ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ទីរ​ព័ត៌មាន​ខេត្តពោធិ៍សាត់ បន្ត​ផ្សព្វផ្សាយ​យុទ្ធនាការ​«និយាយ​​ថា​ទេ​ចំពោះ​ព័ត៌មាន​ក្លែងក្លាយ​» ដល់​លោកគ្រូ​អ្នកគ្រូ​និង​សិស្សានុសិស្ស​នៅ​អនុ​និង​វិទ្យាល័យ​ហ៊ុន​សែន​កណ្ដៀង

3 ខែ មុន
  • ពោធិ៍សាត់

ខេត្តពោធិសាត់ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១០​ខែកក្កដា​ឆ្នាំ​២០២៦ មន្ទីរ​ព័ត៌មាន​ខេត្តពោធិ៍សាត់ សហការ​ជាមួយ​មន្ទីរ​អប់រំ​យុវជន​និង​កីឡា​ខេត្ត បាន​ធ្វើ​ពិធី​ផ្សព្វផ្សាយ​យុទ្ធនាការ​(​និយាយ​ថា​ទេ ចំពោះ​ព័ត៌មាន​ក្លែងក្លាយ​) ដល់​សិស្សានុសិស្ស អនុ​និង​វិទ្យាល័យ​ហ៊ុន​សែន​កណ្ដៀង សរុប​ប្រមាណ​ជាង​១០០០​នាក់ ដែល​ក្នុង​ឱកាស​នោះ​ក៍​មានការ​អញ្ជើញ​ចូលរួម​ជា​អធិបតី ពី​លោក ណា​រ៉ា ចំរើន អភិបាល​នៃ​គណៈ​អភិបាលស្រុក​កណ្ដៀង​ផង​ដែរ​។

ការ​រៀបចំ​យុទ្ធនាការ​(​និយាយ​ថា​ទេ​ចំពោះ​ព័ត៌មាន​ក្លែងក្លាយ​)​ជា​លើក​ទី​២​នេះ ក្នុង​គោលបំណង ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​រីក​រាលដាល​នៃ​ព័ត៌មាន​មិន​ពិត​នៅ​លើ​បណ្តាញ​សង្គម ដោយ​ផ្តោត​លើ​ការ​អប់រំ​សិស្សានុសិស្ស ឱ្យ​យល់​ដឹង​ពី​ផល​ប៉ះពាល់​ដ៍​ធ្ងន់ធ្ងរ​នៃ​ព័ត៌មាន​ក្លែងក្លាយ ព័ត៌មាន​មិន​ពិត មក​លើ​សង្គម​ជាតិ​និង​បុគ្គល​។ បណ្តុះបណ្តាល​ជំនាញ​ឌី​ជី​ថ​ល ក្នុង​ការ​ផ្ទៀងផ្ទាត់​ប្រភព​ព័ត៌មាន មុន​នឹង​ជឿ​ឬ​ចែករំលែក ។ បង្កើត​បណ្តាញ​យុវជន​ស្រឡាញ់​ការ​ពិត ដើម្បី​លុប​បំបាត់​ព័ត៌មាន​បំពុល​ក្នុង​សហគមន៍​។ ការ​រៀបចំ​យុទ្ធនាការ​នេះ​ឡើង ចំ​ពេល​ដែល​សង្គម​ឌី​ជី​ថ​ល​កំពុង​ដើរតួ​នាទី​យ៉ាង​លឿន និង​បាន​ជម្រុញ​ឱ្យ​គ្រប់​គ្រឹះស្ថានសិក្សា​ទាំងអស់​ក្នុង​ខេត្ត បន្ត​ផ្សព្វផ្សាយ​សារ​នេះ​ឱ្យ​បាន​ទូលំទូលាយ​។ យុទ្ធនាការ​នេះ​គឺ​ត្រូវ​បាន​ផ្ដួចផ្ដើម​និង​ដឹកនាំ​ដោយ​ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ក្នុង​គោលដៅ​យុទ្ធសាស្ត្រ ដើម្បី​លើកកម្ពស់​សន្តិសុខ​ព័ត៌មាន និង​ធានា​ការ​ទទួល​ព័ត៌មាន​ពិត ប្រកបដោយ​គុណភាព​និង​សុវត្ថិភាព សម្រាប់​ប្រជាពលរដ្ឋ​ទូទៅ​។

បន្ទាប់​ពី​មតិ​ចូលរួម​របស់​លោក សុខ មក​រា តំណាង​មន្ទីរ​អប់រំ​យុវជន​និង​កីឡា​ខេត្ត និង​លោក លាង ទិ​ត​ដ្ឋា​ន ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត​រួច​មក លោក ណា​រ៉ា ចំរើន អភិបាល​នៃ​គណៈ​អភិបាលស្រុក​កណ្ដៀង បាន​ថ្លែង​កោតសរសើរ​ចំពោះ​ក្រសួង​និង​មន្ទីរ​ព័ត៌មាន ដែល​បាន​ផ្ដួចផ្ដើម​យុទ្ធនាការ​នេះ​ឡើង ដោយ​ផ្ដោត​ជា​សំខាន់​លើ​សិស្ស​វិទ្យាល័យ និង​អនុ​វិទ្យាល័យ​នៅ​ទូ​ទាំង​ប្រទេស ក្នុង​គោលបំណង​លើកកម្ពស់​ការ​យល់​ដឹង​របស់​សិស្សានុសិស្ស លើ​អក្ខរកម្ម​ព័ត៌មាន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ ដើម្បី​ធានា​បាន​នូវ​ការ​ទទួល​ព័ត៌មាន​ពិត ត្រឹមត្រូវ និង​ការ​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ ជា​ពិសេស​បណ្ដាញ​ទំនាក់ទំនង​សង្គម ក្នុង​ការ​ចែករំលែក​និង​ទទួល​បាន​ព័ត៌មាន​ប្រកបដោយ​ការ​ទទួលខុសត្រូវ​ខ្ពស់​។

លោក ណា​រ៉ា ចំរើន បន្ត​ទៀត​ថា ព័ត៌មាន​ក្លែងក្លាយ​គឺជា​អាវុធ​លាក់​មុខ​និង​ជា​ថ្នាំពុល ដែល​អាច​បំផ្លាញ​សណ្តាប់ធ្នាប់​សង្គម និង​សេចក្តី​ថ្លៃថ្នូរ​របស់​បុគ្គល​បាន​យ៉ាង​ងាយ​។ ក្មួយ​ៗ​ជា​ទំពាំង​ស្នង​ឫស្សី និង​ជា​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​យ៉ាង​សកម្ម ដូច្នេះ​ត្រូវ​មាន​”​វិចារណញ្ញាណ​” ខ្ពស់ មុន​នឹង​ចុច Share ត្រូវ​សួរ​ខ្លួនឯង​ថា តើ​ព័ត៌មាន​នេះ​ពិត​ឬ​ក្លែងក្លាយ? ចេញពី​ប្រភព​ណា? និង​ផ្តល់​ផលប្រយោជន៍​ដល់​សង្គម​ដែរ​ឬទេ? ។

ព័ត៌មាន​ក្លែងក្លាយ​គឺជា​បញ្ហា​ប្រឈម​ដ៍​ធំ​មួយ​នៅ​ក្នុង​យុគសម័យ​ឌី​ជី​ថ​ល ដែល​វា​បាន​ជះ​ឥទ្ធិពល​អវិជ្ជមាន​យ៉ាង​ខ្លាំង ដល់​បុគ្គល​ម្នាក់​ៗ​និង​សង្គម​ជាតិ​ទាំងមូល​។ បុគ្គល​ដែល​ជា​ជន​រង​គ្រោះ​នៃ​ការ​វាយប្រហារ​ដោយ​ព័ត៌មាន​ក្លែងក្លាយ ឬ​ការ​មូល​បង្កាច់ អាច​ត្រូវ​បាត់បង់​ឱកាស​ការងារ ទំនាក់ទំនង​ក្នុង​សង្គម និង​ការ​រើសអើង​ពី​មនុស្ស​ជុំវិញ​ខ្លួន​។ នៅ​ពេល​ព័ត៌មាន​ក្លែងក្លាយ​រីក​រាលដាល​ខ្លាំង វា​ធ្វើ​ឲ្យ​សាធារណជន​លែង​មាន​ទំនុកចិត្ត លើ​ប្រភព​ព័ត៌មាន​ផ្លូវការ ស្ថាប័នរដ្ឋ និង​អ្នក​សារព័ត៌មាន​អាជីព ដែល​នាំ​ឲ្យ​មាន​ភាព​វឹកវរ​ក្នុង​ការ​គ្រប់គ្រង​ព័ត៌មាន​។

លោក​អភិបាលស្រុក​កណ្ដៀង​មាន​ប្រសាសន៍​ថា ព័ត៌មាន​ក្លែងក្លាយ ជា​រឿយ​ៗ​ត្រូវ​បាន​គេ​ប្រើប្រាស់​ដើម្បី​ញុះញង់ បង្កើត​ការ​រើសអើង​ជាតិ​សាសន៍ សាសនា ឬ​និន្នាការ​នយោបាយ ដែល​ធ្វើ​ឲ្យ​មានការ​បែកបាក់​សាមគ្គីភាព និង​អាច​ឈាន​ទៅ​ដល់​អំពើ​ហឹ​ង្សា​ទៀត​ផង​។ ខណៈ​ការ​ទទួល​និង​ប្រើប្រាស់​ព័ត៌មាន​ប្រឈម​នឹង​ហានិភ័យ និង​គ្រោះថ្នាក់​ដែល​បង្ក​ឡើង​ដោយ​ព័ត៌មាន​ក្លែងក្លាយ យុទ្ធនាការ​នេះ​ត្រូវ​បាន​ទទួលស្គាល់​ថា បាន​ដើរតួ​នាទី​យ៉ាង​សំខាន់ កាត់​បន្ថយ​ផលវិបាក​អវិជ្ជមាន និង​ការពារ​ប្រជាពលរដ្ឋ​ពី​គ្រោះថ្នាក់​នានា ដែល​បង្ក​ឡើង​ដោយ​ព័ត៌មាន​ក្លែងបន្លំ ព័ត៌មាន​បំភ្លៃ និង​ព័ត៌មាន​ដែល​បង្កើត​ឡើង​ដោយ​បច្ចេកវិទ្យា​សិប្បនិមិត្ត​AI​។ ដើម្បី​ទប់ស្កាត់​បញ្ហា​នេះ ទាំង​បុគ្គល​និង​សង្គម ត្រូវ​បង្កើន​ចំណេះដឹង​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​និង​ឌី​ជី​ថ​ល ដោយ​ការ​ផ្ទៀងផ្ទាត់​ប្រភព​ព័ត៌មាន​ឲ្យ​បាន​ច្បាស់លាស់ មុន​នឹង​ជឿ​ឬ​ចែករំលែក ។

លោក ណា​រ៉ា ចំរើន សូម​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​យុទ្ធនាការ​(​និយាយ​ថា​ទេ ចំពោះ​ព័ត៌មាន​ក្លែងក្លាយ​) និង​បាន​ផ្ដាំផ្ញើ​ទៅ​កាន់​ក្មួយ​ៗ​សិស្សានុសិស្ស​ទាំងអស់ ត្រូវ​ប្រើប្រាស់​បច្ចេកវិទ្យា​និង​បណ្ដាញ​ទំនាក់ទំនង​សង្គម ប្រកបដោយ​ការ​យល់​ដឹង​និង​ការ​ទទួលខុសត្រូវ​ខ្ពស់​៕