ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាលាតត្រដាងនៅកាមេរូន៖ សាលាជាង១ពាន់ខ្នង និងបុរាណស្ថាន៥៦២កន្លែង រងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ

1 ម៉ោង មុន

យ៉ា​អ៊ុ​ន​ដេ (​កា​មេ​រូ​ន​)៖ ឯកឧត្តម កែប ជុតិមា បង្ហាញ​ពី​ផល​ប៉ះពាល់​នៃ​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ លើ​វិស័យ​អប់រំ និង​វប្បធម៌ និង​វឌ្ឍនភាព​ភាសា​បារាំង ក្នុង​មហាសន្និបាត APF នៅ​កា​មេ​រូ​ន ។ នេះ​បើ​យោង​តាម​ផេ​ក ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា បាន​ប្រកាស​នា​ថ្ងៃ​ទី​១១ ខែកក្កដា​នេះ ។

ក្នុង​ឱកាស​ចូលរួម​សម័យប្រជុំ​ប្រចាំឆ្នាំ​លើក​ទី​៥១ នៃ​សភា​ប្រើ​ភាសា​បារាំង (APF) កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ​ឯកឧត្តម កែប ជុតិមា ប្រធាន​គណៈកម្មការ​មហាផ្ទៃ ការពារ​ជាតិ មុខងារសាធារណៈ និង​កិច្ចការ​ព្រំដែន​នៃ​រដ្ឋសភា បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​គណៈកម្មការ​អប់រំ វប្បធម៌ និង​ទំនាក់ទំនង នៅ​ទីក្រុង​យ៉ា​អ៊ុ​ន​ដេ សាធារណរដ្ឋ​កា​មេ​រូ​ន ។
កិច្ចប្រជុំ​នេះ មានការ​អញ្ជើញ​ចូលរួម​ពី​សមាជិក​សភា​ប្រមាណ​៣០​រូប មក​ពី​២១ ក្រុម​សភាជាតិ​នៃ​បណ្តា​ប្រទេស​ប្រើប្រាស់​ភាសា​បារាំង រួម​ទាំង​អ្នកជំនាញ​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ ដើម្បី​ពិភាក្សា​លើ​របៀបវារៈ​សំខាន់​ៗ ដូច​ជា ស្ថានភាព​គ្រូបង្រៀន​ភាសា​បារាំង​លើ​សកលលោក ការ​អប់រំ​ឌី​ជី​ថ​ល ការ​ប្រយុទ្ធ​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ ការ​ចុះ​អត្រានុកូលដ្ឋាន និង​ការ​អភិរក្ស​ខ្លឹមសារ​វប្បធម៌ ។

នា​ឱកាស​នោះ​ឯកឧត្តម កែប ជុតិមា បាន​ធ្វើ​បទ​អន្តរាគមន៍​ដោយ​ជម្រាប​ជូន​អង្គប្រជុំ​អំពី​ផល​ប៉ះពាល់​អវិជ្ជមាន​នៃ​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ នា​ពេល​កន្លង​មក មក​លើ​វិស័យ​អប់រំ និង​វប្បធម៌​នៅ​កម្ពុជា ។ ក្នុង​នោះ ជម្លោះ​ប្រដាប់​អាវុធ​បាន​បង្ខំ​ឱ្យ​សាលារៀន​តាម​បណ្តោយ​ព្រំដែន​ចំនួន ១,០១៧​ខ្នង ត្រូវ​បិទទ្វារ​បណ្តោះអាសន្ន ដែល​ធ្វើ​ឱ្យ​គ្រូ និង​សិស្សានុសិស្ស​រង​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង ព្រមទាំង​បង្កើត​ឱ្យ​មាន​ហានិភ័យ​នៃ​ការ​បោះបង់​ការ​សិក្សា និង​ជំងឺ​ថប់​អារម្មណ៍ ។

ជាង​នេះ​ទៅ​ទៀត ការ​វាយប្រហារ​តាម​អាកាស​ពី​សំណាក់​យោធា​ថៃ នា​ពេល​នោះ បាន​បង្ក​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ​ដល់​បុរាណ​ស្ថាន​ចំនួន ៥៦២​កន្លែង ជុំវិញ​តំបន់​ប្រវត្តិសាស្ត្រ ជា​ពិសេស​គឺ​ប្រាសាទព្រះវិហារ ដែល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ។

ទន្ទឹម​នឹង​នេះ ឯកឧត្តម​ក៏​បាន​ជម្រាប​ជូន​អំពី​បច្ចុប្បន្នភាព និង​វឌ្ឍនភាព​នៃ​ការ​សិក្សា​ភាសា​បារាំង​នៅ​កម្ពុជា ព្រមទាំង​បាន​លើក​ឡើង​ពី​បញ្ហា​ប្រឈម និង​អនុសាសន៍​មួយ​ចំនួន​ដើម្បី​ជំរុញ​ជំនួយ​បច្ចេកទេស និង​ហិរញ្ញវត្ថុ​ពី​ដៃគូ​អន្តរជាតិ ។ ឯកឧត្តម​បាន​បង្ហើប​ឱ្យ​ដឹង​ថា កម្ពុជា​នឹង​បើក​ដំណើរការ​មហាវិទ្យាល័យ​ភាសា​បារាំង ជំនាញ​សេដ្ឋកិច្ច​និង​ការ​គ្រប់គ្រង​កម្រិត​ពិភពលោក ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​។

ជាទី​បញ្ចប់ ឯកឧត្តម​ប្រធាន​គណៈកម្មការ​បាន​ប្រកាស​ជូន​អង្គប្រជុំ​ដោយ​មោទនភាព​ថា ព្រះរាជាណាចក្រ​កម្ពុជា​នឹង​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល​ហ្វ្រ​ង់​កូ​ហ្វូ​នី (Francophonie) លើក​ទី​២០ នា​ថ្ងៃ​ទី​១៥-១៦ ខែវិច្ឆិកា ឆ្នាំ​២០២៦​។ ជាមួយ​គ្នា​នេះ ក្រុម​សភាជាតិ​កម្ពុជា​នៃ APF ក៏​នឹង​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​គណៈកម្មការ​អប់រំ វប្បធម៌ និង​ទំនាក់ទំនង នៃ​សភា​ប្រើ​ភាសា​បារាំង នា​ខែមេសា ឆ្នាំ​២០២៧ ខាង​មុខ​ផង​ដែរ ៕