ដឹងរឿងហើយ ! នគរបាលខេត្តសៀមរាបផ្អាកការងារមន្ត្រីម្នាក់ប្រើសម្តីមិនសមរម្យដាក់ម្ចាស់ឡានដេញតាមឃាត់ដឹកទំនិញគេចភាស៊ី
- សៀមរាប
ខេត្តសៀមរាប ៖ ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានប្រកាសដាក់វិន័យ និងសម្រេចផ្អាកការងារជាបណ្តោះអាសន្នចំពោះមន្ត្រីនគរបាលម្នាក់ ដែលបានប្រើប្រាស់កាយវិការ និងពាក្យសម្តីមិនសមរម្យក្នុងពេលបំពេញភារកិច្ច ។

ជាក់ស្តែងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានប្រកាសនាថ្ងៃទី០៧ ខែកក្កដានេះថា ៖ មន្ត្រីនគរបាល ដែលតាមឃាត់ រថយន្តគេចវេស មិនបង់ភាស៊ី ដោយប្រើកាយវិការ សម្តី មិនសមរម្យ ត្រូវបានដាក់អោយអនុវត្តវិន័យនគរបាលជាតិហើយ ។
ប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានបន្ថែមនៅក្នុងខមិនថា ៖ ស្នងការដ្ឋានបានសម្រេចផ្អាកការងារជាបណ្តោះអាសន្ន និងត្រូវបង្ហាញមុខនៅការិយាល័យបុគ្គលិករៀងរាល់ម៉ោងធ្វើការ ។

ការចេញមុខបកស្រាយ និងចាត់វិធានការនេះបានធ្វើឡើងបន្ទាប់ពីផេកហ្វេសប៊ុកឈ្មោះ «ប៉ុស្តិ៍ខ្សឹបដំណឹង» បានបង្ហោះវីដេអូមួយ កាលពីរសៀលថ្ងៃទី០៦ ខែកក្កដា ក្រោមចំណងជើងថា «ហេតុអ្វី បើកឡានដឹកទំនិញលើផ្លូវក្រវ៉ាត់ក្រុងសៀមរាប ត្រូវជួបរឿងបែបនេះ!» ដែលបង្ហាញពីសកម្មភាពមិនសមរម្យរបស់មន្ត្រីនគរបាលរូបនោះ ។
សូមបញ្ជាក់ថា ៖ អ្នកនាំពាក្យ និងជាក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ថា បន្ទាប់ពីបានឃើញហ្វេសប៊ុកផេក ប៉ុស្តិ៍ខ្សឹបដំណឹង បានផ្សព្វផ្សាយវីដេអូ នៅរសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦នេះ ដោយមានសរសេរខ្លឹមសារថា «ហេតុអ្វី បើកឡានដឹកទំនិញលើផ្លូវក្រវ៉ាត់ក្រុងសៀមរាប ត្រូវជួបរឿងបែបនេះ!» ។
ប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានបន្តថា ដោយក្នុងវីដេអូ ដែលបានផ្សព្វផ្សាយនេះ មានជាប់សកម្មភាព មន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបផងដែរ ។ យោងតាមវីដេអូ ដែលបានផ្សព្វផ្សាយនេះ យើងខ្ញុំសូមជម្រាបជូនថា សកម្មភាពនេះ គឺជាការចូលរួមតាមការស្នើរសុំអន្តរាគម៍ម្ដងម្កាលរបស់ក្រុមហ៊ុន ដែលទទួលសិទ្ធវិនិយោគសាងសង់ចំណតរថយន្ត និងធ្វើអាជីវកម្មភាស៊ីចំណតរថយន្ត នៅប៉ែកខាងកើត និងខាងលិចក្រុងសៀមរាប តាមឃាត់រថយន្តដឹកទំនិញពាក់ស្លាកលេខ ភ្នំពេញ 3E-7871 ដែលគេចវេសមិនបង់ភាស៊ី ចំនួន០២លើក នៅវេលាម៉ោង១១ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦នេះ លើផ្លូវក្រវ៉ាត់ក្រុងសៀមរាប ។
ដោយឡែកចំ ពោះការប្រើប្រាស់កាយវិការ ពាក្យសម្ដី មិនសមរម្យ ខុសវិជ្ជាជីវៈ របស់មន្ត្រីនគរបាល នៅក្នុងវីដេអូនេះ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប កំពុងធ្វើការត្រួតពិនិត្យកំហុសឆ្គង និងអនុវត្តតាមបទវិន័យនគរបាលជាតិ ៕
ចែករំលែកព័តមាននេះ