ឆ្មក់បង្ក្រា.បទីតាំងចែកចាយនិងជួញដូរគ្រឿងញៀ.ន ឃាត់ជនសង្ស័យចំនួន៣នាក់
- កំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យចំនួន៣ នាក់ត្រូវបានកម្លាំងនគរបាលស្រុកគងពិសីធ្វើការឃាត់ខ្លួនបន្ទាប់ពីមុខសញ្ញាសង្ស័យខាងលើកំពុងតែចរាចរណ៍គ្រឿងញៀន ហើយប្រជាពលរដ្ឋល្អបានរាយការណ៍ជូនសមត្ថកិច្ចចុះទៅដល់ទីតាំងឃាត់តែម្ដង។
ការបង្ក្រាបក្រុមជនសង្ស័យជាមុខសញ្ញាចែកចាយ និងជួញដូរគ្រឿងញៀនបានធ្វើឡើងកាលពីវេលាម៉ោង១និង៥នាទីរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ នៅចំណុចបន្ទប់ជួលមួយកន្លែង ស្ថិតនៅក្នុងភូមិក្របីត្រាំ ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
នគរបាលស្រុកគងពិសីបាននិយាយឲ្យដឹងថាក្រុមជនសង្ស័យដែលឃាត់ខ្លួនបានទី១-ឈ្មោះ ដូត សុភា ភេទប្រុស អាយុ៣៣ឆ្នាំ ស្នាក់នៅបន្ទប់ជួលក្នុងភូមិក្របីត្រាំ ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ទី២-ឈ្មោះ ដារ៉ា វ៉ាន់ឆៃ ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅក្នុងបន្ទប់ជួលភូមិក្របីត្រាំ ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ និងទី៣-ឈ្មោះ រុន សៅលី ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅបន្ទប់ជួល ក្នុងភូមិព្រៃរោង ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
នគរបាលស្រុកគងពិសីបានបន្តឲ្យដឹងទៀតថានៅមុនពេលឃាត់ខ្លួនក្រុមជនសង្ស័យជាមុខសញ្ញាចែកចាយ និងជួញដូរគ្រឿងញៀនខាងលើ គឺ ដោយទទួលព័ត៌មានពីមហាជនល្អ រាយការណ៍ជូនសមត្ថកិច្ចថានៅចំណុចបន្ទប់ជួលជាប់ផ្លូវលំ ស្ថិតនៅក្នុងភូមិក្របីត្រាំ ឃុំជង្រុក មានមនុស្សចេញចូលៗ សង្ស័យមានការ ជួញដូរ និង ប្រើប្រាស់គ្រឿងញៀននៅទីនោះទទួលបានព័ត៌មានខាងលើរួចមក កំលាំងនគរបាលជំនាញនៃអធិការដ្ឋាននគរបាលស្រុកគងពិសី បានដឹកនាំកម្លាំង ចុះទៅដល់ទីតាំងជាក់ស្តែងឃាត់ខ្លួនមុខសញ្ញាសង្ស័យចំនួន ៣នាក់។ ក្រោយឃាត់ខ្លួនក្រុមជនសង្ស័យខាងលើនគរបាលបានត្រួតពិនិត្យដកហូតបាន ម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន ២កញ្ចប់ (តូច១កញ្ចប់ និងធំ១កញ្ចប់),ទូរស័ព្ទដៃចំនួន២គ្រឿង, ដាវកែច្នៃចំនួន២ដើម និងឧបករណ៍វេចខ្ចប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនថែមទៀតផង។
នគរបាលស្រុកគងពិសីបានបញ្ជាក់ឱ្យដឹងថាក្រោយឃាត់ខ្លួនក្រុមជនសង្ស័យរួមជាមួយនឹងវត្ថុតាងនគរបាលបានកសាងសំណុំរឿងបញ្ជូនទៅការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕


ចែករំលែកព័តមាននេះ