ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពីដែនដីទេសចរណ៍ធ្លាក់ជា Drugland ! ថៃរងសម្ពាធអន្តរជាតិខ្លាំង ក្រោយផ្ទុះរឿងរត់ពន្ធកញ្ឆាឆ្លងទ្វីប

2 អាទិត្យ មុន

នាយក​រដ្ឋមន្ត្រី​ថៃ លោក អា​នុ​ទី​ន ព្រមាន​បិទ​ចោល​ឧស្សាហកម្ម​កញ្ឆា ក្រោយ​ផ្ទុះ​ករណី​រត់ពន្ធ​កញ្ឆា​ថៃ​រាប់​តោន​ផ្ទួន​ៗ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ ប៉ុន្តែ​ត្រូវ​មហាជន​ជុំវិញ​ពិភពលោក​ចំអក​វិញ​ថា ថៃ​គ្មាន​ផ្លូវ​ហ៊ាន​បិទ​បាន​ឡើយ ព្រោះ​កញ្ឆា​បាន​ក្លាយជា​ឆ្នាំងបាយ​នៃ​វិស័យ​ទេសចរណ៍ និង​សេដ្ឋកិច្ច​ថៃ​ទៅ​ហើយ​!

បាងកក ៖ ការ​ព្រមាន​របស់​នាយក​រដ្ឋមន្ត្រី​ថៃ លោក អា​នុ​ទី​ន ចាន់​វី​រ៉ា​គុល ថា​អាច​ឈាន​ទៅ​ដល់​ការ​បិទ​ឧស្សាហកម្ម​កញ្ឆា ប្រសិនបើ​ការ​រត់ពន្ធ​កញ្ឆា​ពី​ថៃ ទៅ​កាន់​បរទេស​នៅ​តែ​បន្ត​កើនឡើង មិន​ត្រឹមតែ​ធ្វើ​ឱ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អន្តរជាតិ​ចាប់អារម្មណ៍​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​បាន​បង្ក​ឱ្យ​ផ្ទុះ​ការ​ជជែក​វែកញែក​យ៉ាង​ក្តៅ​គគុក នៅ​លើ​បណ្ដាញ​សង្គម ដោយ​អ្នក​ប្រើប្រាស់​ជុំវិញ​ពិភពលោក បាន​សម្រុកចូល​មក​ខ​មិន​រិះគន់ និង​ប្រើ​ពាក្យ​ធ្ងន់​ៗ​ដូច​ជា «Drugland, Cannabis Land» និង​ដែនដី​គ្រឿងញៀន​» ដើម្បី​ចំអក​ចំពោះ​ស្ថានការណ៍​នា​ពេល​បច្ចុប្បន្ន ។

បើ​តាម​ការ​ចុះ​ផ្សាយ​របស់ South China Morning Post លោក អា​នុ​ទី​ន បាន​ថ្លែង​ថា រដ្ឋាភិបាល​ថៃ ត្រូវ​រក​វិធី​ទប់ស្កាត់​កុំឱ្យ​ប្រទេស​ដទៃ បន្ត​ចាត់​ទុក​ថៃ​ថា ជា​មជ្ឈមណ្ឌល​នៃ​បណ្តាញ​រត់ពន្ធ​កញ្ឆា​អន្តរជាតិ ។ ការ​លើក​ឡើង​នេះ​ធ្វើ​ឡើង បន្ទាប់​ពី​មាន​ករណី​រឹបអូស​កញ្ឆា​បរិមាណ​ទ្រង់ទ្រាយ​ធំ​ៗ​ជា​បន្តបន្ទាប់ នៅ​ក្រៅប្រទេស ដែល​អាជ្ញាធរ​នៃ​ប្រទេស​ទាំងនោះ​អះអាង​ថា មាន​ប្រភព​ពី​ប្រទេស​ថៃ ។

ជាក់ស្តែង​ថ្មី​ៗ​នេះ អាជ្ញាធរ​ឥណ្ឌូ​ណេ​ស៊ី បាន​រឹបអូស​ផ្កា​កញ្ឆា​ស្ងួត (Cannabis Buds) ជាង​៣.៣៧ តោន និង​ឃាត់ខ្លួន​មនុស្ស​១២​នាក់ ខណៈ​អាជ្ញាធរ​ប៉ូ​ឡូញ ក៏​បាន​រឹបអូស​កញ្ឆា​ជិត​១.២ តោន ដែល​ត្រូវ​បាន​លាក់បាំង​ក្នុង​ទំនិញ​ដឹក​ចេញពី​ប្រទេស​ថៃ ឆ្លងកាត់​កំពង់​ផែ​អា​ល្លឺ​ម៉​ង់ ។

ករណី​ទាំងនេះ បាន​បង្កើន​សម្ពាធ​យ៉ាង​ខ្លាំង​លើ​រដ្ឋាភិបាល​ថៃ ឱ្យ​ពិចារណា​រឹត​បន្តឹង​គោលនយោបាយ​កញ្ឆា ដែល​ត្រូវ​បាន​ធ្វើ​ឱ្យ​ស្របច្បាប់​តាំងពី​ឆ្នាំ​២០២២ ។ ទោះជា​យ៉ាងណា ប្រតិកម្ម​នៅ​លើ​បណ្ដាញ​សង្គម​វិញ ហាក់​មិន​ស្រប​នឹង​ការ​ព្រមាន​របស់​លោក អា​នុ​ទី​ន ឡើយ ។

ជំនួស​ឱ្យ​ការ​ទទួល​បានការ​គាំទ្រ មហាជន​អន្តរជាតិ បែរជា​សម្រុកចូល​ទៅ​ដេញដោល និង​ចង្អុលមុខ​ចំ​ៗ​ថា រដ្ឋាភិបាល​ថៃ​ខ្លួនឯង​ជា​អ្នក «​បង្កើត​បិសាច​នេះ​ឡើង​» ។ មតិ​ភាគច្រើន​បាន​លើក​ឡើង​ថា ៖ «​អ្នក​ដែល​ធ្វើ​ឱ្យ​កញ្ឆា​ស្របច្បាប់ ថ្ងៃនេះ​បែរជា​ចង់​បិទ​វា​វិញ​» ខណៈ​អ្នកខ្លះ​ចំអក​ថា នេះ​ជា​ការ​ដោះស្រាយ​បញ្ហា​ដែល​ខ្លួនឯង​ជា​អ្នក​បង្ក និង​ដូច​ជា​ការ​យក «​ដាវ​ចាក់​ខ្លួនឯង​» យ៉ាង​អ​ញ្ចឹ​ង ។ ការ​រត់ពន្ធ​ឆ្លង​ទ្វីប​នេះ ត្រូវ​បាន​គេ​រិះគន់​ថា ជា​រឿង​ដែល​អាច​ទាយ​ដឹង​តាំងពី​ថ្ងៃ​ដំបូង នៃ​ការ​ដោះ​លែង​កញ្ឆា​ឱ្យ​ប្រើប្រាស់​ដោយ​សេរី​មក​ម្ល៉េះ ។

លើស​ពី​នេះ មហាជន​ជុំវិញ​ពិភពលោក​បាន​បង្ហាញ​ការ​មិន​ជឿជាក់​ទាល់តែ​សោះ​ថា រដ្ឋាភិបាល​ថៃ​នឹង​ហ៊ាន​បិទ​ឧស្សាហកម្ម​កញ្ឆា​នេះ​ពិតប្រាកដ ។ ពួក​គេ​បាន​អះអាង​ស្របគ្នា​ថា បច្ចុប្បន្ន​កញ្ឆា​បាន​ក្លាយជា «​ឆ្នាំងបាយ​» នៃ​វិស័យ​ទេសចរណ៍ និង​អាជីវកម្ម ដែល​បង្កើត​ចំណូល​យ៉ាង​មហាសាល​ទៅ​ហើយ បើសិនជា​បិទ​ចោល នោះ​មនុស្ស​រាប់​ពាន់​នាក់​នឹង​ត្រូវ​បាត់បង់​ការងារ សេដ្ឋកិច្ច​ទេសចរណ៍​នឹង​ដុនដាប ហើយ​សូ​ម្បី​តែ​មន្ត្រី​ពុក​រលួយ និង​ប៉ូលិស​ថៃ​មួយ​ចំនួន ដែល​ធ្លាប់តែ​កើប​លុយ​ពី​អាជីវកម្ម​នេះ​ក៏​ត្រូវ​ដាច់​លាភសក្ការៈ​ដូច​គ្នា ។

អ្នកលេង​បណ្តាញ​សង្គម​មួយ​ចំនួន​ថែម​ទាំង​បាន​វាយប្រហារ​ធ្ងន់​ៗ​ថា ថៃ​ជា​ប្រទេស​ដែល​មិន​ដែល​ទទួលស្គាល់​កំហុស​សកម្មភាព​ខ្លួនឯង តែងតែ​បង្វែរ​សាច់​រឿង និង​ទម្លាក់​កំហុស​ឱ្យ​អ្នក​ដទៃ ទាំង​ដែល​ខ្លួនឯង​បាន​ប្រែ​ក្លាយជា​មជ្ឈមណ្ឌល​ចែកចាយ​គ្រឿងញៀន​អន្តរជាតិ​ទៅ​ហើយ ។ មិនតែប៉ុណ្ណោះ មតិ​មួយ​ចំនួន​បាន​ប្រើ​ពាក្យ​ធ្ងន់​ៗ​ចំ​ៗ ដោយ​ហៅ​ថៃ​ថា «Cannabis Land», «Drugland» ។

គួរ​បញ្ជាក់​ថា រហូត​មក​ដល់​ពេល​នេះ រដ្ឋាភិបាល​ថៃ​មិន​ទាន់​ប្រកាស​សម្រេច​បិទ​ឧស្សាហកម្ម​កញ្ឆា​ជា​ផ្លូវការ​នៅឡើយ​ទេ ។

អ្វី​ដែល​លោក អា​នុ​ទី​ន បាន​លើក​ឡើង គឺ​គ្រាន់តែ​ជា​ការ​ព្រមាន​ថា វិធានការ​ដាច់​ណាត់​បែប​នេះ​អាច​នឹង​ត្រូវ​យក​មក​ពិចារណា ប្រសិនបើ​ការ​រត់ពន្ធ​កញ្ឆា​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ នៅ​តែ​បន្ត​ធ្វើ​ឱ្យ​កេរ្តិ៍ឈ្មោះ និង​សន្តិសុខ​របស់​ប្រទេស​ថៃ​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ជាង​នេះ​៕