ទីក្រុងម៉ាឌ្រីដ ៖ បើតាមសម្តីរដ្ឋមន្ត្រីក្រសួងទេសចរណ៍អេស្ប៉ាញ លោក Jordi Hereu បានប្រាប់អ្នកយកព័ត៌មាន កាលពីពេលថ្មីៗនេះថា ប្រទេសអេស្ប៉ាញទំនងនឹងទាក់ទាញភ្ញៀវទេសចរបរទេសចំនួន ១០០ លាននាក់ក្នុងឆ្នាំនេះ ដោយចំនួនភ្ញៀវត្រូវបានរំពឹងថានឹងកើនឡើង អំឡុងរដូវក្តៅដ៏សំខាន់។
អេស្ប៉ាញ ដែលជាប្រទេសទទួលភ្ញៀវបរទេសច្រើនជាងគេបំផុតលំដាប់ទី២ពិភពលោក បន្ទាប់ពីប្រទេសបារាំងនោះ បានស្វាគមន៍វត្តមានភ្ញៀវចំនួន ៩៦,៨ លាននាក់ កាលពីឆ្នាំ ២០២៥ ដែលតំណាងឱ្យកម្រិតខ្ពស់បំផុតមិនធ្លាប់មាន និងជាការកើនឡើង ៣,២% បើធៀបនឹងឆ្នាំ ២០២៤។ ដ្បិតបារាំង កាលពីឆ្នាំមុន បានស្វាគមន៍ភ្ញៀវបរទេសសរុបចំនួន ១០២ លាននាក់ឯណោះ។
រដ្ឋាភិបាលអេស្ប៉ាញបានប៉ាន់ប្រមាណថា ភ្ញៀវទេសចរបរទេសនឹងរួមចំណែកទឹកប្រាក់ចំនួន ៦៤ ពាន់លានអឺរ៉ូ ឬស្មើនឹង ៧៣ ពាន់លានដុល្លារអាមេរិកដល់សេដ្ឋកិច្ច ចន្លោះពីខែមិថុនា ដល់ខែកញ្ញា ដែលកើនឡើង ១០% ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ហើយនេះបានជួយពង្រឹងតួនាទីវិស័យទេសចរណ៍ ដែលឈរជាក្បាលម៉ាស៊ីនគន្លឹះនៃកំណើនសេដ្ឋកិច្ចរបស់អេស្ប៉ាញ និងជួយឱ្យប្រទេសនេះ មានដំណើរការសេដ្ឋកិច្ចល្អជាងបណ្តាប្រទេសដទៃទៀតក្នុងតំបន់អឺរ៉ុប។
នារដូវក្តៅនេះ ភ្ញៀវទេសចរអន្តរជាតិប្រហែល ៤៣ លាននាក់ ត្រូវបានព្យាករណ៍ថានឹងមកទស្សនាប្រទេសអេស្ប៉ាញ ពោលកើនឡើង ៦% ច្រើនជាងរយៈពេលពីខែមិថុនាដល់ខែកញ្ញា ឆ្នាំមុន។ រដ្ឋាភិបាលអេស្ប៉ាញមើលឃើញថា ការមកដល់នៃចំនួនភ្ញៀវទេសចរនៅតែបន្តកើនឡើង បើទោះបីជាមានភាពមិនប្រាកដប្រជាផ្នែកភូមិសាស្ត្រនយោបាយជុំវិញសង្គ្រាមសហរដ្ឋអាមេរិក-អ៊ីស្រាអែលលើប្រទេសអ៊ីរ៉ង់យ៉ាងណាក៏ដោយ។ ជាក់ស្តែង នៅក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ បញ្ហានៅមជ្ឈិមបូព៌ាបានធ្វើឱ្យអ្នកទេសចរមួយចំនួនបង្វែរទិសដៅពីតំបន់នោះ ហើយបានជម្រុញតម្រូវការធ្វើដំណើរទៅកាន់បណ្តាប្រទេសនៅតំបន់សមុទ្រមេឌីទែរ៉ាណេខាងត្បូងវិញ រួមទាំងប្រទេសអេស្ប៉ាញផងដែរ។
ដោយគិតត្រឹមថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ចំនួនភ្ញៀវបរទេសមកដល់ប្រទេសអេស្ប៉ាញ ត្រូវបានគេព្យាករណ៍ថា នឹងកើនឡើងដល់ជិត ៨០លាននាក់ ដែលជាលទ្ធផលមួយដ៏ល្អ ជាងអ្វីដែលអាជ្ញាធររបស់ប្រទេសបានរំពឹងទុក កាលពីខែមីនាទៅទៀត៕ ប្រភព ៖ Reuters


ចែករំលែកព័តមាននេះ