ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះបីមានបទឈប់បា.ញ់! ថៃនៅតែបន្តរំលោ.ភបំពានដែនអធិបតេយ្យភាពកម្ពុជា ខណៈកម្ពុជាចេញមុខថ្កោលទោសយ៉ាងធ្ងន់ៗ

2 ថ្ងៃ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ កម្ពុជា​ប្រឆាំង​យ៉ាង​ដាច់អហង្ការ​ចំពោះ​សកម្មភាព​កែប្រែ​ស្ថានភាព​ដើម​លើ​ដី​ជាក់ស្តែង (fait accompli) របស់​កងកម្លាំង​ថៃ​លើ​ដែន​អធិបតេយ្យភាព​កម្ពុជា ។ នេះ​បើ​យោង​តាម​ផេ​ក ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា បាន​ប្រកាស​នា​ថ្ងៃ​ទី​៩ ខែកក្កដា​នេះ ។

បើ​ទោះបី​មាន​បទ​ឈប់​បាញ់​រវាង​យោធា​កម្ពុជា និង​ថៃ កាលពី​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥ ក៏​ដោយ​ក៏​យោធា​ថៃ​បាន​បន្តសកម្មភាព​បំពាន​ទឹកដី​កម្ពុជា​យ៉ាងធ្ងន់ធ្ងរ ដោយ​ជាក់ស្តែង​កាលពី​ថ្ងៃ​ទី​៧ ខែកុម្ភៈ ឆ្នាំ​២០២៥ កងកម្លាំង​ថៃ​បាន​ដាក់​ទូ​កុងតឺន័រ រាយ​បន្លា​លួស និង​លើក​ទង់ជាតិ​របស់​ខ្លួន​នៅ​តំបន់​ថ្មដា ក្នុងភូមិ​សង្គម​ថ្មី ឃុំ​ថ្មដា ស្រុក​វាល​វែង ខេត្តពោធិ៍សាត់​។

ជាមួយ​គ្នា​នេះ នៅ​តាម​ទីតាំង​ជា​ច្រើន​ទៀត​នៃ​ដែន​អធិបតេយ្យភាព​កម្ពុជា ក៏​ត្រូវ​បាន​យោធា​ថៃ​រំលោភ​បំពាន មាន​ដូច​ជា តំបន់​បឹង​ត្រកួន ភូមិ​ជោគជ័យ និង​ភូមិ​ព្រៃ​ចាន់ ព្រមទាំង​តំបន់​ប្រាសាទ​មួយ​ចំនួន​ទៀត ដែល​ជា​ការ​រំលោភ​លើ​ច្បាប់​អន្តរជាតិ​យ៉ាងធ្ងន់ធ្ងរ​បំផុត ។

ទន្ទឹម​នេះ ទាហាន​ឈ្លានពាន​ថៃ បាន​បន្ត​ការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​អចិន្ត្រៃយ៍ ការ​រៀបចំ​ពិធី​សាសនា​នៅ​តាម​ប្រាសាទ​ដែល​ជា​បេតិកភណ្ឌ​វប្បធម៌ និង​សាសនា​របស់​កម្ពុជា ព្រមទាំង​ការ​បំផ្លាញ និង​ជំនួស​រូបសំណាក​សាសនា​ផ្សេង​ទៀត ។ ទោះបីជា​កម្ពុជា បាន​ធ្វើការ​តវ៉ា​ជា​ផ្លូវការ​ម្តង​ហើយ​ម្តងទៀត​យ៉ាងណា​ក៏​ដោយ សកម្មភាព​ទាំងនេះ​នៅ​តែ​បន្ត​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ​។

កម្ពុជា​បញ្ជាក់​ម្តង​ហើយ​ម្តងទៀត គឺ​ប្រឆាំង​យ៉ាង​ដាច់អហង្ការ​ចំពោះ​សកម្មភាព​កែប្រែ​ស្ថានភាព​ដើម​លើ​ដី​ជាក់ស្តែង (fait accompli) របស់​កងកម្លាំង​ថៃ លើ​ដែន​អធិបតេយ្យភាព​កម្ពុជា ហើយ​កម្ពុជា​មិន​ទទួលស្គាល់​ជា​ដាច់ខាត​នូវ​ការ​កែប្រែ​ខ្សែបន្ទាត់​ព្រំដែន តាម​រយៈ​ការ​ប្រើប្រាស់​កម្លាំង​ណាមួយ​នោះ​ទេ​។

បន្ថែម​ពីលើ​នេះ រាជរដ្ឋាភិបាល​កម្ពុជា បាន​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ និង​តវ៉ា​ជា​ផ្លូវការ​ចំពោះ​សកម្មភាព​ឈ្លានពាន​ទាំងនេះ ហើយ​បាន​អំពាវនាវ​ដល់​ភាគី​ថៃ​ឱ្យ​គោរព​ច្បាប់​អន្តរជាតិ និង​បូរណភាព​ទឹកដី​របស់​កម្ពុជា ដើម្បី​រក្សា​សន្តិភាព ស្ថិរភាព និង​ទំនាក់ទំនង​ល្អ​រវាង​ប្រទេស​ទាំង​ពីរ ហើយ​ការ​បន្ត​រំលោភ​បំពាន​នេះ នឹង​បង្ក​ឲ្យ​មាន​ភាព​តានតឹង​កាន់តែ​ខ្លាំង​នៅ​តាម​បណ្តោយ​ព្រំដែន ដែល​ទាមទារ​ឲ្យ​មានការ​ដោះស្រាយ​ដោយ​សន្តិវិធី និង​គោរព​តាម​គោលការណ៍​ច្បាប់​អន្តរជាតិ​។

រាជរដ្ឋាភិបាល​កម្ពុជា តែងតែ​ប្រកាន់ខ្ជាប់​គោរព ស្មោះត្រង់ និង​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់ នូវ​សេចក្តី​ប្រកាស​រួម​នៃ​កិច្ចប្រជុំ​ពិសេស​លើក​ទី​៣ នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ (GBC) ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥ សេចក្តីថ្លែងការណ៍​រួម​ស្តី​ពី​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​កម្ពុជា និង​ថៃ ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២៥ និង​កិច្ចព្រមព្រៀង​ពាក់ព័ន្ធ​ផ្សេង​ទៀត ដើម្បី​ឆ្ពោះទៅ​ការ​វិល​ត្រឡប់​ទៅ​រក​ប្រក្រតី​ភាព​ឡើង​វិញ និង​ការ​សម្រេច​បាន​នូវ​សន្តិភាព និង​ស្ថិរភាព​យូរអង្វែង រវាង​ប្រទេស​ទាំង​ពីរ ៕