ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ឆ្មក់​ចូល​បង្ក្រាប​សង្វៀន​ជល់​មាន់ នៅ​ចោម​ចៅ​ទី​១

1 អាទិត្យ មុន

រាជធានីភ្នំពេញ ​៖ កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ក្រសួងមហាផ្ទៃ បាន​ឆ្មក់​ចូល​ទៅ​បង្ក្រាប​ទីតាំង​សង្វៀន​ជល់​មាន់​មួយ​កន្លែង ដែល​បាន​លួចលាក់​បើក​លេង​យូរ​មក​ហើយ និង​បាន​ឃាត់ខ្លួន​អ្នក​ញៀន​ល្បែង​មួយ​ចំនួន ព្រមទាំង​ដកហូត​យក​ម៉ូតូ​បាន​ច្រើន​គ្រឿង​ទៀត​ផង ។

ទីតាំង​សង្វៀន​ជល់​មាន់​ខាងលើ​នោះ ​ស្ថិត​នៅ​ក្នុង​ដី​ឡូ​ត៌​មួយ​កន្លែង ​ដែល​មាន​របង​ថ្ម​បិទ​ជិត​នៅ​ក្នុងភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ហើយ​ប្រតិបត្តិការ​បង្ក្រាប​នោះ ​បាន​ធ្វើ​ឡើងកាលពី​វេលា​ម៉ោងជាង​៩​ព្រឹក ថ្ងៃ​ទី​៤ ខែកក្កដា ឆ្នាំ​២០២៦ ។

ពុំ​មាន​របាយការណ៍ ឬ​ការ​អះអាង​ណាមួយ​ឲ្យ​ដឹង​ថា អ្នក​ញៀន​ល្បែង​ជល់​មាន់​ ដែល​ត្រូវ​នគរបាល​ខាងលើ​ចាប់ខ្លួន​នោះ​មាន​ចំនួន​ប៉ុន្មាន​នាក់​ហើយ​រឹបអូស​បាន​ម៉ូតូ​ចំនួន​ប៉ុន្មាន​គ្រឿង​នៅឡើយ​ទេ។ ប៉ុន្តែ​ឃាត់​បាន​ច្រើន​នាក់ ហើយ​ម៉ូតូ​ ដែល​ត្រូវ​ដកហូត​បាន​ច្រើន​គ្រឿង​ រួម​ទាំង​សម្ភារៈ​ពាក់ព័ន្ធ​នឹង​ការ​លេងល្បែង​នេះ​មួយ​ចំនួន​ទៀត​ផង​ដែរ ។

ក្រោយ​ពេល​បង្ក្រាប​ និង​ឃាត់ខ្លួន​មនុស្ស​ទាំងនោះ​រួម​ទាំង​ម៉ូតូ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ ក្រសួងមហាផ្ទៃ ដើម្បី​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ៕