ប្រទេសចិន ៖ តុលាការមួយនៅភាគខាងកើតប្រទេសចិន បានកាត់ទោសប្រហារជីវិតលោក យ៉ាង យូឡាំង (Yang Youlin) អតីតមន្ត្រីក្រុងណានជីង (Nanjing) ខេត្តជាំងស៊ូ (Jiangsu) ពីបទទទួលសំណូកជាង ២,២ ពាន់លានយ័ន ឬ ៣២៥ លានដុល្លារអាមេរិក នៅក្នុងរយៈពេល ៣០ ឆ្នាំ។ នេះបើយោងតាមប្រភពពី BBC ចេញផ្សាយកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦។
លោក យ៉ាង ដែលបម្រើការក្នុងតួនាទីផ្សេងៗគ្នា នៅទីក្រុងណានជីង ចាប់ពីឆ្នាំ ១៩៩៣ ដល់ឆ្នាំ ២០២៣ ក៏ត្រូវបានរកឃើញថាមានទោសពីបទកិបកេងប្រាក់រដ្ឋ រំលោភអំណាច និងលាងលុយកខ្វក់ផងដែរ ដោយទឹកប្រាក់ដែលលោកទទួលបានដោយខុសច្បាប់នេះ គឺជាចំនួនច្រើនបំផុតមួយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានរាយការណ៍ថា បុរសវ័យ ៦៩ ឆ្នាំរូបនេះ បានទាញយកផលប្រយោជន៍ពីតួនាទីរបស់ខ្លួន ដើម្បីជួយអ្នកដទៃឱ្យទទួលបានកិច្ចសន្យាវិស្វកម្ម ការផ្ទេរកម្មសិទ្ធិដីធ្លី និងការផ្តល់ហិរញ្ញប្បទាន ជាថ្នូរនឹងការទទួលបានប្រាក់ និងវត្ថុមានតម្លៃ។ លោក យ៉ាង ត្រូវបានស៊ើបអង្កេត ដែលជាផ្នែកមួយនៃយុទ្ធនាការបង្ក្រាបអំពើពុករលួយរបស់ប្រធានាធិបតី ស៊ី ជីនពីង (Xi Jinping) ដែលបានកាត់សាច់រលួយចេញពីក្នុងជួរយោធា និងវិស័យធនាគារកម្រិតខ្ពស់ ព្រមទាំងវិស័យផ្សេងៗទៀតផងដែរ។
បើតាមតុលាការទីក្រុងឆាងចូវ (Changzhou) កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ បានប្រកាសថា លោក យ៉ាង ដែលបានចំណាយពេលភាគច្រើននៃអាជីពលើការអភិវឌ្ឍន៍សេដ្ឋកិច្ច និងបច្ចេកវិទ្យាក្នុងទីក្រុងណានជីង បានប្រព្រឹត្តបទល្មើសលក្ខណៈធ្ងន់ធ្ងរខ្លាំង និងបង្កឱ្យមានការខាតបង់យ៉ាងធ្ងន់ធ្ងរជាពិសេសដល់ផលប្រយោជន៍រដ្ឋ និងប្រជាជន។
គួរបញ្ជាក់ថា ទោសប្រហារជីវិតសម្រាប់បទល្មើសសេដ្ឋកិច្ចគឺជារឿងកម្រមាន ប៉ុន្តែនៅតែត្រូវបានអនុវត្តម្តងម្កាល ពិសេសប្រសិនបើករណីទាំងនោះពាក់ព័ន្ធនឹងទឹកប្រាក់ដ៏ច្រើនលើសពី ១ ពាន់លានយ័ន។ ជាក់ស្តែង អតីតប្រធានផ្នែកហិរញ្ញវត្ថុ លោក ឡៃ ស៊ាវមីន(Lai Xiaomin) ត្រូវបានប្រហារជីវិតក្នុងឆ្នាំ ២០២១ ពីបទទទួលសំណូកចំនួន ១,៨ ពាន់លានយ័ន ក្នុងរយៈពេល ១០ ឆ្នាំ៕

ចែករំលែកព័តមាននេះ