ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តែងតាំង​លោក អ៊​ន សុ​ផល្លា ពី​អភិបាលរង​ស្រុក​កណ្ដៀង ទៅ​ជា​អភិបាល​នៃ​គណៈ​អភិបាលស្រុក​ក្រគរ

1 ម៉ោង មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់​៖ ថ្ងៃ​ទី​០៦ ខែកក្កដា ឆ្នាំ​២០២៦ លោក ខូ​យ រី​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ប្រកាស​ចូល​កាន់​មុខ​តំណែង អភិបាល​និង​អភិបាលរង​ស្រុក​ក្រគរ ដែល​បាន​ប្រារព្ធ​ធ្វើ​នៅ​សាលាស្រុក ដោយ​មានការ​ចូលរួម​ពី​សំណាក់​លោក​អភិបាលរង​ខេត្ត ថ្នាក់ដឹកនាំ​មន្ទីរ​-​អង្គភាព​ជុំវិញ​ខេត្ត កងកម្លាំងប្រដាប់អាវុធ​ទាំង​បី​ប្រភេទ ក្រុមប្រឹក្សា​ស្រុក គណៈ​អភិបាលស្រុក មន្ត្រីរាជការ និង​អាជ្ញាធរ​មូលដ្ឋាន​ជា​ច្រើន​រូប​ទៀត​។

យោង​តាម​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល លេខ​៥៦៤ អន​ក្រ​.​ត​ត ចុះ​ថ្ងៃ​ទី​៣០​ខែមិថុនា​ឆ្នាំ​២០២៦ បាន​សម្រេច​តែងតាំង​លោក អ៊​ន សុ​ផល្លា ឋានន្តរ​ស័​ក្កិ​វរមន្ត្រី​ថ្នាក់​លេខ​២ ពី​អភិបាលរង​ស្រុក​កណ្ដៀង ឲ្យ​មក​កាន់​មុខ​តំណែង​ជា​អភិបាល​នៃ​គណៈ​អភិបាលស្រុក​ក្រគរ ជំនួស​លោក លីវ សេង​ហ៊ី​ម ដែល​ត្រូវ​ចូល​និវត្ត ។ ជាមួយ​គ្នា​នេះ ប្រកាស​របស់​ក្រសួងមហាផ្ទៃ​លេខ​៦៦៧៤.​ប្រក ចុះ​ថ្ងៃ​ទី​០៨​ខែមិថុនា​ឆ្នាំ​២០២៦ ក៍បាន​សម្រេច​ផ្ទេរ​ភារកិច្ច​លោក ក្រូច សុ​ខុន ឋានន្តរ​ស័​ក្កិ​នាយ​ក្រមការ​ថ្នាក់​លេខ​២ ពី​អភិបាលរង​ក្រុង​ពោធិ៍សាត់ ឲ្យ​មក​កាន់​មុខ​តំណែង​ជា​អភិបាលរង​ស្រុក​ក្រគរ​វិញ​។

បន្ទាប់​ពី​ទទួល​បាន​អនុក្រឹត្យ​និង​ប្រកាស​តែងតាំង​រួច​មក លោក អ៊​ន សុ​ផល្លា និង​លោក ក្រូច សុ​ខុន អភិបាល​និង​អភិបាលរង នៃ​គណៈ​អភិបាលស្រុក​ក្រគរ ដែល​ទើប​តែងតាំង​ថ្មី បាន​ឡើង​ប្ដេជ្ញា​ចិត្ត ដោយ​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ និង​ថ្នាក់ដឹកនាំ​ខេត្ត ដែល​បាន​ផ្តល់​សេចក្តី​ទុកចិត្ត​ដល់​រូប​លោក​ទាំង​ពីរ ឲ្យ​មក​ធ្វើ​ជា​អភិបាល​និង​អភិបាលរង​ស្រុក​ក្រគរ​នា​ពេល​នេះ​។ លោក​បាន​ប្ដេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​ថា នឹង​គោរព និង​អនុវត្ត​តាម​រដ្ឋធម្មនុញ្ញ ច្បាប់ និង​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​នានា​របស់​រដ្ឋ​។ សាមគ្គីភាព​ផ្ទៃក្នុង​ឱ្យ​បាន​ល្អជា​មួយ​ក្រុមប្រឹក្សា និង​អភិបាលរង​ស្រុក ព្រមទាំង​មន្ត្រីរាជការ​គ្រប់​លំដាប់ថ្នាក់​។ ខិតខំ​បម្រើសេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ឱ្យ​បាន​កាន់តែ​ល្អ​ប្រសើរ លឿន​រហ័ស និង​មាន​តម្លាភាព​។

មាន​ប្រសាសន៍​សំណេះសំណាល​និង​ផ្តាំផ្ញើ​ក្នុង​ឱកាស​នោះ លោក ខូ​យ រី​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ បាន​សម្តែង​នូវ​ការ​អបអរសាទរ​ចំពោះ លោក អ៊​ន សុ​ផល្លា និង​លោក ក្រូច សុ​ខុន ដែល​ត្រូវ​បាន​ថ្នាក់ដឹកនាំ​ជឿ​ទុកចិត្ត និង​តែងតាំង​ជា​អភិបាល​និង​អភិបាលរង​ស្រុក​ក្រគរ​នា​ពេល​នេះ​។

លោក​អភិបាលខេត្ត ក៏​បាន​ផ្តល់​ការ​ណែនាំ និង​ផ្តាំផ្ញើ​ដល់​លោក​អភិបាលស្រុក​ថ្មី ព្រមទាំង​ថ្នាក់ដឹកនាំ​ស្រុក​ទាំងអស់ ត្រូវ​ពង្រឹង​សាមគ្គីភាព​ផ្ទៃក្នុង រួម​សហការ​គ្នា​ជា​ធ្លុង​មួយ ជៀសវាង​ការ​ប្រកាន់​បក្ខពួក ដើម្បី​រួម​គ្នា​អភិវឌ្ឍន៍​ស្រុក​ក្រគរ​ឱ្យ​កាន់តែ​រីក​ចម្រើន​ឡើង​ថែម​ទៀត​។ បម្រើ​ប្រជាពលរដ្ឋ​ដោយ​ស្មោះត្រង់ យកចិត្តទុកដាក់​ខ្ពស់​លើ​ការ​ផ្តល់​សេវា​រដ្ឋបាល និង​សេវា​សាធារណៈ ជូន​ប្រជាពលរដ្ឋ​ឱ្យ​បាន​ទាន់​ពេលវេលា និង​មាន​ប្រសិទ្ធភាព​។ រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម ជំរុញ​និង​អនុវត្ត​គោលនយោបាយ «​ភូមិ ឃុំ សង្កាត់​មាន​សុវត្ថិភាព​» ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ពិសេស​ការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន ចោរកម្ម ល្បែងស៊ីសង​គ្រប់​ប្រភេទ និង​បទល្មើស​ធនធានធម្មជាតិ នៅ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​គ្រប់គ្រង​។

ជាមួយ​គ្នា​នេះ លោក​អភិបាលខេត្ត​បាន​ជម្រុញ​ឲ្យ​អាជ្ញាធរ​ស្រុក យកចិត្តទុកដាក់​អំពី​ការ​ដាំ​ដើមឈើ និង​សម្អាត​សំរាម​តាម​ទីប្រជុំជន​និង​តាម​ដងផ្លូវ​នានា ពិសេស​លើ​ផ្លូវជាតិ​លេខ​៥ ផ្លូវ​ទៅ​កាន់​រមណីយដ្ឋាន និង​ផ្លូវ​ទៅ​កាន​ឃុំ​កំពង់​លួង ដើម្បី​ឲ្យ​មាន​សោភ័ណ​ភាព និង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ​មក​លេង​កំសាន្ត​៕

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>