពរ។ នេះមិនមែនជាលើកទី១ទេដែលលោកព្រមានដូច្នេះ។ កាលពីមុននេះ លោកព្រមានវាយកម្ទេចអរិយធម៌អ៊ីរ៉ង់ឱ្យវិនាសសាបសូន្យ។ សកម្មភាពទាំងនេះត្រូវមជ្ឈដ្ឋានអ្នកនិយមសាសនាឥស្លាមមិនពេញចិត្តទេ។ «ក្រុមប្រឹក្សាទំនាក់ទំនងអាមេរិក-ឥស្លាម» ដែលជាស្ថាប័នផ្ដល់មតិយោបល់ផ្សេងៗធ្លាប់រិះគន់ថាពាក្យសម្ដីរបស់ត្រាំជាការមាក់ងាយសាសនាឥស្លាម៕ ប្រភព៖ AP

ចែករំលែកព័តមាននេះ