ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះមហាក្សត្រ​ ៖ កិច្ចការ​អភិរក្ស ​និង​អភិវឌ្ឍន៍បេតិកភណ្ឌ​ ជា​កិច្ចការ​គ្មាន​ទី​បញ្ចប់

4 ថ្ងៃ មុន

រាជធានី​ភ្នំពេញ​ ៖ ​ព្រះករុណា ​ព្រះបាទ​សម្តេច ព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ព្រះរាជ​បន្ទូល​ថា កិច្ចការ​អភិរក្ស​ និង​អភិវឌ្ឍន៍ បេតិកភណ្ឌ ជា​កិច្ចការ​គ្មាន​ទី​បញ្ចប់ ដែល​ទាមទារ​ឱ្យ​មានការ​ចូលរួម​ពី​គ្រប់​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ ជា​ពិសេស​គឺ​ស្រទាប់​យុវជន​ជា​អ្នក​បន្តវេន​ នេះ​បើ​យោង​តាម​ព្រះរាជ​សារ​របស់​ព្រះករុណា ព្រះ​មហាក្សត្រ ថ្ងៃ​ទី​៧ ខែកក្កដា ឆ្នាំ​២០២៦ ក្នុង​ឱកាស​អបអរសាទរ​ខួប​ជា​ប្រវត្តិសាស្ត្រ ៩​ឆ្នាំ នៃ​ការ​ចុះបញ្ជី​តំបន់​ប្រាសាទ សំបូរ​ព្រៃ​គុក ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក (៨ កក្កដា ២០១៧ – ៨ កក្កដា ២០២៦)​ ។

ខ្លឹមសារ​ក្នុង​ព្រះរាជ​សារ ព្រះ​អង្គ​បាន​គូសបញ្ជាក់​ថា នៅ​ក្នុង​ឱកាស​ខួប​ជា​ប្រវត្តិសាស្ត្រ ៩​ឆ្នាំ នៃ​ការ​ចុះបញ្ជី​តំបន់​ប្រាសាទសំបូរព្រៃគុក​ជា​សម្បត្តិ បេតិកភណ្ឌ​ពិភពលោក កាលពី​ថ្ងៃ​ទី​៨ ខែកក្កដា ឆ្នាំ​២០១៧ កន្លង​ទៅ ដោយ​អង្គការ​យូ​ណេ​ស្កូ (UNESCO) ទូលព្រះ​បង្គំ​ខ្ញុំ ព្រះករុណា​ខ្ញុំ សូម​សម្តែង​នូវ​ហឫទ័យ​សោមនស្ស​រីករាយ​ឥត​ឧបមា​ដ៏​ជ្រាលជ្រៅ សូម​ចូលរួម​អបអរសាទរ​ជាមួយ​សម្តេចព្រះ​មហាសង្ឃរាជ​ទាំង​ពីរ​គណៈ ព្រះ​ថេរានុត្ថេរៈ​គ្រប់​ព្រះ​អង្គ ថ្នាក់​ដឹក នាំ​ជាតិ​គ្រប់​ជាន់ថ្នាក់ និង​ជន​រួម ជាតិ​ទាំងអស់ ជាទី​នឹករលឹក និង​ស្រឡាញ់​ដ៏​ជ្រាលជ្រៅ​បំផុត ​។

ទូលព្រះបង្គំ​ខ្ញុំ ព្រះករុណា​ខ្ញុំ សូម​វាយតម្លៃ​ខ្ពស់ និង​សូម​កោតសរសើរ​ជាទី​បំផុត ចំពោះ​ការចុះបញ្ជី​តំបន់​ប្រាសាទសំបូរព្រៃគុក ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក នៅ​ខេត្តកំពង់ធំ ឱ្យ​បាន​ស្ថិតស្ថេរ គង់វង្ស​និង​ប្រកប ដោយ​ចីរភាព នៅ​លើ​ទឹកដី ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ។

ព្រះ​អង្គ ក៏​បាន​សម្តែង​ នូវ​កតញ្ញូតាធម៌​ដ៏​ខ្ពង់ខ្ពស់​បំផុត ចំពោះ​ព្រះរាជ​តម្រិះ​ព្រះ​ក​រុណា​ ព្រះ​មហា​វីរក្សត្រ ព្រះ​វររាជ​បិតា​ជាតិខ្មែរ ព្រះ​បរម​រតន​កោដ្ឋ ជាទី​គោរព​សក្ការៈ​ដំខ្ពង់ខ្ពស់​បំផុត ដែល​ព្រះ​អង្គ​បាន​យក​ព្រះ​ទ័យ​ទុកដាក់​ជា​និច្ចកាល​ក្នុង​ការ​ថែរក្សា​សម្បត្តិ​វប្បធម៌​ជាតិ​ក្នុង​មួយ​ព្រះ​ជន្ម​ព្រះ​អង្គ​។

ព្រះករុណា​ព្រះមហាក្សត្រ ក៏​បាន​កោតសរសើរ​ និង​អរគុណ​ដ៏​ជ្រាលជ្រៅ​ចំពោះ​ប្រជាជាតិ​កម្ពុជា ទាំងមូល ក្រោម​ការ​ដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​ដ៏​ឆ្នើម ឈ្លាសវៃ​ និង​ប៉ិន​ប្រសប់​របស់សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ និង​បន្ត​មក​បច្ចុប្បន្ន សម្តេច​មហា​ប់វរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ជា​ប្រមុខរាជរ​ដ្ឋាភិ​បាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ធ្វើ​ឱ្យ​ពី​ភព​លោក​ព្រម​ទទួលស្គាល់​សម្បត្តិ​វប្បធម៌ ប្រវត្តិសាស្ត្រ ជា​កេ​រ្ត៍​ដំណែល​ដ៏​អស្ចារ្យ​របស់​បុព្វបុរស​ខ្មែរ ​ដែល​បាន​បន្សល់​ទុក​សម្រាប់ មនុស្ស​ជាតិ​ជំនាន់​ក្រោយ​ដើម្បី ថែរក្សា​បន្ត​ ។

ទន្ទឹម​នេះ​ដែរ ព្រះ​អង្គ​ក៏​បាន​ថ្លែង​នូវ​អំណរ​គុណ​ដ៏​ជ្រាលជ្រៅ និង​គាំទ្រ​ជា​ខ្លាំង ចំពោះ​កិច្ច ខិតខំ​ប្រឹងប្រែង​យ៉ាង​សកម្ម​របស់ រាជរដ្ឋាភិបាល ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ អាជ្ញាធរ​ជាតិ​សំបូរ ព្រៃ​គុក និង​គណៈកម្មាធិការ​សម្របសម្រួល​កិច្ច​គាំពារ និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​សំបូរ​ព្រៃ​គុក «ICC/ANGKOR-SAMBOR PREI KUK» និង​ការ​ថែទាំ​បន្ត ដែល​ដឹកនាំ​ដោយ​សហ​ប្រធាន ជា​តំណាង​នៃ សាធារណរដ្ឋ​បារាំង និង​ប្រទេស​ជប៉ុន ព្រមទាំង​ដៃគូ​កិច្ច​សហប្រតិបត្តិការ​ជាតិ​-​អន្តរជាតិ​ទាំងអស់ ។

គួ​រម្លឹក​ដែរ​ថា ប្រាសាទសំបូរព្រៃគុក បាន​ចុះបញ្ជី​ក្នុង​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោករ បស់​អង្គការ​យូ​ណេ​ស្កូ (UNESCO) នៅ​ថ្ងៃ​ទី​៨ ខែកក្កដា ឆ្នាំ​២០១៧ ក្នុង​កិច្ចប្រជុំ​កំពូល​លើក​ទី​៤១ នៃ​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក នៅ​ទីក្រុង​ក្រា​កូវ (Krakow) ប្រទេស​ប៉ូ​ឡូញ​។ ប្រាសាទ​ទាំងនេះ សាងសង់​អំពី​ថ្មបាយក្រៀម ឥដ្ឋតាន់ និង​ថ្មភក់ ក្នុង​រជ្ជកាល​ព្រះបាទ​ឥ​សាន​វរ្ម័ន​ទី​១ (​គ​.​ស​.៦១៦-៦៣៥) នា​សម័យ​ចេ​ន​ឡា ដើម្បី​ឧទ្ទិស​ថ្វាយ ព្រះ​សិវៈ ក្នុង​លទ្ធិ​ព្រហ្មញ្ញសាសនា លើ​ផ្ទៃដី​ប្រមាណ ៣០០០ ហិ​កតា​។ តំបន់​ប្រាសាទសំបូរព្រៃគុក មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​សំបូរ ឃុំ​សំបូរ ស្រុក​ប្រាសាទ​សំបូរ ខេត្តកំពង់ធំ ដែល​មាន​ចម្ងាយ​ប្រហែល ២៨​គីឡូម៉ែត្រ​ភាគ​ឦសាន​នៃ​ទីរួមខេត្ត​កំពង់ធំ និង​មាន​ចម្ងាយ​ប្រហែល ១៩៦​គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ​។ ប្រាសាទសំបូរព្រៃគុក ជា​រាជធានី​ចាស់​ឈ្មោះ​ថា ឦសាន​បុ​រៈ កាលពី​សម័យ​នោះ​ជា​មជ្ឈមណ្ឌល​នៃ​ព្រហ្មញ្ញសាសនា​៕