ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាសាទបន្ទាយសំរ៉ែ ៖ ត្បូងពេជ្រលាក់ខ្លួននៃសម័យអង្គរ និងអាថ៌កំបាំងប្រអប់ថ្មភក់រាងដូចមឈូស

16 ម៉ោង មុន

បើ​ទោះបីជា​មិនសូវ​មាន​សិលាចារឹក​ចារិក​ទុក​ច្បាស់លាស់ ដូច​ប្រាសាទ​ដទៃ ប៉ុន្តែ «​ប្រាសាទបន្ទាយ​សំ​រ៉ែ​» ត្រូវ​បាន​អ្នកជំនាញ​សិល្បៈ និង​ស្ថាបត្យកម្ម​បុរាណ​ចាត់​ទុក​ថា ជា​ត្បូង​ពេជ្រ​លាក់ខ្លួន​មួយ ដោយសារ​តែ​ក្បាច់ចម្លាក់​ដ៏​រស់​រវើក និង​សំណង់​ស្ថាបត្យកម្ម​ដ៏​មាន​លំនឹង​ល្អ​ឥត​ខ្ចោះ ស្រ​ដៀង​គ្នា​នឹង​ប្រាសាទអង្គរវត្ត ។ នេះ​បើ​យោង​តាម​ផេ​ក​អាជ្ញាធរ​ជាតិ​អប្សរា បាន​ប្រកាស​នា​ថ្ងៃ​ទី​០៦ ខែកក្កដា​នេះ ។

ប្រាសាទបន្ទាយ​សំ​រ៉ែ ស្ថិត​នៅ​ក្នុងភូមិ​ព្រះ​ដាក់ ឃុំ​ព្រះ​ដាក់ ស្រុក​បន្ទាយស្រី ខេត្តសៀមរាប ។ ទីតាំង​នេះ​ស្ថិត​នៅ​ខាងកើត​បារាយណ៍​យ​សោ​ធ​រត​ដាក (​បារាយណ៍​ខាងកើត​) មាន​ចម្ងាយ​ប្រហែល ២ គីឡូម៉ែត្រ ពី​ភូមិ​ព្រះ​ដាក់ និង​ស្ថិត​នៅ​ខាងត្បូង​ផ្លូវ​ធ្វើ​ដំណើរ​ពី​ភូមិ​ព្រះ​ដាក់​ទៅ​ភ្នំ​បូក ។

តើ​ឈ្មោះ «​បន្ទាយ​សំ​រ៉ែ​» មាន​ប្រភព​មកពីណា?
ពាក្យ​ថា «​បន្ទាយ​» គឺ​សំដៅលើ​សំណង់​ដែល​មាន​កំពែង​រឹង​មាំ​ព័ទ្ធ​ជុំវិញ​។ ចំណែក​ពាក្យ​ថា «​សំ​រ៉ែ​» គឺជា​ឈ្មោះ​នៃ​ក្រុម​ជនជាតិ​ដើម​ភាគតិច​មួយ​ពួក​ដែល​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​តាំងពី​បុរាណកាល​។ ការ​ហៅ​ឈ្មោះ​នេះ គឺ​ត​ភ្ជាប់​គ្នា​រវាង​រូបរាង​ប្រាសាទ ប្រវត្តិសាស្ត្រ​ពិត ក៏​ដូច​រឿងព្រេង​ដែរ​។ តាម​ការ​ស្រាវជ្រាវ នៅ​ក្នុង​តំបន់​ភូមិ​ប្រដាក កាល​ដើម​ឡើយ គឺ​មាន​បងប្អូន​ជនជាតិភាគតិច​សំ​រ៉ែ​រស់នៅ​ពិតប្រាកដ ហើយ​ប្រជាជន​រស់នៅ​ទីនោះ​សព្វថ្ងៃ ក៏​ត្រូវ​គេ​ជឿ​ថា​មាន​ដូនតា​ជា​ជនជាតិ​សំ​រ៉ែ​ផង​ដែរ​។ លើស​ពី​នេះ បងប្អូន​ជនជាតិ​សំ​រ៉ែ​នៅ​តំបន់​ភ្នំក្រវាញ​ក៏​បាន​តំណាល​ត​ៗ​គ្នា​មក​ថា ពួក​គេ​មាន​ខ្សែស្រឡាយ​បងប្អូន​នៅ​តំបន់​អង្គរ ដែល​ប្រហែលជា​មាន​ទំនាក់ទំនង​អ្វីមួយ​នឹង​ប្រាសាទបន្ទាយ​សំ​រ៉ែ​នេះ​។

ផ្អែក​លើ​ការ​សិក្សា​ប្រៀបធៀប​រចនាបថ​សិល្បៈ ដែល​ដូច​គ្នា​បេះបិទ​ទៅ​នឹង​រចនាបថ​អង្គរវត្ត នាំ​ឲ្យ​អ្នកប្រវត្តិសាស្ត្រ​បាន​សន្និដ្ឋាន​ថា ប្រាសាទបន្ទាយ​សំ​រ៉ែ​ត្រូវ​បាន​កសាង​ឡើង​នៅ​ពាក់កណ្តាល​គ្រិស្ត​សតវត្ស​ទី​១២ ក្នុង​រជ្ជកាល​ព្រះបាទ​សូរ្យ​វ​ម៌​ទី​២ ដើម្បី​ឧទ្ទិស​ដល់​ព្រហ្មញ្ញសាសនា និកាយ​វិស្ណុ​និយម (​ព្រះ​នារាយណ៍​)​។

ប្រាសាទ​នេះ​កសាង​ឡើង​ដោយ​ការ​ផ្សំគ្នា​រវាង​ថ្មភក់ (​ប្រើ​សម្រាប់​តួ​ប្រាសាទ ក្បាច់ចម្លាក់ ទ្វារ បង្អួច​) និង​ថ្មបាយក្រៀម (​ប្រើ​សម្រាប់​គ្រឹះ និង​ជញ្ជាំង​ថែវ​ព័ទ្ធ​ជុំវិញ​)​។ កាល​ដើម​ឡើយ ដំបូល​ថែវ​ព័ទ្ធ​ជុំវិញ​ប្រាសាទ ធ្វើ​អំពី​ឈើ​និង​ប្រក់​ក្បឿង ដែល​បច្ចុប្បន្ន​បាន​បាក់បែក​អស់ ដោយ​បន្សល់​ទុក​តែ​ស្លាកស្នាម​ប្រហោង​ឈើ​សម្រាប់​ទប់ទល់​ដំបូល​នៅ​លើ​ជញ្ជាំង​តែ​ប៉ុណ្ណោះ​។ មាន​ផ្លូវ​ដើរ​លយ​ទៅ​ទិស​ខាងកើត​ប្រវែង​ប្រហែល ២០០ ម៉ែត្រ អម​ដោយ​បង្កាន់ដៃ​នាគ​យ៉ាង​ស្កឹមស្កៃ និង​មាន​រូបសំណាក​តោ​មួយគូ​ឈរ​យាមល្បាត​នៅ​ច្រកចូល​យ៉ាង​រឹង​មាំ​។

នៅ​សងខាង​ផ្លូវ​ចូល​តួ​ប៉ម​ខឿន​កណ្តាល មាន​អាគារ​ហោត្រៃ​ចំនួន​ពីរ​ធ្វើ​អំពី​ថ្មភក់ លើកកម្ពស់​ផុត​ពី​ដី​។ ហោត្រៃ​ទាំងនេះ​មាន​ទ្វារ​ពិត​បែរ​ទៅ​ទិស​ខាងលិច (​ឆ្ពោះទៅ​តួ​ប្រាសាទ​) និង​ទ្វារបញ្ឆោត​លម្អ​ក្បាច់​បែរ​ទៅ​ទិស​ខាងកើត ដោយ​មាន​ហោជាង​ចម្លាក់​រឿង​ទេវ​កថា​យ៉ាង​ល្អ​ប្រណីត​។ ប្រាសាទ​នេះ​មាន​ថែវ​ព័ទ្ធ​ជុំវិញ​ចំនួន​ពីរ​ជាន់​។ ថែវ​ជាន់​ក្រៅ​មាន​សភាព​បាក់បែក​ខូចខាត​ខ្លាំង ប៉ុន្តែ​នៅ​តាម​ខ្លោងទ្វារ​គ្រប់​ទិស​ទាំង​បួន សុទ្ធតែ​មានការ​លម្អ​ដោយ​ចម្លាក់​រឿងរ៉ាវ​ទេវ​កថា​យ៉ាង​រស់​រវើក​។ អ្វី​ដែល​ពិសេស​នោះ​គឺ ក្រៅពី​ឡោម​ព័ទ្ធ​ដោយ​រឿងរ៉ាវ​ក្នុង​ព្រហ្មញ្ញសាសនា ប្រាសាទ​នេះ​ក៏​មាន​លាយឡំ​នូវ​ចម្លាក់​ទាក់ទង​នឹង​ព្រះពុទ្ធ​សាសនា​ផង​ដែរ ដែល​ឆ្លុះ​បញ្ចាំង​ពី​ការ​រួម​រស់នៅ​ចុះសម្រុង​គ្នា នៃ​សាសនា​ទាំង​ពីរ​ក្នុង​សម័យ​នោះ​។

ក្តី​កណ្តាល​មាន​រាង​ជា​អក្សរ «T» លយ​ទៅ​ទិស​ខាងកើត មាន​ទ្វារ​ចំហ​ពិតប្រាកដ​មួយ និង​ទ្វារបញ្ឆោត​ចំនួន​បី (​ជើង ត្បូង លិច​) ដែល​ជិត​ខ្ទប់ ប៉ុន្តែ​លម្អ​ដោយ​ក្បាច់ចម្លាក់​ផ្ទាំង​ទ្វារ​យ៉ាង​ហ្មត់ចត់​។ មាន​អាថ៌​កំបាំង​មួយ​នៅ​ខាងក្នុង​ចំ​កណ្តាល​ក្តី មាន​ប្រអប់​ថ្មភក់​មួយ​មាន​គម្រប និង​មាន​ចំពួយ ឬ​ប្រហោង​បង្ហូរទឹក​នៅ​បាត​ខាងក្រោម​។ ទោះបីជា​វា​មាន​រូបរាង​ដូច «​មឈូស​» ប៉ុន្តែ​អ្នកជំនាញ​ជឿជាក់​ថា មិនមែន​សម្រាប់​ដាក់​សាកសព​នោះ​ទេ​។ ដូច​ទំនងជា​ប្រើប្រាស់​ជា «​កោដ្ឋ​» ថ្ម សម្រាប់​តម្កល់​ធាតុ​អ្នក​ស្លាប់​ក្រោយ​បូជា​ហើយ​។

ប្រាសាទបន្ទាយ​សំ​រ៉ែ មិន​ត្រឹមតែ​ជា​កេរដំណែល​ស្ថាបត្យកម្ម​ដ៏​កំពូល​នៃ​សម័យ​អង្គរ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​សក្ខីភាព​ប្រវត្តិសាស្ត្រ​ដ៏​រស់​រវើក ដែល​បង្ហាញ​ពី​កា​រត​ភ្ជាប់​គ្នា​រវាង​ជំនឿ សាសនា និង​ការ​រស់នៅ​របស់​សហគមន៍​មនុស្ស (​ជនជាតិ​សំ​រ៉ែ​) នៅ​ក្នុង​តំបន់​ឧទ្យាន​អង្គរ​តាំងពី​បុរាណកាល​មក ៕