ពិធីប្រកាសផ្ទេរ និង តែងតាំងមុខតំណែងអគ្គនាយករដ្ឋាករទឹកស្វយ័តសៀមរាប
- សៀមរាប
ខេត្តសៀមរាប ៖ លោក សៀក ប៉េងគាង អគ្គនាយករង ត្រូវបានប្រកាសតែងតាំងជាអគ្គនាយកនៃរដ្ឋាករទឹកស្វយ័ត សៀមរាប អាណត្តិទី៧ ជំនួស លោក ចាន់ សេងឡា អគ្គនាយកនៃរដ្ឋាករទឹកស្វយ័ត សៀមរាប អាណត្តិទី៦ ដែលត្រូវបានចូលនិវត្តន៍ ។ ពិធីប្រកាស និងផ្ទេរមុខតំណែងនេះ ធ្វើឡើងនៅរដ្ឋាករទឹកស្វយ័តសៀមរាប នា ថ្ងៃទី០៩ ខែ កក្កដា ឆ្នាំ២០២៦ ក្រោមអធិបតីភាពរបស់ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដោយមានការអញ្ជើញចូលរួម ពីឯកឧត្តម ឯក សុនចាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និង ជាប្រធានក្រុមប្រឹក្សាភិបាលរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងឯកឧត្តម ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និង សមាជិកក្រុមប្រឹក្សាភិបាលអណ្ណតិទី៧ ព្រមទាំងអស់ លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត និង សហ ការីរដ្ឋាករទឹកសាធារណៈ ចូលរួមផងដែរ ។
យោងតាមរបាយការណ៍របស់រដ្ឋាករទឹកស្វយ័តសៀមរាប លោក ចាន់ សេងឡា អគ្គនាយកនៃរដ្ឋាករទឹកស្វយ័ត សៀមរាប អាណត្តិទី៦ បានឱ្យដឹងថា សមិទ្ធិផលក្នុងអណ្ណតិទី៦ លើការងារផលិតកម្ម អាជីវកម្ម ដោយផលិតទឹកស្អាតបានសរុប ៣១លាន ៦៨៤ពាន់៥៥៦ម៉ែត្រគូប និង ចែកចាយទឹកស្អាតបាន ២៩លាន ៦៧៩ពាន់៨៧២ ម៉ែត្រគូប ។ ចំពោះអាជីវកម្ម ក្នុងដាក់បណ្តាញភ្ជាប់ចូលតាមផ្ទះ បានចំនួន ១០ ពាន់៣១៤គ្រួសារ បច្ចុប្បន្នអតិថិជន មាន ២៨ពាន់ ៩០២គ្រួសារ (អតិថិជនប្រភេទជីវភាព , អាជីវកម្ម និងប្រភេទអង្គភាពរដ្ឋ ) ។
ក្នុងរបាយការណ៍ក៏បានបញ្ជាក់ថា ដើម្បី ឆ្លើយ តបនឹងតម្រូវការប្រើប្រាស់ទឹកស្អាតក្នុងក្រុង អង្គភាពបានពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត ក្នុងនោះលើការពង្រីក សមត្ថភាពផ្គត់ផ្គង់ទឹកកស្អាត ដោយសាងសង់រោងចក្រទឹកស្អាត ដែលមានសមត្ថភាពផលិត ៦០ពាន់ម៉ែត្រគូមក្នុង១ថ្ងៃ ការពង្រីកបណ្តាញចែកចាយទឹកស្អាតសម្រេចបានប្រវែង ១២៤ពាន់ ៣៥៧, ៦០ ម៉ែត្រ ។ គិតត្រឹមឆមាសទី១ឆ្នាំ២០២៦ រដ្ឋាករទឹកស្វយ័តសៀមរាប មានបណ្តាញបញ្ជូនទឹកឆៅ បណ្តាញមេបញ្ជូនទឹកស្អាត បណ្តាញចែកចាយទឹកស្អាត ប្រវែង ១ពាន់ ៩៧គីឡូម៉ែត្រ ក្នុងកិច្ចសហប្រតិបត្តិការបច្ចេក ទេសលើវិស័យទឹកស្អាត អង្គភាពកំពុងរៀបចំគម្រោងកសាងផែនការមេ ក្រោមជំនួយពីអង្គការ JICA និង កំពុងបន្តគម្រោងពង្រីកបណ្តាញចែកចាយទឹកស្អាត បន្ថែមទៀតដោយ ប្រើ ប្រាស់ថវិកាកម្ចីពី AFD ។
ក្នុងឱកាសនោះ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកសរសើរចំពោះសមិទ្ធផលដែលកើតមានក្រោមការដឹក នាំ ពីអគ្គនាយកដែលទើបអស់អាណត្តិ ។ ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយទឹកស្អាតរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានផែនការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋនៅគ្រប់ទីប្រជុំជនឱ្យបាន ១០០% ក្នុងឆ្នាំ២០២៥ និងគោលដៅសហវត្សទឹកស្អាតជាសកលឲ្យបាន១០០% នៅឆ្នាំ២០៣០ ហើយការអនុវត្តផែនការនេះ ដោយឈរលើបុរេលក្ខខណ្ឌ៤យ៉ាង គឺទឹកត្រូវតែមានគុណភាព សុវត្ថិភាព និរន្តរភាព និងមានតម្លៃសមរម្យ ។ តាមរយៈបទ ពិសោធន៍យូរឆ្នាំរបស់អគ្គនាយកថ្មី ឯកឧត្តម ហែម វណ្ណឌី មានសុទ្ធិដិនិយមថា នឹងបន្តអភិវឌ្ឍន៍ អង្គភាពទឹកស្វយ័តសៀមរាបឱ្យកាន់តែរីកចម្រើន ក្នុងគោលដៅសម្រេចបាន ទីប្រជុំជននឹងទទួលបានទឹកស្អាតប្រើប្រាស់ ១០០ភាគរយ និងឆ្នាំ២០៣០ មានទឹកស្អាតប្រើប្រាស់ទាំងអស់គ្នា ។
ឯកឧត្តម បានបញ្ជាក់ថា ចាប់ពីពេលនេះតទៅអគ្គនាយក និង ក្រុមប្រឹក្សាភិបាល គឺមានភារកិច្ចជាច្រើនដែលត្រូវបំពេញចំពោះមុខដែលការធ្វើកំណែ ទម្រង់នេះនឹងជះឥទ្ធិពលជាវិជ្ជមានដល់ការពង្រឹងចីរភាពរបស់អង្គភាព បង្កើននូវប្រសិទ្ធ ភាពក្នុងការគ្រប់គ្រង ដឹកនាំ ចាត់ចែងការងាររបស់អង្គភាពដោយភាពម្ចាស់ការកាត់បន្ថយការពឹងផ្នែកជំនួយហិរញ្ញវត្ថុពីថវិកាជាតិ បង្កើនការទទួលខុសត្រូវកាន់តែខ្ពស់ ប្រកប ដោយគណនេយ្យភាព និង តម្លាភាពក្នុងការគ្រប់គ្រង ការធ្វើអាជីវកម្ម និង ការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាតឱ្យធានាបាន គុណភាព សុវត្ថិភាព និរន្តរភាព និងតម្លៃសមរម្យ ស្រប តាមគោលដៅរបស់រាជរដ្ឋាភិបាល ។
ឯកឧត្តម រដ្ឋមន្ត្រីក៏ ផ្តាំ ផ្ញើដល់លោកអគ្គនាយកនៃរដ្ឋាករទឹកស្វយ័ត សៀមរាប អាណត្តិទី៧ ដែលទើបប្រកាសចូលកាន់មុខតំណែងពេលនេះ ត្រូវប្រកាន់ភ្ជាប់ក្នុងការប្រកួតប្រជែងរបស់ខ្លួនដោយខ្លួនឯង ដោយឈរលើវិន័យ សីលធមី ក្រមសីលធម៌វិជ្ជាជីវៈ តម្លាភាព គុណភាពសេវា ឱ្យកាន់តែមានប្រសិទ្ធភាពក្នុងការផ្គត់ផ្គង់ទឹកស្អាត ។ ម្យ៉ាងទៀតក៏ត្រូវមានកិច្ចសហការជាមួយបណ្តាមន្ទីរ ស្ថាប័នពាក់ព័ន្ធ សំខាន់ក្នុងការ ជម្រុញប្រជាពលរដ្ឋមកប្រើប្រាស់ទឹកស្អាត ដើម្បីកាត់បន្ថយគ្រោះថ្នាក់ពីការ ប្រើប្រាស់ទឹកក្រោមដី ដែលនាំឱ្យប៉ះពាល់ដល់គ្រឹះប្រាសាទ ដោយខេត្តសៀមរាប ជាខេត្តសម្បូរទៅដោយប្រាង្គប្រាសាទ ល្អស្អាតប្រណិត ដែលជាសម្បតិ្តបេតិកភណ្ឌពិភពលោកទៀតផង ៕










ចែករំលែកព័តមាននេះ