ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥណ្ឌា-កម្ពុជា ចុះ MoU លើគម្រោងដែលមានផ្តល់ផលរហ័សថ្មីចំនួនពីរ ក្រោមក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា

41 នាទី មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ក្រសួងការបរទេសនៃសាធារណរដ្ឋឥណ្ឌា តាមរយៈស្ថានទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា និងក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoUs) ចំនួនពីរ សម្រាប់ការអនុវត្តគម្រោងដែលមានផ្តល់ផលរហ័ស (Quick Impact Projects – QIPs) ចំនួនពីរ ក្រោមក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា (Mekong-Ganga Cooperation – MGC)។ ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា។

គម្រោងទាំងពីរនេះ មានគោលបំណងផ្តល់ផលប្រយោជន៍ដោយផ្ទាល់ដល់សហគមន៍ជនបទក្នុងស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ។ ក្នុងនោះ «គម្រោងវារីវប្បកម្មឃ្មុំឆ្លាតវៃធន់នឹងអាកាសធាតុសម្រាប់កសិករខ្នាតតូច» នឹងផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវៈ សម្ភារៈ និងឧបករណ៍បច្ចេកទេស ដល់កសិករខ្នាតតូចចំនួន ៣០នាក់ (ដោយផ្តល់អាទិភាពដល់ស្ត្រី និងយុវជន) ព្រមទាំងបង្កើតកសិដ្ឋានចិញ្ចឹមឃ្មុំគំរូចំនួន ១០កន្លែង និងលើកកម្ពស់ការអនុវត្តកសិកម្មដែលមានភាពធន់នឹងការប្រែប្រួលអាកាសធាតុ ដើម្បីបង្កើនប្រាក់ចំណូលគ្រួសារយ៉ាងហោចណាស់ ៣០ភាគរយ តាមរយៈការផលិតទឹកឃ្មុំ និងផលិតផលផ្សេងៗដែលទទួលបានពីការចិញ្ចឹមឃ្មុំ។

ដោយឡែក «គម្រោងគាំទ្រសហគមន៍សម្រាប់ការសិក្សា – វគ្គ២» នឹងផ្តល់កង់ មួកសុវត្ថិភាព និងដបទឹកដែលអាចប្រើប្រាស់ឡើងវិញ ដល់សិស្សានុសិស្សដែលមានជីវភាពខ្វះខាតថ្នាក់ទី៥ និងថ្នាក់ទី៦ ចំនួន ២០០នាក់ ដែលជួបការលំបាកក្នុងការធ្វើដំណើរផ្លូវឆ្ងាយមកកាន់សាលារៀន។ គម្រោងនេះ គឺជាការបន្តពីវគ្គទី១ ក្នុងគោលបំណងលើកកម្ពស់ការចូលរៀន កាត់បន្ថយអត្រាបោះបង់ការសិក្សា បង្កើនសុវត្ថិភាពក្នុងការធ្វើដំណើរ និងលើកកម្ពស់ការយល់ដឹងអំពីការការពារបរិស្ថាន។

ព្រះរាជាណាចក្រកម្ពុជា នៅតែជាដៃគូដ៏មានតម្លៃរបស់ឥណ្ឌា ក្រោម «នយោបាយឆ្ពោះទៅទិសខាងកើត» (Act East Policy) និងក្រោមក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា។ ជារៀងរាល់ឆ្នាំ ប្រទេសឥណ្ឌាបានអនុវត្តគម្រោងដែលមានផ្តល់ផលរហ័ស (QIPs) ចំនួន ១០គម្រោង នៅកម្ពុជា លើវិស័យអាទិភាពនានា រួមមាន វិស័យអប់រំ សុខាភិបាល ការលើកកម្ពស់សិទ្ធិអំណាចស្ត្រី អនាម័យ កសិកម្ម និងភាពធន់នឹងការប្រែប្រួលអាកាសធាតុ។ គិតមកទល់ពេលនេះ គម្រោង QIPs សរុបចំនួន ៧២ ត្រូវបានអនុម័ត ក្នុងនោះ ៥៥គម្រោង ត្រូវបានបញ្ចប់ដោយជោគជ័យ ខណៈដែល ១៧គម្រោងផ្សេងទៀត កំពុងស្ថិតក្នុងដំណាក់កាលអនុវត្ត។ គម្រោងទាំងអស់នេះ សុទ្ធតែស្របតាមអាទិភាពអភិវឌ្ឍន៍ដែលបានកំណត់ដោយរាជរដ្ឋាភិបាលកម្ពុជា។ គំនិតផ្តួចផ្តើមថ្មីៗទាំងនេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីភាពជាដៃគូអភិវឌ្ឍន៍ដ៏រឹងមាំ និងកំពុងរីកចម្រើនរវាងឥណ្ឌា និងកម្ពុជា ដែលផ្តោតលើការផ្តល់ផលប្រយោជន៍ដោយផ្ទាល់ដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន ការអភិវឌ្ឍធនធានមនុស្ស និងការលើកកម្ពស់ជីវភាពរស់នៅប្រកបដោយចីរភាព៕