ប្រទេសចិន ៖ អគ្គិភ័យមួយកើតមាន កាលពីថ្ងៃទី៩ កក្កដា ក្នុងរោងចក្រស្បែកជើងមួយនៅខេត្តហ្វូជានចិន បណ្ដាលឲ្យមនុស្សស្លាប់២៨នាក់ ។ នេះបើតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួ ។

ប្រធានាធិបតីចិន លោកស៊ី ជីនពីង អំពាវនាវ នាថ្ងៃទី៩ កក្កដា ឲ្យមានប្រតិបត្តិការរុករក និងជួយសង្គ្រោះ កុំបន្ធូរដៃ។ លោកស្នើឲ្យមានការស៊ើបអង្កេតមួយដោយឆាប់រហ័សលើសោកនាដកម្មនោះ ។ ខាងផ្នែកពន្លត់ភ្លើងមូលដ្ឋានគូសបញ្ជាក់ថា ភ្លើងបានឆាបឆេះក្នុងរោងចក្រមួយរបស់សហគ្រាសស្បែកជើង HUITENG ស្ថិតក្នុងទីក្រុងជីនជាំង ដែលគេនិយមហៅក្រុងស្បែកជើងចិន។

មូលហេតុនៃភ្លើងឆេះនោះ នៅមិនទាន់ដឹងនៅឡើយ ហើយគេក៏មិនទាន់ដឹងថា តើក្រៅពីអ្នកស្លាប់មនុស្សប៉ុន្មាននាក់ទៀតរងរបួស ។ នោះជាអគ្គិភ័យមានមនុស្សស្លាប់ច្រើនមួយក្នុងចំណោមអគ្កិភ័យដែលកើតមាននៅចិន រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ។ តាមបណ្ដាសារព័ត៌មានចិនថា មនុស្សច្រើននាក់ជាប់នៅលើដំបូលពេលរត់គេចចេញពីអណ្ដាតភ្លើង។

ស៊ីនហួគូសបញ្ជាក់ថា ម្ចាស់រោងចក្រនោះ និងអ្នកទទួលខុសត្រូវដទៃៗទៀត ត្រូវជាប់ឃុំ ហើយបណ្ដាគណនីធនាគាររបស់សហគ្រាសនោះត្រូវបានបង្កក ៕
ចែករំលែកព័តមាននេះ