ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​ស្ទុះ​ងើបឡើង​វិញ ក្រោយ​អា​មេ​រិ​ក​បើក​ការ​វាយប្រហារ​ថ្មី​លើ​អ៊ី​រ៉​ង់

5 ថ្ងៃ មុន

អន្តរជាតិ ៖ តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​បាន​កើនឡើង​ដល់​ជិត ៣% នៅ​ថ្ងៃ​ទី​៨ ខែកក្កដា ឆ្នាំ​២០២៦ បន្ទាប់​ពី​កងទ័ព​សហរដ្ឋ អាមេរិក​បាន​បើក​ការ​វាយប្រហារ​តាម​ផ្លូវអាកាស​ប្រឆាំង​នឹង​ប្រទេស​អ៊ី​រ៉​ង់ និង​បាន​ដាក់​ទណ្ឌកម្ម​លើ​ការ​លក់​ប្រេង​ឆៅ​ឡើង​វិញ ដែល​បង្ក​ឱ្យ​មានការ​ភ័យ​ខ្លាច​ថា បទ​ឈប់​បាញ់​ដ៏​ផុយ​ស្រួយ​របស់​ភាគី​ទាំង​ពីរ កំពុង​តែ​រលាយ​សាបសូន្យ ហើយ​ការ​ផ្គត់ផ្គង់​នៅ​មជ្ឈិមបូព៌ា​អាច​នឹង​ត្រូវ​រំខាន​ជា​ថ្មី​ម្តងទៀត​។ នេះ​បើ​តាម​ប្រភព​ពី Reuters បាន​ចេញផ្សាយ​។

ប្រេង​ឆៅ Brent ដែល​ជា​ស្តង់ដា​អន្តរជាតិ បាន​កើនឡើង ២,១៥ ដុល្លារ ឬ ២,៩០% ដល់ ៧៦,៣១ ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​បារ៉ែល ដោយ​គិត​ត្រឹម​ម៉ោង ១២ និង ៣០ នាទី​ថ្ងៃត្រង់ (​ម៉ោង​នៅ​កម្ពុជា​)​។ ចំណែក​ប្រេង​ឆៅ West Texas Intermediate (WTI) របស់​សហរដ្ឋអាមេរិក បាន​កើនឡើង ២,០៦ ដុល្លារ ឬ ២,៩២% ដល់ ៧២,៥០ ដុល្លារ​ក្នុង​១​បារ៉ែល​។

កិច្ចសន្យា​ប្រេង​ទាំង ២ បាន​កើនឡើង​ប្រហែល ៣% កាលពី​ថ្ងៃ​ទី​៧ ខែកក្កដា កន្លង​ទៅ បន្ទាប់​ពី​សហរដ្ឋអាមេរិក​បាន​លុប​ចោល​អាជ្ញាប័ណ្ណ​ទូទៅ​ដែល​អនុញ្ញាត​ឱ្យ​មានការ​លក់​ប្រេង​ឆៅ​របស់​អ៊ី​រ៉​ង់ ក្រោយ​ការ​វាយប្រហារ​ដោយ​មី​ស៊ី​ល​របស់​អ៊ី​រ៉​ង់​លើ​កប៉ាល់​ដឹក​ប្រេង​ពាណិជ្ជកម្ម ៣ គ្រឿងក្នុង​ច្រក​សមុទ្រ​ហ័​រ​មូស (Hormuz)​។

បញ្ជាការដ្ឋាន​កណ្តាល​សហរដ្ឋអាមេរិក (CENTCOM) កាលពី​ថ្ងៃ​ទី​៧ ខែកក្កដា (​ម៉ោង​នៅ​សហរដ្ឋអាមេរិក​) បាន​ប្រកាស​ថា ការ​វាយប្រហារ​តាម​អាកាស​របស់​សហរដ្ឋអាមេរិក គឺជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​វាយប្រហារ​របស់​អ៊ី​រ៉​ង់​លើ​កប៉ាល់​ពាណិជ្ជកម្ម ៣ ដែល​កំពុង​ធ្វើ​ដំណើរ​ឆ្លងកាត់​ច្រក​សមុទ្រ​ហ័​រ​មូស​។

ការ​វាយប្រហារ​ទាំងនោះ​បាន​បង្ក​ឱ្យ​មាន​ក្តី​បារម្ភ​ជា​ថ្មី ជុំវិញ​ចរាចរណ៍​ឆ្លងកាត់​ច្រក​សមុទ្រ​ហ័​រ​មូស ដែល​ធ្លាប់​បាន​ដឹក​ប្រេង​ស្មើនឹង​ប្រហែល​១​ភាគ​៥ នៃ​ការ​ផ្គត់ផ្គង់​ថាមពល​សកល មុន​ពេល​សង្គ្រាម​បាន​ចាប់ផ្តើម កាលពី​ខែកុម្ភៈ​។

អ៊ី​រ៉​ង់​កំពុង​អះអាង​ពី​ការ​គ្រប់គ្រង​របស់​ខ្លួន​លើ​ច្រក​សមុទ្រ​នេះ ហើយ​បាន​បញ្ជា​ឱ្យ​កប៉ាល់​ទាំងឡាយ​ប្រើប្រាស់​ផ្លូវ​មួយ​ដែល​នៅ​ជិត​ឆ្នេរសមុទ្រ​របស់​ខ្លួន ជំនួស​ឱ្យ​ផ្លូវ​ដែល​នៅ​ជិត​ប្រទេស​អូ​ម៉​ង់ ដែល​ជា​ប្រទេស​មាន​ព្រំប្រទល់​ជាប់​នឹង​ផ្លូវទឹក​នេះ​ដែរ​។ ទោះ​យ៉ាងណា​ក៏​ដោយ សហរដ្ឋអាមេរិក​បាន​ទទូច​ថា ផ្លូវទឹក​នេះ ត្រូវ​តែ​បើកចំហ​ដោយ​សេរី​សម្រាប់​ទាំងអស់​គ្នា ដូច​កាលពីមុន​ពេល​ជម្លោះ​បាន​ចាប់ផ្តើម​៕