រាជធានីភ្នំពេញ ៖ ក្នុងរយៈពេល៦ខែ ឆ្នាំ២០២៦ កម្ពុជាបាននាំចេញអង្ករបានចំនួន៦៣០ ៣១៩ តោនទៅកាន់ទីផ្សារអន្តរជាតិ ដោយទទួលបានទឹកប្រាក់ជាង៣៦៧លានដុល្លារ ។ នេះបើយោងតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា ។

ការនាំចេញបានធ្វើឡើង តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន៦០ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៦៤ ដែលក្នុងនោះទៅកាន់បណ្តាប្រទេស នៅក្នុងតំបន់អឺរ៉ុបចំនួន៣២ បានបរិមាណអង្ករចំនួន១៧៩ ៨២៨ តោន គិតជាទឹកប្រាក់ចំនួន១២១.៧៣ លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសចិន ហុងកុង និងម៉ាកាវ ចំនួន១៧០ ៤៨៣ តោន គិតជាទឹកប្រាក់ចំនួន៩៩.៦៧ លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសក្នុងអាស៊ានចំនួន៥ ប្រទេសបានបរិមាណចំនួន២២៨ ៧៨០ តោន គិតជាទឹកប្រាក់ចំនួន ៩៨.៩០ លានដុល្លារសហរដ្ឋអាមេរិក និងទៅកាន់គោលដៅ២៤ ប្រទេសផ្សេងទៀតមាន អាហ្វ្រិក មជ្ឈឹម បូព៌ា អាមេរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡេន។ល។ បានចំនួន ៥១ ២២៨ តោន គិតជាទឹកប្រាក់ចំនួន ៤៦.៨០ លានដុល្លារសហរដ្ឋអាមេរិក ។

ប្រភពបានលើកឡើងថា ចំពោះប្រភេទអង្ករដែលបាននាំចេញមានអង្ករក្រអូបចំនួន៥៩.៨១% ប្រភេទអង្ករសគ្រាប់វែង ២២.៥៨% អង្ករចំហុយ ១.៨២% អង្ករសរីរាង្គចំនួន ១.២៤% អង្ករបាក់គ្រប់ប្រភេទ ១៤.៣៥% និងអង្ករផ្សេងៗចំនួន ០.២%។

លើសពីនេះប្រទេសកម្ពុជាក៏បាននាំចេញស្រូវចំនួន ៣ ១៧៦ ៥៦១ តោនស្រូវសើម ដែលគិតជាទឹកប្រាក់ប៉ាន់ ប្រមាណបានចំនួន ៧១៣.៤២ លានដុល្លារសហរដ្ឋអាមេរិក៕

ចែករំលែកព័តមាននេះ