លែងពិបាកទៀតហើយ! ពលរដ្ឋចំណាកស្រុកអាចធ្វើអត្តសញ្ញាណប័ណ្ណនៅខេត្តសៀមរាបបាន ដោយមិនបាច់ទៅស្រុកកំណើត
- សៀមរាប
ខេត្តសៀមរាប ៖ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ ខ្ពស់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ , លោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ដសៀមរាប បានអញ្ជើញចុះ ត្រួតពិនិត្យដំណើរការបំពេញ បែបបទផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋចំណាកស្រុកទាំងពីរភេទ ដែលស្នើសុំ ធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬបន្តសុពលភាពអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប។
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប បានពិនិត្យដោយផ្ទាល់លើដំណើរការបំពេញ បែបបទ ការផ្ទៀងផ្ទាត់ឯកសារ និងការផ្តល់សេវាជូនប្រជាពលរដ្ឋ ដោយបានណែនាំដល់កម្លាំងជំនាញឱ្យអនុវត្តការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ គោរពតាមនីតិវិធីច្បាប់ និងគោលការណ៍ជំនាញ ធានាភាពត្រឹមត្រូវ តម្លាភាព ប្រសិទ្ធភាព ស្របតាមគោលនយោ បាយរបស់រាជរដ្ឋាភិបាល និងការណែនាំរបស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ដើម្បីផ្តល់ភាពងាយស្រួលជូនប្រជាពលរដ្ឋ ផងដែរ។
សូមបញ្ជាក់ផងដែលថា ចាប់ពីថ្ងៃទី០១ ខែ កក្កដា ឆ្នាំ២០២៦ តទៅ អគ្គនាយកដ្ឋានអត្តសញ្ញណកម្ម ក្រសួងមហាផ្ទៃ បានដាក់ឱ្យអនុវត្តយន្តការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ នៅតាមបណ្តាស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ជូនប្រជាពលរដ្ឋខ្មែរចំណាកស្រុក ដែលកំពុងប្រកបការងារ ឬមុខរបរ ឬបន្តការសិក្សា នៅក្រៅរាជធានី ខេត្ត នៃលំនៅឋានអចិន្ត្រៃយ៍របស់ខ្លួន។មានន័យថា ប្រជាពលរដ្ឋខ្មែរចំណាកស្រុកទាំងពីរភេទ អាចទៅស្នើសុំធ្វើ អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬបន្តសុពលភាពអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ នៅតាមបណ្ដាស្នងការដ្ឋាននគរ បាលរាជធានី ខេត្តណាមួយក៏បាន ដោយពុំចាំបាច់ត្រឡប់ ទៅលំនៅឋានដើមវិញ។
ឧទាហរណ៍៖ ប្រជាពលរដ្ឋមានលំនៅឋានអចិន្ត្រៃយ៍នៅខេត្តឧត្តរមានជ័យ ហើយបានទៅប្រកបការងារនៅខេត្តសៀមរាប ដូចនេះអាចស្នើសុំ ការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរនៅស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានជាផ្លូវការ៕














<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ