ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្យុះទីហ្វុង Maysak បោកបក់ស.ម្លា.ប់មនុស្សយ៉ាងតិច១៧​នាក់ និងបង្ខំឱ្យរាប់ម៉ឺននាក់ជម្លៀសខ្លួន ប្រធានាធិបតី ស៊ី ជីនពីង បញ្ជាឱ្យចេញកម្លាំង​ជួយ​សង្គ្រោះ

4 ថ្ងៃ មុន

កាលពី​ថ្ងៃអាទិត្យ ភ្លៀង​ធ្លាក់​យ៉ាង​គំហុក​បាន​ចាប់ផ្តើម​វាយប្រហារ​លើ​ភូមិ Renhe ក្នុង​ខេត្ត Guangxi ភាគ​ខាងត្បូង​ប្រទេស​ចិន ។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់ BBC News ។

ទោះបីជា​អ្នក​ភូមិ​ធ្លាប់​ស៊ាំ​នឹង​ការ​ធ្លាក់​ភ្លៀង​ក៏​ដោយ ប៉ុន្តែ​លើក​នេះ ភ្លៀង​មិន​ព្រម​ឈប់​ទាល់តែ​សោះ ហើយ​កម្រិត​ទឹកបាន​កើនឡើង​យ៉ាង​គំហុក ។ ត្រឹម​ព្រឹក​ព្រលឹម​ថ្ងៃ​ចន្ទ ទឹកបាន​ឡើង​ដល់​ជង្គង់ ហើយ​បន្តិច​ក្រោយមក វា​បាន​លិចលង់​ជាន់​ទី​មួយ​នៃ​ផ្ទះ​របស់​ពួក​គេ​ទាំងស្រុង​។

ស្ត្រី​អ្នក​ភូមិ​ម្នាក់​ឈ្មោះ Zhou បាន​ប្រាប់​សារព័ត៌មាន BBC ថា​៖ «​ទឹកជំនន់​បាន​កើតឡើង​លឿន​ពេក ទឹក​ហូរ​ខ្លាំង​ណាស់ រហូត​ធ្វើ​ឱ្យ​អ្នក​ភូមិ​មិន​មាន​ពេល សូ​ម្បី​តែ​ប្រមូល​អាហារ​តាម​ខ្លួន​នៅ​ពេល​រត់គេច​ខ្លួន​»​។គ្រួសារ​របស់​លោកស្រី Zhou ស្ថិត​ក្នុង​ចំណោម​មនុស្ស​រាប់​ម៉ឺន​នាក់​ក្នុង​ខេត្ត Guangxi ដែល​ត្រូវ​បាន​ជម្លៀស​ចេញពីផ្ទះ​សម្បែង ចាប់តាំងពី​ព្យុះ​ទី​ហ្វុ​ង Maysak បាន​បោកបក់​មក​លើ​តំបន់​នេះ​កាលពី​ចុង​ស​ប្តា​ហ៍ ។ ព្យុះ​នេះ បាន​ធ្វើ​ឱ្យ​ទឹកទន្លេ​ហក់​ឡើង​ខ្លាំង និង​បាក់​ទំនប់ បណ្តាល​ឱ្យ​មនុស្ស​យ៉ាង​ហោច​ណាស់​៤​នាក់​ស្លាប់​នៅ​ទីនោះ​។

ព្យុះ​ទី​ហ្វុ​ង​នេះ បាន​ជន់​លិច​ទីក្រុង​ណា​ន​នី​ង និង​ភូមិឋាន​ជុំវិញ ធ្វើ​ឱ្យ​ប្រជាជន​ត្រូវ​ឡើង​ទៅ​លើដំបូល​ផ្ទះ​ដើម្បី​ស្រែក​រក​ជំនួយ ។ បន្ថែម​ពី​នេះ វា​បាន​បង្ក​ជា​ព្យុះ ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​នៅ​ខេត្ត​ហ៊ូ​ប៉ី​ភាគ​កណ្តាល ដែល​មាន​ចម្ងាយ​រាប់រយ​គីឡូម៉ែត្រ​ពី​ទីនោះ​។

យោង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ គ្រោះ​ធម្មជាតិ​នេះ​បាន​សម្លាប់​មនុស្ស​សរុប​យ៉ាង​ហោច​ណាស់​១៧​នាក់ របួស​រាប់រយ​នាក់ និង​រាប់​ម៉ឺន​នាក់​ផ្សេង​ទៀត​ត្រូវ​ជម្លៀស​ខ្លួន ។ ការ​បំផ្លិចបំផ្លាញ​យ៉ាងធ្ងន់ធ្ងរ​នេះ បាន​ជំរុញ​ឱ្យ​ប្រធានាធិបតី ស៊ី ជី​ន​ពីង ចេញ​បញ្ជា​ឱ្យ​ប្រើប្រាស់​កម្លាំង​សរុប​ក្នុង​ប្រតិបត្តិការ​ជួយ​សង្គ្រោះ និង​ផ្តល់​ជំនួយ​ជា​បន្ទាន់ ។

ព្យុះ​ទី​ហ្វុ​ង​ដែល​បង្ក​ឱ្យ​មាន​ទឹកជំនន់​រីក​រាលដាល​បែប​នេះ គឺជា​រឿង​ធម្មតា​នៅ​ក្នុង​ប្រទេស​ចិន ក្នុងអំឡុងពេល​នេះ​នៃ​ឆ្នាំ ប៉ុន្តែ Maysak គឺជា​ព្យុះ​ដំបូង​គេ​បង្អស់ ដែល​បាន​បោកបក់​ចូល​ប្រទេស​នេះ​សម្រាប់​រដូវ​កាល​ឆ្នាំ​២០២៦ ។ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បាន​បញ្ជាក់​ថា ព្យុះ​នេះ​មាន​លក្ខណៈ​ពិសេស​ត្រង់ «​ការ​កើតឡើង​ភ្លាម​ៗ និង​មាន​ខ្យល់​បក់​ខ្លាំង​ក្នុង​រយៈពេល​ខ្លី​»​។

យោង​តាម​ការ​ទស្សន៍​ទាយ​អាកាសធាតុ ព្យុះ​ទី​ហ្វុ​ង​មួយទៀត​ឈ្មោះ​ថា «​បា​វី​» (Bavi) កំពុង​តែ​បោកបក់​ឆ្លងកាត់​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក ហើយនឹង​មក​ដល់​ឆ្នេរសមុទ្រ​ភាគ​ខាងកើត​នៃ​ប្រទេស​ចិន នៅ​ចុង​ស​ប្តា​ហ៍​នេះ​។ អាជ្ញាធរ​នៅ​ក្រុង​ណា​ន​នី​ង​បាន​ព្រមាន​ថា «​ភ្លៀង​ធ្លាក់​ខ្លាំង​» បន្តបន្ទាប់​ទៀត អាច​នឹង​រារាំង​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​ជួយ​សង្គ្រោះ​។

អាកាសធាតុ​ដ៏​អាក្រក់ និង​ធ្ងន់ធ្ងរ​ទាំងនេះ ដែល​អ្នកជំនាញ​ភ្ជាប់​ទៅ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​សកល កំពុង​គំរាមកំហែង​កាន់តែ​ខ្លាំង​ឡើង​ដល់​អាយុជីវិត​ប្រជាជន និង​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន ជា​ពិសេស គឺ​វិស័យ​កសិកម្ម​ដែល​មាន​តម្លៃ​រាប់​ពាន់​ពាន់​លានដុល្លារ ។