ប្រទេសចិន ៖ យោងប្រភពកាសែតចិន Global Times កាលពីលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ បានរាយការណ៍ថា សត្វពស់ប្រមាណ ៩០០ ក្បាល រួមទាំងពស់វែកមានពិសដ៏សាហារផងនោះ បានរួចចេញពីកសិដ្ឋានមួយកន្លែង ស្ថិតនៅក្នុងភូមិមួយក្នុងក្រុងហឹងចូវ (Hengzhou) នៃតំបន់ស្វយ័តក្វាងស៊ី (Guangxi) ភាគខាងត្បូងប្រទេសចិន បន្ទាប់ពីកសិដ្ឋាននោះរងការខូចខាតដោយសារគ្រោះទឹកជំនន់ ដែលកំពុងតែបំផ្លិចបំផ្លាញនៅតំបន់នេះ។ នេះបើតាមការរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ ដោយក្នុងនោះមានអ្នកភូមិមួយចំនួនបានរងគ្រោះដោយសារពស់ចឹកផងដែរ។
អាជ្ញាធរក្នុងតំបន់បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា ក្រុមអ្នកជួយសង្គ្រោះត្រូវបានបញ្ជូនទៅកាន់ទីនោះដើម្បីដោះស្រាយស្ថានការណ៍ហើយ។ ដោយសារតែរងឥទ្ធិពលពីព្យុះទីហ្វុង ម៉ៃសាក់ (Maysak) តំបន់ក្វាងស៊ីបានជួបប្រទះនឹងការធ្លាក់ភ្លៀងខ្លាំងជាប់ៗគ្នា បណ្តាលឱ្យអាងស្តុកទឹកជាច្រើនក្នុងក្រុងហឹងចូវ ទីក្រុងណាននីង (Nanning) ប្រឈមស្ថានភាពអាសន្ន។
កាលពីថ្ងៃទី៧ ខែកក្កដា កន្លងទៅ អ្នកលេងបណ្តាញសង្គមចិនមួយចំនួនបានបង្ហោះរូបភាព និងឃ្លីបវីដេអូ ដោយអះអាងថា កសិដ្ឋានចិញ្ចឹមពស់មួយកន្លែងនក្នុងភូមិ Dengwei នៃក្រុងហឹងចូវ ត្រូវបានបំផ្លិចបំផ្លាញដោយសារទឹកជំនន់ ដែលបណ្តាលឱ្យពស់មួយចំនួនធំបានរួចចេញ។ ការបង្ហោះទាំងនោះបានព្រមានដល់ប្រជាពលរដ្ឋដែលរស់នៅក្បែរខាងឱ្យមានការប្រុងប្រយ័ត្នខ្ពស់។
បើយោងតាមការចុះផ្សាយរបស់គេហទំព័រសារព័ត៌មានចិន CCTV បានឱ្យដឹងថា ម្ចាស់គណនីផ្សេងទៀតក៏បានបញ្ចេញមតិថា អ្នកភូមិមួយចំនួនដែលកំពុងតែជាប់គាំងត្រូវបានពស់ចឹក ហើយកំពុងប្រឈមនឹងការខ្វះខាតសម្ភារៈវេជ្ជសាស្ត្រ និងការព្យាបាល។
បុគ្គលិកម្នាក់មកពីការិយាល័យគ្រប់គ្រងគ្រោះអាសន្នទីក្រុងហឹងចូវបានប្រាប់កាសែត Global Times ថា ពួកគេបានដឹងពីរបាយការណ៍ដែលថា កសិដ្ឋានចិញ្ចឹមពស់១កន្លែងរងការបំផ្លិចបំផ្លាញ ហើយអ្នកភូមិមួយចំនួនបានរងគ្រោះដោយសារពស់ខាំ និងបានជូនដំណឹងដល់បុគ្គលិកជួរមុខរួចហើយ។ បុគ្គលិកសង្គ្រោះត្រូវបានបញ្ជូនទៅដោះស្រាយស្ថានការណ៍ ប៉ុន្តែមិនទាន់ទទួលបានព័ត៌មានបច្ចុប្បន្នភាពបន្ថែមទៀតនៅឡើយទេ។ បុគ្គលិករូបនោះបានបន្ថែមថា ព័ត៌មានលម្អិតបន្ថែមនឹងត្រូវចេញផ្សាយនៅក្នុងសេចក្តីប្រកាសជាផ្លូវការ៕




ចែករំលែកព័តមាននេះ