រាជធានីភ្នំពេញ ៖ ទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) មួយនៅខណ្ឌដង្កោដែលក្រុមឧក្រិដ្ឋជនជាជនជាតិបរទេស បានដាក់គោលដៅឆបោកទៅកាន់ប្រទេនានា រួមមាន ៖ សហរដ្ឋអាមេរិក ប្រេស៊ីល ម៉ិកស៊ិកូ និងកូឡុំប៊ីនោះ ត្រូវបានស្រាវជ្រាវរកឃើញ និងឈានបង្ក្រាបដោយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ហើយនៅក្នុងខណៈនោះកម្លាំងសមត្ថកិច្ចខាងលើ ក៏បានឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាងសម្រាប់ប្រព្រឹត្តអំពើឆបោកជាច្រើនទៀតផងដែរ ។
ប្រតិបត្តិការនោះ បានធ្វើឡើងនៅវេលាម៉ោង៩ព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ នៅចំណុចផ្ទះលេខ C១៦ ផ្លូវBL០២ បុរីប៊ុន លី ចំការដូង ស្ថិតនៅក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ក្រោមការដឹកនាំដោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា ស្នងការរង ទទួលផែនការងារសន្តិសុខ ចំណែកកងកម្លាំង ដែលចុះបង្ក្រាបជាក់ស្ដែងនាពេលនោះរួមមាន កម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា, នគរបាលការិយាល័យអន្តរាគមន៍, នគរបាលតម្រួតបទបញ្ជា, និងនគរបាលអធិការដ្ឋានខណ្ឌដង្កោ ព្រមទាំងមានការសម្របសម្រួលនីតិវិធីច្បាប់ដោយលោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា នៅក្នុងខណៈនោះកម្លាំងនគរបាលខាងលើបានធ្វើការឃាត់ខ្លួនជនសង្ស័យជាជនបរទេសចំនួន៨នាក់ ក្នុងនោះមានបុរសជាជនជាតិបង់ក្លាដែស ចំនួន៧នាក់ និងស្ត្រីជាជនជាតិមីយ៉ាន់ម៉ា ១នាក់ ។ ព្រមទាំងដកហូតវត្ថុតាងជាច្រើនមានដូចជាទូរសព្ទដៃចំនួន១៧គ្រឿង, ក្រដាសប្រាក់ដុល្លារ Copy សម្រាប់ដុតសែនខ្មោចចំនួន៤៩សន្លឹក, កុំព្យូទ័រយួរដៃ (laptop) ចំនួន១២គ្រឿង, ដុំ Wifi ១គ្រឿង, ដុំ modem ១គ្រឿង, អង្គចងចាំ (USB Flash) ដែលសម្ភារៈទាំងអស់ខាងលើនោះ ត្រូវបានប្រើសម្រាប់ជាមធ្យោបាយក្នុងការបោកប្រាស់ជនរងគ្រោះ ។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងបន្តថា ជនសង្ស័យខាងលើបានប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ដោយប្រើប្រាស់រូបភាព«អូសទាញនិងលួងលោមស្នេហា» (Romance Scams) រួចល្បួងឱ្យជនរងគ្រោះដាក់ប្រាក់ចូលរួមវិនិយោគយកប្រាក់ចំណេញក្លែងក្លាយ (Investment Scams) ។ ដោយពួកគេបានប្រើប្រាស់ប្រទេសកម្ពុជាជាមូលដ្ឋានសម្រាប់ធ្វើសកម្មភាពឆបោក ហើយមានគោលដៅទៅកាន់ប្រទេនានារួមមានសហរដ្ឋអាមេរិក ប្រេស៊ីល ម៉ិកស៊ិកូ និងកូឡុំប៊ី ។
សូមបញ្ជាក់ផងដែរថា ការស្រាវជ្រាវនិងបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)នេះត្រូវបានអនុវត្តន៍នៅទូទាំងប្រទេសពុំមែននៅតែក្នុងរាជធានីភ្នំពញមួយប៉ុណ្ណោះទេ ។ គោលបំណងដើម្បីធានាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេសកុំឲ្យលង់ខ្លួនចាក់ការឆបោករបស់ក្រុមឧក្រិដ្ឋជន ៕






ចែករំលែកព័តមាននេះ