រាជធានីភ្នំពេញ ៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក បានព្រមានជាថ្មីពីផលប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ច និងសង្គមជាតិទាំងមូល ដែលបង្កឡើងដោយការធ្វើអាជីវកម្មខ្សាច់ហួសកម្រិត ។

ការព្រមាននេះ បានធ្វើឡើងក្នុងឱកាសដែលឯកឧត្តមបានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦នេះ នៅទីស្តីការក្រសួង ដើម្បីបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅអនុវត្តសម្រាប់ឆមាសទី២ ។

ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានគូសបញ្ជាក់ថា ការធ្វើអាជីវកម្មធនធានខ្សាច់ហួសកម្រិតពីស្ទឹង ទន្លេ និងតំបន់ឆ្នេរ នឹងបង្កឱ្យមានផលវិបាកអវិជ្ជមានជាច្រើន ដូចជា ៖ ការបាក់ច្រាំង ការប្រែប្រួលចរន្តទឹក ការប្រែប្រួលរបបជលសាស្ត្រ និងការខូចខាតប្រព័ន្ធអេកូឡូស៊ី ដែលជាហានិភ័យដ៏ធ្ងន់ធ្ងរដល់សេដ្ឋកិច្ច និងសង្គមជាតិទាំងមូល ។

សូមបញ្ជាក់ថា គណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ បានបង្កើតឡើងតាមរយៈអនុក្រឹត្យលេខ ២០៣ អនក្រ.បក ចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ។ គណៈកម្មាធិការនេះ ជាយន្តការអន្តរក្រសួងដ៏សំខាន់មួយដែលមានភារកិច្ចត្រួតពិនិត្យ និងតាមដានការធ្វើអាជីវកម្មខ្សាច់ ពាក់ព័ន្ធនឹងធនធានទឹក ឱ្យស្របតាមបទដ្ឋានគតិយុត្ត និងបទដ្ឋានបច្ចេកទេសជលវិទ្យា-ជលគតិ ដើម្បីធានាបាននូវប្រសិទ្ធភាព និរន្តរភាព និងការពារបរិស្ថាន ៕

ចែករំលែកព័តមាននេះ