ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើម​ស​ប្តា​ហ៍​! តម្លៃ​ប្រេង​អន្តរជាតិ​ធ្លាក់​ចុះ ក្រោយ OPEC ព្រមព្រៀង​គ្នា​បង្កើន​ការ​ផលិត

1 នាទី មុន

អន្តរជាតិ ៖ តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​បាន​ធ្លាក់​ចុះ នៅ​ថ្ងៃ​ទី​៦ ខែកក្កដា ឆ្នាំ​២០២៦ បន្ទាប់​ពី​អង្គការ​នៃ​ប្រទេស​នាំ​ចេញ​ប្រេង (OPEC) និង​សម្ព័ន្ធភាព​របស់​ខ្លួន (OPEC+) បាន​យល់ព្រម​បង្កើន​គោលដៅ​ផលិតកម្ម​បន្ថែម​ទៀត ចាប់ពី​ខែសីហា ចំ​ពេល​ដែល​ការ​នាំ​ចេញពី​ក្រុមហ៊ុន​ផលិត​សំខាន់​ៗ តាម​រយៈ​ច្រក​សមុទ្រ​ហ័​រ​មូស (Hormuz) កំពុង​ងើបឡើង​វិញ ដែល​អាច​បន្ថែម​ការ​ផ្គត់ផ្គង់​ទៅ​កាន់​ទីផ្សារ​សកល​។ នេះ​បើ​តាម​ប្រភព​ពី​សារព័ត៌មាន Reuters បាន​ចេញផ្សាយ​។

ប្រេង​ឆៅ Brent ដែល​ជា​ស្តង់ដា​អន្តរជាតិ បាន​ធ្លាក់​ចុះ ៧៣ សេន ឬ ១,០១% មក​នៅ​ត្រឹម ៧១,៣៩ ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​បារ៉ែល គិត​ត្រឹម​ម៉ោង ៣ រសៀល (​ម៉ោង​នៅ​កម្ពុជា​) បន្ទាប់​ពី​បាន​កើនឡើង ០,៤៥% កាលពី​ថ្ងៃ​សុក្រ​ស​ប្តា​ហ៍​មុន​។ ចំណែក​ប្រេង​ឆៅ West Texas Intermediate (WTI) របស់​សហរដ្ឋអាមេរិក មាន​តម្លៃ ៦៨,១៥ ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​បារ៉ែល ពោល​ធ្លាក់​ចុះ ៥៤ សេន ឬ ០,៧៩%​។ គ្មាន​តម្លៃ​បិទ​ផ្សារ​ប្រចាំ​ស​ប្តា​ហ៍​សម្រាប់​ប្រេង WTI កាលពី​ថ្ងៃ​សុក្រ​នោះ​ទេ ដោយសារ​ទីផ្សារ​អា​មេ​រិ​ក​ត្រូវ​បាន​បិទ មុន​ថ្ងៃ​បុណ្យ​ឯករាជ្យ​ជាតិ ដែល​ប្រារព្ធ​ឡើង​កាលពី​ថ្ងៃ​សៅរ៍​។

កិច្ចសន្យា​ប្រេង​ទាំង ២ មានការ​ផ្លាស់​ប្តូរ​តិចតួច​កាលពី​ស​ប្តា​ហ៍​មុន បន្ទាប់​ពី​បាន​ធ្លាក់​ចុះ​ភាគច្រើន​ក្នុង​រយៈពេល​ប៉ុន្មាន​ស​ប្តា​ហ៍​កន្លង​មកនេះ ខណៈ​ដែល​វិនិយោគិន​បាន​តាមដាន​យ៉ាង​ដិត​ដល់​នូវ​កិច្ចចរចា​រវាង​សហរដ្ឋអាមេរិក និង​អ៊ី​រ៉​ង់ ជុំវិញ​ជោគវាសនា​ការ​ដឹក​ជញ្ជូន​តាម​ច្រក​សមុទ្រ​ហ័​រ​មូស ព្រមទាំង​បន្ត​តាមដាន​ការ​ងើបឡើង​វិញ​នៃ​ការ​នាំ​ចេញ​ប្រេង​នៅ​តំបន់​ឈូង​សមុទ្រ​ពែ​ក្ស​។
អង្គការ OPEC និង​សម្ព័ន្ធមិត្ត​របស់​ខ្លួន រួម​ទាំង​រុ​ស្ស៊ី បាន​ព្រមព្រៀង​គ្នា​កាលពី​ថ្ងៃអាទិត្យ ដើម្បី​បង្កើន​គោលដៅ​ផលិតកម្ម​បន្ថែម​ទៀត​ចំនួន ១៨៨ ០០០ បារ៉ែល​ក្នុង​១​ថ្ងៃ ចាប់ពី​ខែសីហា បន្ថែម​លើ​ការ​កើនឡើង​ស្រ​ដៀង​គ្នា​នេះ សម្រាប់​ខែមិថុនា និង​កក្កដា​។

ទោះជា​យ៉ាងណា​ក៏​ដោយ ការ​កើនឡើង​នេះ ភាគច្រើន​មាន​តែ​លើ​ក្រដាស​ស្នាម​ប៉ុណ្ណោះ ដោយសារ​តែ​សង្គ្រាម​រវាង​សហរដ្ឋអាមេរិក​-​អ៊ី​ស្រា​អែ​ល ជាមួយ​អ៊ី​រ៉​ង់ ដែល​បាន​បិទ​ខ្ទប់​ច្រក​សមុទ្រ​ហ័​រ​មូស មិន​ឱ្យ​នាវា​ដឹក​ប្រេង​របស់​ក្រុមហ៊ុន​ផលិត​សំខាន់​ៗ​ពី​អង្គការ OPEC ឆ្លងកាត់ រួម​មាន​អា​រ៉ា​ប៊ី​សា​អូឌីត កូ​វែ​ត និង​អ៊ី​រ៉ា​ក់ ដែល​ធ្វើ​ឱ្យ​ទាំងនោះ​ត្រូវ​កម្រិត​ទិន្នផល​ប្រេង​របស់​ខ្លួន​។

ការ​ស្ទង់​មតិ​របស់​ទីភ្នាក់ងារ Reuters រក​ឃើញ​ថា ទិន្នផល​ប្រេង​របស់​អង្គការ OPEC នៅ​ក្នុង​ខែមិថុនា បាន​កើនឡើង ៣,៣ លាន​បារ៉ែល​ក្នុង​១​ថ្ងៃ ធៀប​នឹង​ខែ​មុន ពោល​ឡើង​ដល់ ១៩,៤៣ លាន​បារ៉ែល​ក្នុង​១​ថ្ងៃ ដែល​ជា​ការ​ងើបឡើង​វិញ​ពី​កម្រិត​ទាប​បំផុត​របស់​ខ្លួន ក្នុង​រយៈពេល​ជាង​២​ទសវត្សរ៍​។

ទិន្នន័យ​ក៏​បាន​បង្ហាញ​ថា ការ​នាំ​ចេញ​ប្រេង​របស់​តំបន់​ឈូង​សមុទ្រ​ពែ​រ្ស​ក្នុង​ខែមិថុនា បាន​កើនឡើង​ជាង ៣​លាន​បារ៉ែល​ក្នុង​១​ថ្ងៃ ធៀប​នឹង​ខែឧសភា ដែល​ធ្វើ​ឱ្យ​បរិមាណ​នាំ​ចេញ​សរុប​កើន​លើស ១០​លាន​បារ៉ែល​ក្នុង​១​ថ្ងៃ ប៉ុន្តែ​បរិមាណ​នេះ នៅ​តែ​ទាប​ជាង​កម្រិត​មុន​ពេល​មាន​សង្គ្រាម​នៅ​អ៊ី​រ៉​ង់​ចំនួន ៤០% ដដែល​៕

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>