ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កប៉ាល់​២​គ្រឿង​រង​ការ​វា.យ​ប្រ.ហារ​​នៅច្រកហ័រ​ម៉ូស ខណៈ​ដែល​អ៊ីរ៉ង់​​ថា​ខ្លួន​មិន​ចូល​តុ​ចរ​ចា​ទេ​​បើ​អាមេរិក​បន្ត​គំ.រា.ម​កំ.ហែ.ង

11 ម៉ោង មុន

ទី​ក្រុង​តេ​អេរ៉ង់​៖ ថ្ងៃ​នេះ កប៉ាល់​២​គ្រឿង​រង​ការ​វាយ​ប្រហារ​នៅ​ច្រក​សមុទ្រ​ហ័រ​ម៉ូស​​ ខណៈ​ដែល​អ៊ីរ៉ង់​ប្រកាស​ជា​ចំហ​តែ​ម្ដង​ថា​ខ្លួន​នឹង​មិន​ព្រម​ចូល​តុ​ចរ​ចា​ជា​បន្ត​ទៀត​ដើម្បី​ឱ្យ​មាន​កិច្ច​ព្រម​ព្រៀង​សន្តិ​ភាព​ទេ​លុះ​ត្រា​តែ​លោក​ដូណាល់​ត្រាំ​បញ្ឈប់​រាល់​ការ​គំរាម​កំហែង​ទាំង​ឡាយ​ដែល​ចង់​ផ្ទុះ​សង្គ្រាម​សា​ជា​ថ្មី​។ នៅ​ពេល​នេះ អ៊ីរ៉ង់​ចាប់​ផ្ដើម​ផ្ទុះ​កំហឹង​ជា​ថ្មី​នឹង​អាមេរិក​នៅ​ពេល​ខ្លួន​រៀប​ចំ​ពិធី​​គោរព​វិញ្ញាណក្ខន្ធ​របស់​អតីត​មេ​ដឹក​នាំ​កំពូល​ អាលី​ ខា​មេនី។ ម្ចាស់​កប៉ាល់​របស់​ប្រទេស​កាតា​ឈ្មោះ​អាល់​ រេ​កាយ៉ាត (Al Rekayyat) រាយ​ការណ៍​ថា​កប៉ាល់​របស់​ខ្លួន​​រង​ការ​វាយ​ប្រហារ​កាល​ពី​យប់​មិញ​ បណ្ដាល​ឱ្យ​ឆេះ​ម៉ាស៊ីន​។

ប្រភព​ពី​ភ្នាក់​ងារ​សន្តិ​សុខ​លំហ​សមុទ្រ​បាន​ឱ្យ​ដឹង​ថា​កប៉ាល់​​មួយ​គ្រឿង​របស់​ប្រទេស​អារ៉ាប៊ី​សា​អូឌីត​ក៏​រង​ការ​វាយ​ប្រហារ​ផង​ដែរ​។ អ្នក​បើក​កប៉ាល់​អាល់​ រេ​កាយ៉ាត​ប្រកាស​តាម​វិទ្យុ​ទាក់​ទង​ថា​ «​នេះជា​ថ្ងៃ​អាសន្ន​ធំ​ហើយ​។ នេះ​ជា​កប៉ាល់​ដឹក​ហ្គាស​​  ឈ្មោះ​អាល់​ រេ​កាយ៉ាត។ ដ្រូន​មួយ​គ្រឿង​វាយ​ប្រហារ​មក​​លើ​យើង ​ត្រូវ​ចំ​ម៉ាស៊ីន​កប៉ាល់​ បណ្ដាល​​ឱ្យ​ឆេះ​ និង​បញ្ចេញ​ផ្សែង​ហុយ​ទ្រលោម​ទៅ​លើ​អាកាស​។ យើង​មិន​ទាន់​ប៉ាន់​ស្មាន​ដឹង​​អំពី​ទំហំ​នៃ​ការ​ខូច​ខាត​នៅ​ឡើយ​ទេ​»។ កាពីទែន​រូប​នេះ​ថ្លែង​បន្ត​ទៀត​ថា​នាវឹក​នៅ​លើ​កប៉ាល់​មាន​សុវត្ថិ​ភាព​ទាំង​អស់​គ្នា​។ ប៉ុន្តែ​កប៉ាល់​នោះ​លែង​ដំណើរ​ការ​តទៅ​ទៀត​ដោយ​សារ​គ្មាន​ម៉ាស៊ីន និងគ្មាន​​ប្រព័ន្ធ​ដៃ​ចង្កូត​។ គាត់​បាន​ស្នើ​សុំ​ឱ្យ​កប៉ាល់​ដែល​បើក​នៅ​ក្បែរ​ៗ​នោះ​ជួយ​​យក​អាសា​កប៉ាល់​របស់​គាត់​ផង​​។

ពាក់ព័ន្ធ​នឹង​ការ​វាយ​ប្រហារ​ទាំង​២​ករណី​នេះ គ្មាន​ក្រុម​ណា​មួយ​ប្រកាស​ថា​ជា​ស្នាដៃ​របស់​ខ្លួន​នៅ​ឡើយ​ទេ ហើយ​ទាំង​ទី​ក្រុង​វ៉ា​ស៊ីន​តោន និង​តេ​អេរ៉ង់​​ក៏​មិន​​បាន​ធ្វើ​អត្ថា​ធិប្បាយ​​អ្វីទាំង​អស់​ទៅ​លើ​រឿង​នេះ​​​។ ប៉ុន្តែ​​គេ​ហទំព័រ​អេក​សឺស (Axios)​ ចុះ​ផ្សាយ​ថា​​អ៊ីរ៉ង់​​បាញ់​​កប៉ាល់​ទាំង​២​នោះ​។ ហេតុ​ការណ៍​ទាំង​នេះ​ជា​ការ​រំលឹក​ថា​បញ្ហា​នៅ​ច្រក​សមុទ្រ​ហ័រ​ម៉ូស និង​តំបន់​ឈូង​សមុទ្រ​ពែក្ស​មិន​ទាន់​បាន​ដោះ​ស្រាយ​​ឱ្យ​បាន​ជ្រះ​ស្រឡះ​នៅ​ឡើយ​ទេ​ទោះ​បី​សង្គ្រាម​អ៊ីរ៉ង់​បាន​កើត​ឡើង​រយៈ​ពេល​ជាង​៤​ខែ​ទៅ​ហើយ​ក្ដី​។ កាល​ពី​ខែ​មិថុនា ភាគី​ទាំង​២​​យល់​ព្រម​ផ្អាក​ប្រយុទ្ធ​គ្នា​​​ និង​ចុះ​​​កិច្ច​ព្រម​ព្រៀង​សន្តិ​ភាព​បណ្ដោះ​អាសន្ន​​។ ​ពួក​គេ​មាន​ពេល​៦០​ថ្ងៃ​ដើម្បី​ចរ​ចា​គ្នា​ឱ្យមាន​​កិច្ច​ព្រមព្រៀង​សន្តិ​ភាព​ជា​អចិន្ត្រៃយ៍​។

កាល​ពី​សប្ដាហ៍​មុន ភាគី​ទាំង​២​បាន​ចរចា​គ្នា​ដោយ​ប្រយោល​នៅ​ប្រទេស​កាតា ប៉ុន្តែ​គ្មាន​លទ្ធ​ផល​គួរ​ឱ្យ​កត់​សម្គាល់​ឡើយ​។ លោក​ត្រាំ​គំរាម​កំហែង​ជា​ញឹក​ញាប់​​ថា​បើ​គ្មាន​កិច្ច​ព្រម​ព្រៀង​ទេ លោក​នឹង​បញ្ជា​ឱ្យ​វាយ​ប្រហារ​អ៊ីរ៉ង់​សា​ជា​ថ្មី​។ លោក​ថា​យើង​អាច​នឹង​សម្រេច​បាន​កិច្ច​ព្រម​ព្រៀង​ ឬ​យើង​នឹង​បន្ត​យុទ្ធ​នា​ការ​រហូត​ដល់​ចប់​សព្វ​គ្រប់​,​ យើង​អាច​វាយ​កម្ទេច​ស្ពាន​របស់​ពួក​គេ​ទាំង​អស់​ត្រឹមតែ​រយៈ​ពេល​មួយ​ម៉ោង​ប៉ុណ្ណោះ​ ហើយ​យើង​ក៏​អាច​វាយ​កម្ទេច​ខ្សែ​សង្វាក់​ផ្គត់​ផ្គង់​ថាម​ពល​របស់​ពួក​​គេ​ផង​ដែរ។ ឆ្លើយ​តប​នឹង​បញ្ហា​នេះ រដ្ឋ​មន្ត្រី​ការ​បរទេស​អ៊ីរ៉ង់​ថ្លែង​ថា​យោង​តាម​លក្ខ​ខណ្ឌ​នៃ​បទ​ឈប់​បាញ់​ ភាគី​ទាំង​២​មិន​អាច​ចរ​ចា​គ្នា​បាន​ឡើយ​ប្រសិនបើ​ភាគី​ម្ខាង​នៅ​តែ​បន្ត​ការ​គំរាម​កំហែង​ភាគី​ម្ខាង​​​ទៀត​។ លោក​បាន​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​អ៊ិច​ដើម្បី​រំលឹក​អាមេរិក​ថា​ ​​«​ចូរ​អ្នក​អនុវត្ត​ដូច​អ្វី​ដែល​បាន​សន្យា​នៅ​ក្នុង​កិច្ច​ព្រម​ព្រៀង​»​៕ ប្រភព៖ Reuters​